ភ្នំពេញៈ ក្នុងជំនួប​រវាង​ប្រមុខ​ការពារជាតិ​កម្ពុជា​លោក ទៀ បាញ់ ជាមួយ​លោក KISHI Nobuo រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ជប៉ុន​តាម​វីដេអូ​អនឡាញ នៅ​ថ្ងៃទី​ ២៥ មិថុនា ភាគី​ជប៉ុន​សន្យា​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន​ទៅវិញ​ទៅមក ការប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ការបណ្តុះបណ្តាល​ធនធានមនុស្ស វិស័យ​រក្សា សន្តិភាព ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ការងារ​វិស្វកម្ម​ជាដើម​។

តាម​របាយការណ៍​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​រវាង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ និង​លោក KISHI Nobuo ភាគី​ទាំង​ ២ បានចាត់ទុក​កិច្ចពិភាក្សា​នា​ថ្ងៃនោះ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ក្រសួង​ការពារ​ប្រទេស​កម្ពុជា-ជប៉ុន​។

តាមរយៈ​កិច្ចពិភាក្សា​នេះ​បាន​លើកកម្ពស់​សមត្ថភាព វិស័យ​ការពារជាតិ សន្តិសុខ នយោបាយ រួមទាំង​ផ្នែក​មនុស្សធម៌ តាមរយៈ​ការបណ្តុះបណ្តាល ធនធានមនុស្ស ឱ្យមាន​សមត្ថភាព​ពុទ្ធិ រួមចំណែក​កសាង​ចំណង​មិត្តភាព​កងទ័ព​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ស៊ីជម្រៅ​ និង​វិបុលភាព​។

របាយការណ៍​ឱ្យដឹងថា ភាគី​ទាំង​ ២ ​បាន​ប្តេជ្ញា​បន្ត​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ការពារជាតិ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត រួមមាន​ជំនួយ សម្រាប់​កសាង​សមត្ថភាព ការផ្លាស់ប្តូរ​ផ្នែក​អប់រំ ទស្សនកិច្ច​ថ្នាក់ដឹកនាំ និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​តាម​អនុស្សរណៈ​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​ ២០១៣​។

របាយការណ៍​ដដែល​បញ្ជាក់​ថា​៖ «​ភាគី​ជប៉ុន​បាន​សន្យា​ជំរុញ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កងទ័ព​ជើងគោក​កម្ពុជា និង​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន​ក្នុង​លក្ខណៈ​នៃ​ការផ្លាស់ប្តូរ​ព័ត៌មាន​ទៅវិញទៅមក ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​វិស័យ​រក្សា សន្តិភាព ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ការងារ​វិស្វកម្ម​»​។

លោក KISHI Nobuo តាមរយៈ កិច្ចពិភាក្សា​នេះ​បាន​ថ្លែង​អំណរគុណ​ចំពោះ​កម្ពុជា ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​ដំណើរ​ទស្សនកិច្ច​របស់​លោក​អនុរដ្ឋមន្ត្រី នីហ្សីដា និង​លោក​ YUASA Goro មេបញ្ជាការ​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន​នៅ​កម្ពុជា និង​ការជួប​សន្ទនា​តាម​ទូរស័ព្ទ​រវាង​មេបញ្ជាការ​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន និង​លោក​ ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា​ប្រកប​ដោយ​ជោគជ័យ​នាំមក​នូវ​ការផ្លាស់ប្តូរ​ទំនាក់ទំនង​មន្ត្រី​យោធា​ជាន់ខ្ពស់​រវាង​ប្រទេស​ទាំង​ ២ នាពេល​កន្លងមក​។

លោក​ថ្លែងថា​៖ «​យើង​មាន​ការសោកស្ដាយ​យ៉ាងខ្លាំង ដែល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្ដម​ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​ជប៉ុន​ត្រូវបាន​លើកពេល ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩»​។

