ក្រចេះ: កូរ៉េខាងត្បូង​បាន​ប្រគល់​អគារសិក្សា​ថ្មី​១ខ្នង​ដែល​បំពាក់​ទៅ​ដោយ​សម្ភារ​ទំនើប​ដល់​សាលា​បឋម​សិក្សា​ហ៊ុន​សែន​ហាន់ជ័យ​ក្រោម ​ស្ថិតក្នុ​ងឃុំហាន់​ជ័យ​ ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ ដែល​ជា​ការនាំ​មក​​នូវ​ប្រព័ន្ធ​​អប់រំ​ទំនើប​សម្រាប់​សិស្ស​នៅ​តំបន់​ជន​បទ​មួយ​នេះ​។

អង្គការ​ឆាល​ហ្វាន់ (ChildFund) កម្ពុជា​បាន​ឱ្យដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី ​២៥ ​ខែមិថុនាថា​៖« ​ថ្ងៃនេះ ​អគារ​សិក្សា​ថ្មី​សន្លាង​មួយ​ខ្នង​ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​និង​ប្រគល់ជូន​សាលា​បឋម​សិក្សា​ជនបទ​មួយ​ក្នុងស្រុក​ឆ្លូង​»​។

លោក ប៉ែន​ លីណាត​ អភិបាលរង​និង​ជាអ្នក​នាំពាក្យ​សាលា​ខេត្ត​ក្រចេះ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៧ ​ខែមិថុនា​ថា ការ​ជួយ​ឧបត្ថម្ភ​អគារ​សិក្សា​បន្ថែម​របស់​អង្គការឆាលហ្វាន់​នេះ​ គឺ​ជា​ការ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ជាមួយ​រដ្ឋាភិ​បាល ហើយ​នឹង​ធ្វើឱ្យ​កុមារ​នៅ​តំបន់​ជន​បទ​នេះ​ ទទួល​បាន​ការ​អប់រំ​ល្អ​ប្រសើរ​។

អគារ​សិក្សា​ថ្មី​នេះ​ ជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំតាម​រយៈ​គម្រោង​ដែលមាន​ឈ្មោះ​ថា «​​ងាយ​ស្រួល​រៀន​»ដែល​បង្កើ​តឡើង​ដោយ​អង្គការ​ឆាល​ហ្វាន់​កម្ពុជា​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហប្រតិ​បត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ពី​ឆ្នាំ ២០១៩​ ដល់​ ២០២១​។

គម្រោង​នេះ​បាន ​និង​កំពុង​អនុវត្ត​ដោយ​អង្គការ​ដៃគូ​ក្នុងស្រុក​មួយ​ឈ្មោះថា​ សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​តាម​ជនបទ​ដែល​ហៅ​កាត់​ថា​ កាហ្វ​ដុក (KAFDOC)​ និង​មាន​គោល​បំណង​ ដើម្បី​ធានាថា​កុមារ​គ្រប់រូប​បាន​ចូលរៀន​ប្រកប​ដោយ​គុណភាព​តាមរយៈ​ការប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប​ កំណែ​ទម្រង់​វិធីសាស្ត្រ​បង្រៀន​ និង​រៀន​ ព្រមទាំង​ពង្រឹង​ការ​ចូល​រួម​ពី​សហ​គមន៍​។

អង្គការ ​ឆាល​ហ្វាន់​ បាន​បញ្ជាក់​ថា ​កុមារ​ប្រមាណ​ជាង​៦០០០​នាក់​ នៅ​តាម​សាលា​បឋម​សិក្សា​ចំនួន ១៧ បាន​ទទួល​ផល​ពី​គម្រោងនេះ ​ហើយ​បុគ្គលិក​សិក្សា​ប្រមាណ​ ២៨៤​ នាក់​ ត្រូវ​បាន​ពង្រឹង​សមត្ថ​ភាព​ក្នុង​ការ​បង្រៀន​ និង​គ្រប់​គ្រង​សាលារៀន​។

បើតាម​អង្គការ​ ឆាល​ហ្វាន់​ ក្រៅ​ពី​អគារ​សិក្សា ​គម្រោង​បាន​សាង​សង់​អគារ​បណ្ណាល័យ​ទំនើប​ដាច់​ដោយ​ឡែក​ចំនួន៧,​អគារ​បង្គន់​អនា​ម័យ​តភ្ជាប់​ប្រព័ន្ធ​ទឹក​ចំនួន​៧,កន្លែង​ខួង​អណ្តូង​ប្រើ​សូឡា​ចំនួន​២,​អណ្តូងកែលម្អ​ថ្នាក់រៀន​ឱ្យ​ទៅ​ជា​បណ្ណា​ល័យ​ចំនួន៥,បន្ទប់​រៀបចំ​កុំព្យូទ័រ​ចំនួន​៣​ដោយ​បំពាក់​កុំព្យូទ័រ​លើ​តុ៤៨គ្រឿងនិង​ផ្តល់​សៀវភៅ​អាន​ជាង​ ២៣ ​០០០, ​កុំព្យូទ័រ​យួរដៃ​ចំនួន ១៧ ​គ្រឿង​, សម្ភារ​សិក្សា​ផ្នែក​អំណាន​ និង​គណិត​វិទ្យា​ចំនួន​ ១១៩, ​ហិបនិង​ថេប្ល៊ិត (Tablet) ដែល​ដំឡើង​កម្មវិធី​អំណាន​ខ្មែរ​ចំនួន​ ២៩៤​ គ្រឿង​។

