មណ្ឌលគិរី​៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​ នៅថ្ងៃ​ ២៦ ​មិថុនា ​បានសម្រេច​ចោទប្រកាន់​ និង​ឃុំ​ខ្លួន​មន្រ្ដី​យោធា ​និង​មន្រ្ដី​នគរបាល​ចំនួន​៩នាក់​ពាក់ព័ន្ធ​បទ​ល្មើស​ព្រៃឈើ ​និង​ករណី​ឃុបឃិត​ជាមួយ​ជន​ជាតិ​វៀតណាម​នាំ​ឈើ​ចេញ​ខុស​ច្បាប់​នៅ​តំបន់​អូរហ៊ុច​ស្ថិត​ក្នុង​ភូមិ​អូរអាម ​ឃុំស្រែខ្ទុម​ ស្រុក​កែវសីមា។ នេះ​បើ​តាម​មន្រ្ដី​នាំពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី។​

លោក​ ស៊ាវ ងីឈាន់ ​ព្រះរាជ​អាជ្ញារង ​និង​ជាអ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ នៅថ្ងៃ​ទី ២៧​ មិថុនា​នេះថា ​សំណុំរឿង​មន្រ្ដី​យោធា​និង​មន្រ្ដី​នគរបាល​ចំនួន៩នាក់​ត្រូវបាន​ចោទ​ប្រកាន់​តាម​ច្បាប់​ស្ដីពី​កិច្ច​ការពារ​បរិស្ថាន​និង​ការគ្រប់គ្រង​ធន​ធាន​ធម្មជាតិមាត្រា ៥៩ ​ច្បាប់​ស្ដីពី​ព្រៃឈើ ​មាត្រា ១០០ ​និង​៩៨ ​និង​ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជាមាត្រា ​៥៨៦។

លោក​បានថ្លែងថា​៖ «ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​ ១២ នាក់​ ក្នុង​នោះ​យើង​បាន​បញ្ជូន​ជន​ត្រូវ​ចោទ​ចំនួន៩នាក់​ដែលជា​មន្រ្ដី​យោធា ​និង​មន្រ្ដី​នគរបាល​ការពារ​ព្រំដែន​គោក​អូរហ៊ុច​ចំនួន ​៩ នាក់ ​ទៅ​ឃុំខ្លួន​ហើយ​កាលពី​ថ្ងៃទី​ ២៦ ខែ​មិថុនា​នេះ។ ចំណែក​ជនសង្ស័យ ​៣ នាក់​ផ្សេង​ទៀត​ ក្នុង​នោះ​ជនជាតិ​ខ្មែរ​១នាក់ ​និង​ជនជាតិ​វៀតណាម ​២ នាក់​បានរត់​គេច​ខ្លួន»។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ​មនុស្ស​ទាំង​៩នាក់ ​ដែល​មន្ត្រី​ជំនាញ​បានកសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ក្នុង​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​អូរហ៊ុច ​ហើយ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ​និង​ឃុំខ្លួន​នេះ ​រួមមាន​ ទី១- ​ឈ្មោះ ​អ៊ុក ណាខៃ ​ជាមេបញ្ជាការ ​គ២ ​នៃ​វរសេនា​តូច​លេខ ​២។ ទី២- ​ឈ្មោះ​ឡឹក ញែក ​បញ្ជាការរង​ទទួល​ខ ២​ ខ៣។ ទី៣​- ឈ្មោះ ​វ៉ាន់ ចន្ធារី ​មេបញ្ជាការ​ខ ២ ​ប្រចាំការ​នៅ​ចំណុច​អូរហ៊ុច។ ទី៤- ​ឈ្មោះ​លាង ភារ័ត្ន ​នាយប៉ុស្តិ៍​នគរ​បាល​ការពារ​ព្រំដែន​គោក​អូរហ៊ុច។ ទី៥- ​ឈ្មោះ​ ព្រុំ វណ្ណៈ ​នាយរង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​អូរហ៊ុច។ ទី៦​- ឈ្មោះ ផាត សុខឡេង ​នាយរង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​អូរហ៊ុច។ ទី៧​- ឈ្មោះ អ៊ាង ចាន់ឌី ​មន្ត្រី​ទទួល​បន្ទុក​ការងារ​វិស្វកម្ម​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន។ ទី៨​- ឈ្មោះ​ ឌួង ចាន់វីរៈ ​ជាមន្ត្រី​យោធា ​និង​ទី៩- ​ឈ្មោះ​ ផន សុផល ​ជាមន្ត្រី​យោធា។

លោក​ ស៊ាវ ងីឈាន់ ​ឱ្យដឹង​ថា ​ចៅក្រម​ស៊ើបសួរ​ សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ជាមន្រ្ដី​យោធា ​និង​មន្រ្ដី​នគរ​បាល​ទាំង​៩នាក់ ​ពីបទ​រួមគំនិត​ក្នុង​អំពើ​នាំចេញ​ផល​អនុផល​ព្រៃ​ឈើ​ដែល​គ្មាន​អាជ្ញាប័ណ្ណ។ ធ្វើ​សកម្មភាព​ទាំង​ឡាយ​ណា​ដើម្បី​ធ្វើ​អន្តរាគមន៍​ផ្តល់​ការអនុញ្ញាត​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ព្រៃ​ឈើ។ ជួយ​សម្រួល​ក្នុង​ការចូល​មក​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ដោយ​លួច​លាក់។ ជន​សង្ស័យ​ទាំង៩​ខាងលើ​ត្រូវបាន​តំណាង​អយ្យការ​ស្នើសុំ​ឃុំ​ខ្លួន​ហើយ។​ចំណែក​ជន​សង្ស័យ​ឈ្មោះ​ម៉ែន ធឹម ​ជាអ្នក​បើកបរ​រថយន្ត​របស់​បញ្ជាការ​វិស្វកម្ម​មិនចូល​ខ្លួន​មក​បំភ្លឺ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ចាត់​វិធានការ​សំដៅ​រារាំង​ការអនុវត្ត​ច្បាប់។

