ភ្នំពេញៈ ​ក្រុមគ្រួសារ​និង​សាច់ញាតិ ជនសង្ស័យ​ម្នាក់​បាន​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​បាត់ដំបង និង​សមត្ថកិច្ច​ជំនាញ​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​នានា បន្ត​អនុវត្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ដើម្បី​ឈានដល់​ការចាប់​ឃាត់ខ្លួន​និង​ផ្តន្ទាទោស​ចំពោះ​ជន​ប្រព្រឹត្ត​«​អំពើ​ទារុណកម្ម​» ដើម្បី​យក​ចម្លើយ​ពី​ជនសង្ស័យ​រហូតដល់​ស្លា​ប់។​

កាលពី​រសៀល​ថ្ងៃទី ​០៣ មេសា ​ឆ្នាំ​ ២០២១ ជនសង្ស័យ​ឈ្មោះ ពេជ្រ ធា​រ៉េត អាយុ​ ៣១ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បោះ​ពោធិ ឃុំ​អូរ​ដំបង​ ១ ស្រុក​សង្កែ​ខេត្តបាត់ដំបង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​សង្កែ ចាប់​ឃាត់ខ្លួន​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ប្រពន្ធ​របស់គាត់​បាន​ស្លាប់ ដោយ​ករណី​ឆក់​ខ្សែភ្លើង ដែល​អ្នកភូមិ​និង​សាច់ញាតិ​របស់​ប្រពន្ធ​គាត់​បានដាក់​ការសង្ស័យថា ជា​ទង្វើ​របស់គាត់​ដើម្បី​សម្លាប់​ប្រពន្ធ ដោយសារតែ​ក្ដី​«​ប្រចណ្ឌ​»​។​

នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ គឺ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ចាប់​យកទៅ​សួរចម្លើយ​គាត់​ក៏បាន​ស្លាប់ ហើយ​សមត្ថកិច្ច​បា​នស​ន្និ​ដ្ឋា​ន​ថា ការស្លាប់​របស់គាត់​ប​ណ្ដា​ល​មកពី​ «​ជំងឺ​គាំងបេះដូង ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​»​។

ប៉ុន្តែ​សាច់ញាតិ​របស់គាត់​បាន​សន្និដ្ឋាន​ដោយ​ដាក់​ការសង្ស័យថា ការស្លាប់​របស់គាត់​គឺ​បណ្ដាលមកពី​«​ការធ្វើ​ទារុណកម្ម​» ក្រោយពី​ពួកគេ បាន​ពិនិត្យឃើញ​សព​របស់គាត់​មាន​ស្នាមរបួស​បែក​ឈាម​ពេញ​ខ្លួន ខុសពី​សភាព​ដើម​[​ពេល​ចាប់ខ្លួន​]​ហើយក៏​បានដាក់​ពាក្យបណ្ដឹង​សុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ស្រាវជ្រាវ​ស្វែងរក​ការពិត​លើ​ករណីនេះ​។​

អ្នកស្រី ពេជ្រ លី​ណា ដែលជា​បងស្រី​បង្កើត​របស់​ជនសង្ស័យ​ឈ្មោះ ពេជ្រ ធា​រ៉េត បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៧ ខែ មិថុនា ឆ្នាំ ២០២១ ​ថា យោងតាម​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​ទារុណកម្ម​ដែល​បានប្រកាស​កាលពី​ថ្ងៃទី​ ១៦ ខែ មិថុនា ឆ្នាំ ២០២១ កន្លងទៅ​ថ្មីៗ​នេះ បាន​បង្ហាញថា ការស្លាប់​របស់​ប្អូនប្រុស​គាត់ គឺ បណ្ដាលមកពី​«​ការធ្វើ​ទារុណកម្ម​» ហួសប្រមាណ ដូច​អ្វីដែល​គាត់​និង​ក្រុមគ្រួសារ​បានដាក់​ការសង្ស័យ​តាំងពី​ដំបូង​មក​។​

អ្នកស្រី​បានបញ្ជាក់​ថា​៖ «​ប្អូនប្រុស​ខ្ញុំ​គ្រាន់តែ​ជា​ជនជាប់សង្ស័យ​ប៉ុណ្ណោះ មិនមែនជា​ពិរុទ្ធជន​នោះទេ ការធ្វើ​ទារុណកម្ម ដើម្បី​យក​ចម្លើយ គឺជា​អំពើ​ខុសច្បាប់​។ ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​តាម​នីតិវិធី ដើម្បី​ផ្ដល់​ភាពយុត្តិធម៌​ដល់​ប្អូនប្រុស​របស់ខ្ញុំ​វិញ​»​។

អ្នកស្រី​បាន​រៀបរាប់ថា នៅពេល​គេ​ចាប់​វាយខ្នោះ​ប្អូនប្រុស​គាត់​យកទៅ​សួរចម្លើយ​នោះ គឺ ប្អូនប្រុស​របស់គាត់​ស្លៀក​ខោអាវ​ពណ៌​ខ្មៅ ជើងវែង​និង​ដៃ​វែង និង​គ្មាន​ស្លាក​ស្នាមរបួស​ទាំងអស់​។ ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​ប្រាប់ថា​ប្អូនប្រុស​របស់គាត់​ស្លាប់ ស្រាប់តែ​ឃើញ​សាកសព​មាន​ស្នាមរបួស​ធ្ងន់ធ្ងរ ដែល​អាច​ឲ្យ​គាត់​សន្និដ្ឋានថា បណ្ដាលមកពី​ការធ្វើ​ទារុណកម្ម មិនមែន​បណ្ដាលមកពី គាំងបេះដូង​ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន​ហួសប្រមាណ​ដូច​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​ឡើយ​។​

យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​ចុះ​ថ្ងៃទី​ ១៦ មិថុនា ឆ្នាំ​ ២០២១ ស្ដីពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ករណី​ជនសង្ស័យ​ឈ្មោះ ពេជ្រ ធា​រ៉េត ដែល​បាន​ស្លាប់​ពេល​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​ ៣ ខែ មិថុនា ឆ្នាំ​ ២០២១ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ថ្ងៃទី​ ២៧​ ខែមិថុនា បាន​បង្ហាញថា ជនសង្ស័យ​អាចមាន​ការធ្វើ​ទារុណកម្ម​ស្រាល ឬធ្ងន់​ទៅលើ​ជនសង្ស័យ​អំឡុងពេល​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ខណៈដែល​ជនសង្ស័យ​កំពុងមាន​អាកា​រៈ​ឡេះឡោះ​រំខាន​ដល់​មន្ត្រី​នៅ​ទីនោះ​។​

ជាមួយគ្នានេះ គណៈកម្មាធិការ​នេះ​បានស្នើ​ជាពិសេស​ដល់​អគ្គស្នងកា​រ​នគរបាលជាតិ​បើក​ការស៊ើបអង្កេត​បន្ថែម លើ​ករណីនេះ​ដើម្បី​ស្វែងរក​ការពិត​ក៏ដូចជា​ឲ្យ​មានការ​ទ​ទូល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​ក្នុងករណី​មាន​ធ្វើ​ទារុណកម្ម ឬ អំពើ​មិន​គប្បី​ឯទៀត​ដែល​បណ្ដាល​ឲ្យ​លោក​ពេជ្រ ធា​រ៉េត ស្លាប់​នេះ​។​

នៅក្នុង​ការស៊ើបអង្កេត​លើ​ករណី​ខាងលើនេះ ក្រុមការងារ​អធិការកិច្ច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​ទារុណកម្ម បាន​ជួបពិភាក្សា និង​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​ប្រភព​ចំនួន ​០៨​ គោលដៅ រួមមាន​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ដំបង​ ១ សាច់ញាតិ​និង​សាក្សី​នៅក្បែរ​ផ្ទះ​ពេជ្រ ធា​រ៉េត​(​អ្នកស្លាប់​) អនុប្រធាន​ភូមិ​បោះ​ពោធិ គណៈកម្មការ​កោសល្យ​វិ​ច្ច័​យ តំណាង​សហគម​ន៏​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។​

ជុំវិញ​ករណីនេះ លោក ​ស៊ុន សុវណ្ណ​ អធិការ​ស្រុក​សង្កែ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា​ គាត់​មិនដែល​ចេញ​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​ទារុណកម្ម​ជនសង្ស័យ ឬជន​ត្រូវ​ចោទណា​ម្នាក់ ដើម្បី​ទទួលបាន​ចម្លើយសារភាព​នោះទេ ហើយ​ការសន្និដ្ឋាន​ចំពោះ​ករណី​ស្លាប់​របស់​ជនសង្ស័យ​ឈ្មោះ ពេជ្រ ធា​រ៉េត ថា​បណ្ដាលមកពី គាំងបេះដូង​ក្រោម​ឥទ្ធិពល​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​នោះ ក៏​មិនមែនជា​ការសន្និដ្ឋានរ​បស់​លោក​ដែរ តែ​ជាការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​សាកសព​។​

លោក​បាន​ថ្លែងថា​៖ «​ទោះជា​បែបណាក៏ដោយ ក្នុងនាម​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ ខ្ញុំ​ក៏ត្រូវ​ទទួលខុសត្រូវ​ផងដែរ ប្រសិនបើ​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម ឬក្រុមការងារ​អធិការកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​រកឃើញថា​ការស្លាប់​របស់​ជនសង្ស័យ​ឈ្មោះ ពេជ្រ ធា​រ៉េត​នោះ​ពិតជា​បណ្ដាលមកពី​ការធ្វើ​ទារុណកម្ម​យ៉ាងពិត​ប្រាកដ​មែន​នោះ​»​។​

លោក យិន ម៉េង​លី អ្នកសម្របសម្រួល​សមា​គម សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​បាត់ដំបង​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ថ្វីត្បិតតែ​លទ្ធផល​បឋម​រប​ស់គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​ទារុណកម្ម​នៅមាន​ភាពមិនច្បាស់លាស់ ប៉ុន្តែ​បានបង្ហាញ​សញ្ញា​មួយ ដែល​ឆ្លុះបញ្ចាំង​អំពី​ភាពមិនប្រក្រតី​នៃ​ការកសាង​សំណុំរឿង​ភូតកុហក់​ជា​លក្ខណៈ​ប្រព័ន្ធ​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅពេល​ពេល​ប្រព្រឹត្ត​ទង្វើ​ឆ្គាំឆ្គង​ឬ​មិន​ស្របច្បាប់​អ្វីមួយ ដែល​នាំ​ឲ្យ​ពលរដ្ឋ​ឈឺចាប់ និង​ខឹងសម្បារ​ចំពោះ​រាជរដ្ឋាភិបាល​។​

លោក​សង្ឃឹមថា ថ្នាក់ដឹកនាំ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​នាំខ្លួន​ជន​ប្រព្រឹត្ត​ទារុណកម្ម លើ​ជនសង្ស័យ​ឈ្មោះ ពេជ្រ ធា​រ៉េត រហូតដល់​ស្លាប់ ទៅ​ផ្ដន្ទា​ទោម​តាមផ្លូវ​ច្បាប់​៕