ភ្នំពេញៈ ក្រសួងសង្គមកិច្ច បានប្រកាសដាក់ឲ្យប្រើប្រាស់​នូវ​ប្រព័ន្ធគ្រប់​គ្រង​ព័ត៌មាន​​កិច្ចការពារកុមារ​នៅ​កម្ពុជា (CPIMS) ខណៈ​មានការ​រកឃើញថា ចំនួនកុមារកំពុងរស់​នៅ​ក្នុងមណ្ឌល​​ថែទាំ​ បានថយចុះ ៥៩ ភាគរយ បើធៀបនឹង ៥ ឆ្នាំមុន។

ប្រព័ន្ធ CPIMS ត្រូវបានបង្កើតឡើង​​ក្រោម​​ការគាំទ្រពីអង្គការយូនីសេហ្វ (UNICEF) ទីភ្នាក់ជំនួយ​អាមេរិក USAID សហភាពអឺរ៉ុប និងអង្គការ​ដៃគូដទៃទៀត ដែល​មានសូចនាករចំនួន ៥០ នៃវិស័យ​ស្នូល​ចំនួន ៥ ដែលពាក់ព័ន្ធនឹង​កិច្ចការពារកុមារ ស្ថិតក្រោមដែន​សមត្ថកិច្ចក្រសួង ស្ថាប័នចំនួន ១៤ និងអង្គការដៃគូចំនួន ២។

ប្រព័ន្ធព័ត៌មាននេះនឹងអនុញ្ញាតឲ្យក្រសួងស្ថាប័នអង្ភភាព​ផ្តល់សេវាទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល អ្នកស្វែងរកព័ត៌មាន និងសាធារណៈជនអាចទាញយកព័ត៌មាន និង​ទិន្នន័យ​​ស្តីពីវឌ្ឍនភាព​ នៃការផ្តល់សេវាការពារកុមារ​​ទៅប្រើប្រាស់ក្នុងការរៀបចំគោលនយោបាយ ផែនការសកម្មភាព​របាយការណ៍​វាយតម្លៃ ដើម្បី​គំាទ្រនិង​គាំពារកុមារ​។

លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៧ ខែ​មិថុនាថា ការ​រៀបចំ​ប្រព័ន្ធ​នេះ​ឡើង គឺ​ដោយសារ​កន្លងមក​មាន​ក្រសួង​ ស្ថាប័ន​ផ្សេងៗ​គ្នា​​ជាច្រើន​ អនុវត្ត​​​កិច្ចការពារ​កុមារ ដូចជា​ក្រសួង​អប់រំ ក្រសួង​សុខាភិបាល និង​ក្រសួង​កិច្ចការ​នារី​ជាដើម ហើយ​ទិន្នន័យ​ពាក់ព័ន្ធ​កិច្ចការពារ​កុមារនេះ ​​មិន​ផ្តុំ​គ្នា​នៅ​មួយ​កន្លែងនោះទេ​ គឺ​វា​ស្ថិត​នៅតាម​ក្រសួង​ផ្សេងៗ។

លោក​ថ្លែង៖ «ហេតុផល​ទាំងអស់ហ្នឹង​​ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​គំនិត​ផ្តួចផ្តើម គឺ​ចង់​ចង​ប្រព័ន្ធ​ទិន្នន័យ​មួយ​ឱ្យនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​សង្គមកិច្ច ទោះជា​ផ្នែកណា​ក៏​ដោយ​​ ឱ្យ​តែ​ពាក់ព័ន្ធ​កិច្ចការពារ​កុមារ​ គឺនៅ​ក្នុង​ប្រព័ន្ធ​រួចហើយ ដោយ​មានការ​គាំទ្រ​ពី​ដៃគូ។ នេះ​ជាហេតុផល​ដែល​យើង​ធ្វើ​អាហ្នឹង»។

លោក តូច ចាន់នី បន្តថា៖ «អីចឹង យើង​គ្រប់គ្រងបាន។ អ៊ីចឹងប្រព័ន្ធទិន្នន័យនេះចេញពីទី​ណាមកគឺក្នុងទីតាំងរបស់យើងដែរ។ អ៊ីចឹងចេញពីច្រក​ណា​ក៏ត្រូវ​ចូលទីតាំងហ្នឹង​ដែរ។​គ្រប់ក្រសួង​ទាំងអស់​គាត់​មាន​ទិន្នន័យ​​គាត់​ត្រូវផ្ញើចូល​ទៅក្នុង​ប្រព័ន្ធហ្នឹង។ អ៊ីចឹងក្រសួង​សង្គមកិច្ច​ជាអ្នក​កាន់សង់ត្រាល់ (Central) ហ្នឹង។ អ៊ីចឹងពាក់ព័ន្ធកិច្ចការពារកុមារកន្លែងណា​ក៏​យើង​ដឹង​ដែរ»។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួង​សង្គមកិច្ចនិង​អង្គការ​យូនីសេហ្វកាល​ពី​ថ្ងៃទី​ ២៥ ខែ​មិថុនា បញ្ជាក់ថា ប្រព័ន្ធ CPIMS វាស់វែងវឌ្ឍភាព នៃការការពារកុមារ និង​​ត្រូវបានរៀបចំ​ទិន្នន័យជាទម្រង់ឌីជីថល ដែល​ផ្តល់ភាព​ងាយស្រួល ក្នុងការ​ចូលស្វែងរកទិន្នន័យតាមតម្រូវការ។