គម្រោង​ក៏បាន​បណ្តុះ​បណ្តាល​ជំនាញ​ដឹកនាំ​ និង​គ្រប់គ្រង​សាលា​រៀន​ដល់​គណៈក​ម្មការ​គ្រប់​គ្រង​សាលា​រៀន និង​វិធី​សាស្ត្រ​បង្រៀន​ដល់​លោក​គ្រូ​អ្នក​គ្រូដោយ​សហការ​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​មន្ទី​រអប់រំ​ខេត្ត ​សាលា​គរុកោស​ល្យនិង​វិក្រឹត​ការខេត្ត​និង​ការិយា​ល័យ​អប់រំ​ស្រុក​ ដើម្បី​ពង្រឹង​គុណភា​ពអំណាន​ថ្នាក់ដំបូង​របស់​កុមារ​និង​ជួយ​ចូលរួម​សម្រេច​នូវ​ផែន​ការ​យុទ្ធ​សាស្ត្រ​របស់​ក្រសួង​អប់រំ យុ​វជន​ និង​កីឡា (២០១៩-២០២៣)​។

លោ​ក វ៉ា ថន​ អភិបាលខេត្ត​ក្រចេះ​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ ​និង​ប្រគល់​អគា​រនេះ​ថា អគារសិក្សា​ថ្មី​នេះ​ជា​សមិទ្ធផល​ថ្មី​សន្លាង ១ ទៀត​ ដែល​បាន​បង្ហាញ​ពី​កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការ​កែលម្អ​ប្រព័ន្ធ​អប់រំ​នៅ​​កម្ពុជា​​។

លោក​​ថ្លែង​ថា​៖ «​សាលា​កុមារ​មេត្រីពុំ​អាច​សម្រេច​លទ្ធផល​ល្អប្រសើរ​បាន​ឡើយ ​ប្រសិន​បើ​គ្មាន​ការជួយ​គាំទ្រ​ផ្នែក​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍​ដូច​ជា ក​យកា (KOICA) និង​អង្គការ​ឆាលហ្វាន់ហើយ​ជា​ភ័ព្វសំណាង​សម្រាប់​កុមារ​ជនបទ​ដូចជា​​នៅ​ស្រុក​ឆ្លូង​នេះដែរ​ ដែល​មាន​ឱកាស​បាន​រៀន​សូត្រ​ក្នុង​អគារ​សិក្សា​ថ្មីដែល​បំពាក់​ដោយ​សម្ភារ​ទំនើប​ជា​ច្រើន​»​។

លោក​ ប្រាស្សាន វើម៉ា ​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គ​ការ​ឆាល​ហ្វាន់​កម្ពុជា​ថ្លែង​ក្នុង​ពិធី​នេះ​ដែរថា ​គម្រោង​នេះ​ត្រូវបាន​បង្កើត​ឡើង​ ដើម្បី​ធានា​ថា កុមារ​ក្នុង​តំបន់​ដាច់​ស្រយាល​អាច​ទទួល​បាន​នូវ​ការអប់រំ​ប្រកប​ដោយ​គុណ​ភាពដូច​កុមារ​នៅតាម​ទីក្រុង​ដែរ​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​ធ្វើការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការកែទម្រង់​ប្រព័ន្ធ​អប់រំជាពិសេស​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គោល​នយោ​បាយ​សាលា​កុមារ​មេត្រី​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​អង្គការ​ឆាល​ហ្វាន់​បញ្ជាក់​ថា ​គម្រោង​នេះ​បាន​ផ្តួចផ្តើម​វិធីសាស្ត្រ​ និង​បច្ចេក​វិទ្យា​ទំនើប​រួមទាំង​ការជួយ​កុមារ​ឱ្យ​រៀន​បាន​ប្រសើរ​តាមរយៈសិស្ស​ធំ​ជួយ​បង្រៀន​សិស្ស​តូចការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ព័ត៌មាន​ក្នុងការ​បង្រៀន​និង​រៀន​ការប្រើ​ប្រាស់​ថេប្ល៊ិត (Tablet) ដើម្បី​តាម​ដាន​ និង​វាយតម្លៃ​លទ្ធ​ផល​សិក្សា​របស់​សិស្ស​ និង​ការប្រើ​ប្រាស់​កម្មវិធី​លើ​ថេប្ល៊ិត​ដើម្បី​ទាក់​ទាញ​កុមារ​ឱ្យ​សិក្សា​ជា​ដើម​។

លោក ​រ៉ូ យុន​ជុន​ នាយក​ប្រចាំ​ប្រទេស​នៃ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​កូរ៉េ(​កយកា)បាន​ថ្លែង​ថា ​(កយ​កា) មាន​មោទន​ភាព​ក្នុង​ការ​សហការ​ជាមួយ​អង្គ​ការ​ឆាល​ហ្វាន់ និង​អង្គការ​កាហ្វដុក​សម្រាប់​គម្រោង​កែលម្អ​វិស័យ​អប់រំ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​សប្បាយ​ចិត្ត​ដែល​បាន​ឃើញ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​ពង្រឹងគុណភាព​អប់រំ​ទោះ​នៅ​ក្នុង​កាលៈទេសៈ​ដ៏លំបាក​នៃ​ជំងឺ​រាត​ត្បាត​ជា​សកល​ក៏ដោយ​។ ខ្ញុំ​សង្ឃឹម​ថា អគារ​សិក្សា​ថ្មី​នេះ ​នឹង​ក្លាយ​ជា​កន្លែង​ដែល​កុមារ​អាច​សម្រេច​បាន​នូវ​សុបិន​ក្នុង​កា​រអភិវឌ្ឍ​ពិភព​លោក​នា​ថ្ងៃ​អនាគត​»៕