បន្ទាយមានជ័យៈ ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី ​២៧​ មិថុនា​ កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​បុរស​សង្ស័យ​ម្នាក់ ពាក់ព័ន្ធ​រឿង​ទំនាស់​ព្រំដី​ដែល​ជនសង្ស័យ​ប្រើ​ពូថៅ​កាប់​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​ពីថ្ងៃ​ទី​ ២៦​ មិថុនា ប្រព្រឹត្ត​នៅ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

លោក ភឿង ម៉ាន់​សិង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​ប្រាប់ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ​២៧​ មិថុនា​ថា ​ស្ត្រី​រងគ្រោះ​ក្នុង​អំពើ​ឃាត​កម្មនេះ​ឈ្មោះ សួ សួង អាយុ​ ៧៤ ​ឆ្នាំ រស់នៅ​ភូមិ​ឃូ​ស្វាយ ឃុំ​បុស​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក​ថ្លែងថា​៖ «​យើង​បាន​ស្គាល់​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ​ហើយ​ហើយ​យើង​កំពុង​ស្វែងរក​ជនសង្ស័យ​យ៉ាងសកម្ម​បំផុត​ដែរ​។​ ការងារ​នេះ​កំពុងស្ថិត​ក្នុង​ប្រតិបត្តិការ​ហេតុដូច្នេះ​ហើយ​យើង​មិនទាន់​អាច​ប្រាប់​ពី​ឈ្មោះ​ជនល្មើស​បានទេ​។​យើង​ប្រើ​កម្លាំង​ពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​តាម​ចាប់​ជនល្មើស​»​។​

លោក ធឿន សុខា នាយរង​នគរបាល​ប៉ុស្តិ៍​ឃុំ​បុស​ស្បូវ ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី ​២៧​ មិថុនា​ថា ពាក់ព័ន្ធ​នឹង​អំពើ​ឃាត​កម្មនេះ​គឺ​កើតឡើង​ដោយសារ​ទំនាស់​ព្រំដី​ចម្ការ​ហើយ​រវាង​ផ្ទះ​របស់​ជនសង្ស័យ និង​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ​នៅ​ឆ្ងាយ​ពីគ្នា​ប្រមាណ​ជា​១០០​ ម៉ែត្រ​។ ចំពោះ​ស្ត្រី​រងគ្រោះ​ត្រូវបាន​ជនសង្ស័យ​ចូល​កាប់​ដល់ផ្ទះ​ចំនួន ​៤ ​ពូថៅ​ត្រូវ​ក្បាល មុខ និង​ដងខ្លួន​ស្លាប់​នៅ​កន្លែងកើតហេតុ ពេលដែល​ស្ត្រី​រងគ្រោះ​នៅផ្ទះ​ម្នាក់ឯង​៕