សេចក្តី​ប្រកាស​ព័ត៌មាន ​បញ្ជាក់ថា សូចនាករទាំង ៥០ ត្រូវបានប្រើប្រាស់ សម្រាប់ការតាមដាន និងវាយតម្លៃវឌ្ឍនភាព នៃកិច្ចការពារកុមារ។ ប្រព័ន្ធថ្មីនេះជួយ​បំពេញចំណុចខ្វះខាតដែលជាធាតុ​ចូលដ៏មានសារសំខាន់ និងចាំបាច់សម្រាប់ការអភិវឌ្ឍប្រព័ន្ធការពារ​កុមារដែល​ប្រកបដោយ​ប្រសិទ្ធភាព។

សេចក្តី​ប្រកាស​រួម​បាន​ឱ្យ​ដឹងថា ក្រសួងសង្គមកិច្ច មានសេចក្តី​សោមនស្ស​រីករាយ ដែលបាន​ប្រកាស​ដាក់​ឲ្យដំណើរការ ផ្ទាំងព័ត៌មាននៃប្រព័ន្ធ CPIMS នេះនិងសូមថ្លែង​អំណរគុណ ដល់ក្រសួងស្ថាប័ន​ដែលបានសហការរៀបចំនូវឧបករណ៍ដ៏មានអត្ថប្រយោជន៍នេះ ដើម្បី​ផ្តល់​សេវាឱ្យកាន់តែប្រសើរឡើង និងសូមថ្លែងអំណរគុណ ដល់អង្គការ​យូនីសេហ្វ ដែល​បានផ្តល់​ជំនួយ​បច្ចេកទេស USAID និងសហ​ភាពអឺរ៉ុប ដែលបានគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងការរៀប​ចំប្រព័ន្ធការពារ​កុមារ​ក្នុងទម្រង់ជាឌីជី​ថល​ដែល​ធ្វើឱ្យ​ប្រព័ន្ធនេះ​កាន់តែមានភាពល្អប្រសើរមួ​យកម្រិតទៀត។

នៅថ្ងៃ​ដដែល​​នេះ​ផងដែរ ក្រសួងក៏បានប្រកាសផ្សព្វផ្សាយពីរបាយការណ៍ស្តី ពីផែនការ​សកម្មភាព​រយៈ​ពេល​៥ឆ្នាំ សម្រាប់លើកកម្ពស់សេវាថែទាំកុមារ ដោយបានដាក់ចេញ​នូវ​គោលនូវ​ដៅ​ដើម្បី​​ឱ្យកុមារ​ដែល​កំពុង​រស់​នៅក្នុងមណ្ឌលថែទាំ​យ៉ាងហោចណាស់ ៣០ ភាគរយ បានវិល​ត្រឡប់​ទៅរក​គ្រួសារ​របស់​​ពួកគេ​វិញប្រកបដោយសុវត្ថិភាព។

ក្រសួងសង្គមកិច្ច សហការ​ជាមួយអង្គការយូនីសេហ្វ USAID និង​សហភាពអឺរ៉ុប កាល​ពី​ឆ្នាំ ២០១៦ បាន​ប្រកាសដាក់ឲ្យអនុវត្តផែនការសកម្មភាពនេះដោយ​រៀបចំផែនការសកម្មភាព ដើម្បីធ្វើ​សមាហរណកម្ម​ កុមារ​ពីមណ្ឌលថែទាំទៅកាន់ការ​ថែទាំ​តាមគ្រួសារ ផ្តល់ការគាំទ្រដល់ការថែរក្សា​គ្រួសារ ឱ្យរស់នៅជុំគ្នានិងជំរុញឲ្យ​មានការប្រើប្រាស់​ជម្រើសថែទាំ​ផ្សេងៗ​ទៀតក្រៅពីយកកុមារ ទៅដាក់នៅតាមមណ្ឌលថែទាំ។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​បញ្ជាក់ថា៖ «ជាលទ្ធផលនៃការអនុវត្តផែនការ បានរកឃើញថា ចាប់តាំងពី​ពេល​ដែលផែនកា​រត្រូវបានប្រកាសដាក់ឱ្យអនុវត្ត មណ្ឌលថែទំាកុមារ បានថយចុះ ៤៣ ភាគរយ និងមាន​កុមាររស់នៅក្នុងមណ្ឌលថែទាំ​តិចជាងមុន ៥៩ ភាគរយ។

លោកស្រី ហ្វ័រូហ្គហ្វយូហ្សិថ នាយិកាយូនីសេហ្វ ប្រចាំកម្ពុជា បានថ្លែងក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា ព័ត៌មាននៃប្រព័ន្ធ CIPMS នេះគឺជាឧបករណ៍ដ៏មានអត្ថប្រយោជន៍ សម្រាប់រៀបចំនិងធ្វើឲ្យប្រសើរទ្បើងនូវគោលនយោបាយនិងសេវា​នានា។

លោក​ស្រី​ថ្លែងថា៖ «វឌ្ឍនភាព ដែលសម្រេចបាននេះ នាំមកនូវភាពសប្បាយរីករាយ ឥតឧបមា ព្រោះការ​ចិញ្ចឹម​បីបាច់ និងការថែទាំដែលមានកិច្ចការពារពីគ្រួសារមានសារៈសំខាន់យ៉ាងខ្លំាង​ចំពោះ​សុខមាល​ភាពកុមារ»។

លោក​ស្រី ហ្វ័រូហ្គហ្វយូហ្សិថ​ បន្តថា៖ «ប៉ុន្តែយើងក៏នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីធានា​ឲ្យមានការអនុវត្តឱ្យបានពេញលេញ នូវ​គោលនយោបាយ ដែលផ្តោតលើគ្រួសារ និងការផ្តល់សេវា​គាំទ្រ​ដល់​គ្រួសារ ដើម្បីផ្តល់លទ្ធភាពឲ្យមាតាបិតាអាច​ផ្តល់ការថែទាំនិងការពារ​ដល់កូនៗ​របស់ពួកគេ»៕