ភ្នំពេញៈ សមត្ថកិច្ច​ចម្រុះ​រាជធានី​ភ្នំពេញ បាន​ចុះ​ដកហូតយក​សត្វ​តោ​ឈ្មោល​រស់​មួយ​ក្បាល​ ដែលមាន​អាយុ​ជាង ១ ឆ្នាំ ពី​ជន​ជាតិចិន ហើយ​បាន​បញ្ជូន​​ទៅ​រក្សាទុក​នៅ​សួនសត្វ​ព្រៃភ្នំ​តា​ម៉ៅ បន្ទាប់ពី​ជនជាតិ​ចិនទាំងនោះ បាន​លួច​ចិញ្ចឹម​ដោយ​ខុស​ច្បាប់​​នៅក្នុង​លំនៅដ្ឋាន​របស់ពួកគេ។

ប្រតិបត្តិ​ការចុះ​ដកហូត​សត្វ​តោ​មួយ​ក្បាល​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២១ នៅក្នុង​ផ្ទះ​វីឡា​មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ ២២ ផ្លូវ ៣០៦ ភូមិ ៧ សង្កាត់​បឹង​កេងកង ១ ខណ្ឌ​បឹង​កេងកង ដោយមាន​កិច្ចសហការ​ជាមួយ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​មានការ​ចូលរួម​ពី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ Wildlife Alliance ព្រមទាំង​សមត្ថកិច្ច​ចម្រុះ​មូលដ្ឋាន។  

លោក គាំ សីហា នាយករង​ខណ្ឌ​ទទួលបន្ទុក​រួម​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៧ មិថុនា​ថា ដោយសារ​ទទួល​បានកា​រ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ជិតខាង​ អំពី​ការ​ចិញ្ចឹមសត្វ​តោ​នៅ​ក្នុងផ្ទះ​វីឡា​នេះ ទើប​សមត្ថកិច្ច សហការ​ជាមួយ​អាជ្ញារ​មូលដ្ឋាន ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ការចុះ​ដកហូតយក​សត្វ​តោ​ឈ្មោល​មួយ​ក្បាល​នោះ ដើម្បី​បញ្ជូនទៅ​ថែរក្សា​ទុក​នៅ​​សួនសត្វ​ភ្នំ​តា​ម៉ៅ។

លោកបាន​បន្ថែមថា ទន្ទឹមនឹង​ការដកហូត​នេះ សមត្ថកិច្ច ក៏​កំពុង​បន្ត​ការសាកសួរ​ជនជាតិ​ចិន និង​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត ជុំវិញព័ត៌មាននៃសត្វតោមួយក្បាលនេះ និង​ការ​លួច​ចិញ្ចឹម​ដោយ​ខុសច្បាប់​នៅក្នុង​លំនៅដ្ឋាន​​របស់​ពួកគេ​។

លោក បាន​បញ្ជាក់ថា៖‍​«នៅក្នុង​នីតិវិធី យើង​កំពុងធ្វើការ ដូច្នេះ​ចំពោះ​លទ្ធផល​យ៉ាង​ម៉ិច ចាំ​យើង​ប្រកាស​ជា​ក្រោយ​ទៀត ព្រោះ​យើង​ក៏​កំពុង​សួរនាំ​ព័ត៌មាន​ពី​ពួកគាត់ (ជនជាតិ​ចិន) បន្តទៀត។ ព័ត៌មាន​បឋម យើង​កំពុង​បន្ត​ស្រាវជ្រាវ​ពី​ប្រភព​សត្វ​តោ​នេះ ដោយ​យើង​មិនទាន់​ដឹង​គាត់ បាន​សត្វ​តោ​នេះ មកពីណា​ទេ គ្រាន់តែ យើង​ដឹងថា ក្នុង​មួយថ្ងៃ វា​បរិភោគ​​សាច់​ឆៅ​ប្រមាណ៦គីឡូក្រាម»។

បើតាម​លោក គាំ សីហា ប្រជាពលរដ្ឋ គឺ​មិនមាន​សិទ្ធិ​ក្នុងការ​ចិញ្ចឹម​សត្វព្រៃ​ដែលជា​ប្រភេទ​សត្វ​កម្រ ដែល​ផ្ទុយ​ពី​មាត្រា ៤៩ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ​នោះទេ ខណៈ​កថា​ខ័​ណ្ឌ២ ត្រង់ចំណុច៣ បាន​ចែងថា ការយក​ធ្វើជា​កម្មសិទ្ធិសន្និធិ ឬ​ថែ​រក្សា​​​ជា​លក្ខណៈ​សួនសត្វ ឬ​គ្រួសារ​នូវ​ប្រភេទ​សត្វ​ក្នុង​ក្រុម​ជិត​ផុត​ពូជ ត្រូវបាន​ហាមឃាត់។

លោក ញឹក រតន​ពេជ្រ ប្រធាន​ម​ជ្ឈ​ម​ណ្ឋ​ល​សួនសត្វ​ភ្នំ​តា​ម៉ៅ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា សត្វ​តោ​ឈ្មោល​មួយ​ក្បាល​នេះ ត្រូវបាន​បញ្ចូន​មកដល់​ភ្នំ​តា​ម៉ៅ​ហើយ ដោយ​តាម​ការពិនិត្យ​ជំហាន​ដំបូង សត្វ​តោ​ឈ្មោល​នេះ គឺមាន​ទម្ងន់​ប្រ​មាណ ៧០ ​គីឡូក្រាម និង​មាន​អាយុប្រមាណ ១ ឆ្នាំ កន្លះ។ ជាមួយនឹង​ការមកដល់​នៃ​សត្វ​តោ​នេះ លោក​បញ្ជាក់​​ថា មន្ត្រី​បានរៀបចំ​កន្លែង​មួយ​ដាច់ដោយឡែក​សម្រាប់​រក្សា​ទុក​សត្វ​នេះ ជាបណ្តោះអាសន្នសិន ដើម្បី​បម្រើ​ឲ្យ​ការអប់រំ និង​បរិស្ថាន ខណៈ​តាមការសិក្សាសត្វ​នេះ នឹង​មិនអាច​ព្រលែង​ឲ្យ​មាន​សេរីភាព​នៅក្នុង​ព្រៃ​ធម្មជាតិ​បាន​នោះទេ។