រីឯ​ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​ ២ នាក់​ទៀត ​ឈ្មោះ​ប៉ិក ​ឈ្មោះ​ជី ​និង​បក្ខពួក ​ដែល​បាន​រត់គេច​ខ្លួន ត្រូវ​បាន​ចោទ​ពីបទ​កាប់​ប្រមូល ​ដឹកជញ្ជូន ​ធន​ធាន​ធម្មជាតិ​ និង​នាំចេញ​ផល​អនុផល​ព្រៃឈើ ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ចូលមក​ក្នុង​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​ដោយ​លួច​លាក់។

លោក ​កែវ សុភគ៌ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​មណ្ឌល​គិរី​ឱ្យដឹង​ថា ​មុន​ឈាន​ដល់​ការបង្ក្រាប​បាន​នូវ​បទល្មើស​ធនធាន​ធម្មជាតិ​មួយនេះ ​រហូត​ឈាន​ដល់​ការឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​បន្ត​បន្ទាប់ ​គឺ​មន្ត្រី​ឧទ្យានុរក្ស​បានល្បាត​ប្រទះឃើញ​នូវ​គំនរ​ឈើ​ជា​ច្រើន​នៅ​ចំណុច​អូរហ៊ុច ​នៅ​ភូមិ​អូរអាម ​ឃុំ​ស្រែ​ខ្ទុម ​ស្រុក​កែវ​សីមា។ បន្ទាប់មក​នៅ​ថ្ងៃទី ១៩​ មិថុនា ២០២១​ ក្រុម​ការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ ថ្នាក់​ស្រុក ​និង​កម្លាំង​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​កែវសីមា ​ដឹកនាំ​ដោយ​ព្រះរាជ​អាជ្ញារង​ សាលា​ដំបូង​ខេត្ត​បានចុះ​ទៅ​បង្ក្រាប​ដល់​ទីតាំង​ផ្ទាល់។

លោក​បន្តថា ​ពេល​កំពុង​ធ្វើដំណើរ​ចុះ​ប្រតិបត្តិការ​មកដល់​ចំណុច​ជិត​ស្ពាន​អូរហ៊ុច ​មាន​អេស្កាវាទ័រ​ចំនួន​ ២ គ្រឿង ​និង​រថយន្ត​បែន​ដឹកដី​ចំនួន ​១ គ្រឿង ​របស់​កងវិស្វកម្ម​បានចត​តម្រៀប​សងខាង​ផ្លូវ ​ធ្វើឱ្យ​រាំង​ស្ទះ​ដល់​ការ​អនុវត្ដ​ច្បាប់​របស់​កង​កម្លាំង​ចម្រុះ។

លោក​ សុភគ៌ ​ថ្លែង​ថា​៖ «នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​អូរហ៊ុច​នេះ ​ក្រុម​ការងារ​បានពិនិត្យ ​និង​ប្រទះ​ឃើញ​មាន​ស្នាម​ដាន​ត្រាក់ទ័រ​អូស​ដឹក​ឈើ​ឆ្លងកាត់​ព្រំដែន​ចូលទៅ​ប្រទេស​វៀតណាម ​និង​ប្រមូលបាន​វត្ថុតាង​ជា​ច្រើន​ដូចជា ​គំនរ​ឈើមូល ​និង​ឈើ​អារ​ប្រភេទ​លេខ ១ ​(ស្រឡៅ ​និង​សុក្រម)​ ចំនួន ​២៥២ កំណាត់។ ត្រាក់ទ័រ​ចំនួន​ ២ ​គ្រឿង ​ម៉ូតូ​ចំនួន ​២ គ្រឿង ​រណាយន្ត​១គ្រឿង ​និង​ជំរំ​អារឈើ​ចំនួន​ ៦ កន្លែង។ ពុំ​ជួប​ជនសង្ស័យ ​ហើយ​ក្រុម​ការងារ​បាន​ធ្វើ​ការរុះរើ​បំផ្លាញ​ចោល»។

បើ​តាម​លោក​ សុភគ៌ ​តាម​ការពិនិត្យ​អង្កេត​ស្ថានភាព​ភូមិសាស្ត្រ​ទីតាំង​កើតហេតុ ​និង​កន្លែង​អូស​ដឹកឈើ​ឆ្លង​អូរ​ចូល​ប្រទេស​វៀតណាម ​គឺ​មាន​ចម្ងាយ​ត្រឹមតែ​ ៦០០ ម៉ែត្រ ​ទៅ​ ៨០០ ម៉ែត្រ​ប៉ុណ្ណោះ ​ពី​ប៉ុស្តិ៍​នគរបាល ​និង​ប៉ុស្តិ៍​យោធា​ការពារ​ព្រំដែន​គោក​អូរ​ហ៊ុច៕