លោកបាន​រៀបរាប់ថា៖ «យើង​បានដាក់​វា ក្នុង​ទ្រុង​មួយ ដាច់ដោយឡែក​ពី​គេ​ត្រឹមត្រូវ​ហើយ។ បើ​និយាយ​ពី​ប្រ​វត្តិ​សត្វ​តោក្នុងព្រៃ​យើង គឺ​បាត់បង់​យូរហើយ។ ខ្ញុំ​មិនដែល​ទទួលបាន​ថា សត្វ​ប្រភេទ​នេះ មាន​ក្នុងព្រៃ​កម្ពុជា​នោះទេ។ នៅ​ពេល​ឃើញ​គេ​ចិញ្ចឹម​អ៊ីចឹង បានន័យថា តោ​នេះ ជា​ប្រភេទ​នាំចូល ដូច្នេះ​យើង​ប្រហែលជា​មិនអាច​ស្តា​លទ្ធភាព​វា ដើម្បី​ព្រលែង​ចូល​ក្នុងព្រៃ​ធម្មជាតិ​វិញ​ទេ»។

បើទោះជា​សត្វ​តោ​នេះ​ ត្រូវបាន​ជន​ជាតិចិន​ចិញ្ចឹមតាំងពីតូចៗមក​​ក្តី ក៏​លោក ញឹក រតន​ពេជ្រ បាន​អះអាងថា ក្រុម​អ្នក​ចិញ្ចឹមសត្វ មិនទាន់​ហ៊ាន​ចូល​ជិតស្និទ្ធ​សត្វ​តោ​នេះ​នោះទេ ដោយ​រង់ចាំ​ការសិក្សា​ស្វែងយល់​ពី​អត្ត​ច​រិ​ក និង​បង្កើត​ភាព​ស្និត​ស្នាល​ជាមុនសិន។

លោក នេត្រ ភ​ត្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​សម្តែង​ការ​សាទរ ​ចំពោះ​ក្រុមការងារ​អនុវត្ត​ច្បាប់​ចម្រុះ​ដែល​បាន​ចុះ​ដកហូត​សត្វ​តោ​មួយ​ក្បាល ដែលជា​ប្រភេទ​សត្វ​កម្រ​ត្រូវបាន​លួច​នាំចូល​ពី​ក្រៅប្រទេស​មក​ចិ​ញ្ចឹ​ម ដើម្បី​យកទៅឱ្យ​អ្នកជំនាញ​ថែរក្សា​ការពារ​បន្ត។

លោកបន្តថា៖«ក្រសួងបរិស្ថាន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា និង​អភិរក្ស​សត្វព្រៃ និង​កុំ​ព្យា​យាម​ចាប់​សត្វកម្រៗមក​ចិញ្ចឹម នៅតាម​ផ្ទះ​ដែលជា​សកម្មភាព​ខុសច្បាប់។ គួរ​ទុក​សត្វ​ទាំងនោះ​ឱ្យនៅ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ ដើម្បី​បង្កើន​ការបន្ត​ពូជ បង្កើន​ចំនួន​ប្រភេទ​សត្វកម្រ»។

ជាមួយគ្នា​នេះ លោក ភត្ត្រា បានសម្តែង​ក្តីបារម្ភ បើទោះជា​បច្ចុប្បន្ន​ មាន​ការការពារ និង​អភិរក្ស​តំបន់ការពារធម្ម​ជាតិ​​​បានល្អ​ប្រសើរ បាន​បង្កើតជា​ទីជម្រក​ប្រកបដោយ​សុវត្ថិភាព និង​មាន​ចំណី និង​ប្រភពទឹក​បានធ្វើឱ្យ​វត្តមាន​សត្វព្រៃ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ ដែលនាំឲ្យប្រភេទ​សត្វ​ខ្លះ​មានការ​កើនឡើង​ដូចជា​ស្វា​ត្រោស ជ្រូកព្រៃ ក្ងោក និងប្រភេទ​សត្វ​ខ្លះ​មាន​ចំនួន​ស្ថិរភាពក៏​ដោយ​ ប៉ុន្តែ​ប្រភេទ​សត្វ​ខ្លះទៀត​ក៏​បន្ត​មានការ​ថយចុះ​ដូចជា​សត្វ​ទន្សោង សត្វ​ឈ្លូស ខ្ទីង​ជាដើម។

តាម​លោក នេត្រ ភក្ត្រា ក្នុង​រយៈពេល ១៥ខែ​ចុង​ក្រោយនេះ អន្ទាក់​ប្រមាណ ៧០ ០០០ ត្រូវបាន​ដោះចេញ​ពី​តំបន់​ការពារធម្មជាតិ​ដែល​បាន​ជួយសង្គ្រោះ​សត្វព្រៃ​ជាច្រើន​ប្រភេទ ខណៈ​លោក មើលឃើញថា បញ្ហា​អន្ទាក់​ជា​កត្តា​គំរាមកំហែង​ផ្ទាល់​លើ​សត្វព្រៃ​បន្ថែម​ពីលើ​ការ​បរបាញ់​ដោយ​ខុសច្បាប់៕