តាមរយៈ​ជំនួប​ពិភាក្សា​នេះ​លោក​ ទៀ បាញ់ បានស្នើ​លោក KISHI Nobuo ជួយ​ពិនិត្យ​លទ្ធភាព​ផ្តល់​អាហារូបករណ៍​ដល់​សិក្ខាកាម​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។ លោក​ក៏បាន​ស្នើ​ជប៉ុន​បន្ត​ផ្តល់ជំនួយ​សម្ភារ​មធ្យោបាយ​រួមទាំង​ផ្នែក​សន្តិសុខ​លម្ហ​សមុទ្រ និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដូចជា​ការផ្លាស់ប្តូរ​ទស្សនកិច្ច​​ថ្នាក់ដឹកនាំ​ការពារ​ប្រទេស​ចូលចត​នាវា​ចែករំលែក​ព័ត៌មាន​បទពិសោធ​នានា ផ្តល់ជំនួយ​ឧបករណ៍​សម្ភារ​បម្រើឱ្យ​វិស័យ​រក្សា​សន្តិភាព និង​គ្រោះ​មហន្តរាយ​ជាដើម ក្រោយ​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​មាន​ភាពធូរស្រាល​។

លោក ទៀ បាញ់ ប្រាប់​លោក KISHI Nobuo ថា ឆ្នាំ​ ២០២១ ​នេះ គឺជា​ខួប​ ១៥ ​ឆ្នាំ ​ដែល​កម្ពុជា​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅកាន់​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​តំបន់​អាហ្វ្រិក​មជ្ឈិមបូព៌ា និង​អឺរ៉ុប ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ និង​មនុស្សធម៌​នៅលើ​លោក​។

លោក​ថ្លែងថា​៖ «​កម្ពុជា​ប្តេជ្ញាចិត្ត បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ជា​ស្ត្រី​ឱ្យ​កើន​ជាង​មុន រួមចំណែក​លើកកម្ពស់​តួនាទី​ស្ត្រី កសាង និង​ថែរក្សា​សន្តិភាព សមភាព​យេនឌ័រ​ស្របតាម​ប្រធានបទ​ស្តីពី​បទពិសោធ និង​គំនិត​ផ្តួចផ្តើម​របស់​សមាជិក​រដ្ឋមន្ត្រី​ការពារជាតិ អាស៊ាន​បូក​ក្នុង​ការបញ្ជូន​កងទ័ព​ជា​ស្ត្រី​ទៅ​បំពេញ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​»​។

ប្រមុខ​ការពារជាតិ​កម្ពុជា​សង្កត់ធ្ងន់​ថា ចំពោះ​មុខការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល និង​ការគ្រប់គ្រង​ផលប៉ះពាល់ បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩ គឺជា​កិច្ចការ​ចាំបាច់​បំផុត ដែល​កងទ័ព​ត្រូវ​ចូលរួម​តាំងពី​ដំបូង​នៃ​ដំណើរ​ការស្តារ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើងវិញ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​បន្តថា​៖ «​ដូចនេះ​ទាមទារ​ឱ្យ​កងទ័ព​ពង្រឹង​សមត្ថភាព​មាន​ភាពធន់​នឹង​កិច្ចការពារជាតិ សន្តិសុខ​ប្រពៃណី និង​មិន​ប្រពៃណី ភាព​គ្រោះអាសន្ន និង​ការប្រែប្រួល​អាកាសធាតុ និង​រួមគ្នា​ផ្លាស់ប្តូរ​ចែករំលែក​បទពិសោធ​ព័ត៌មាន​ទៅវិញ​ទៅមក​ដោយ​ឈរលើ​ស្មារតី​សាមគ្គី​ភាពជឿ​ទុកចិត្ត គិតគូរ និង​អនុវត្ត​រួមគ្នា​មាន​ភាពហ្មត់ចត់ ក្រោម​យន្តការ​ពហុភាគី​និយម​គោរព​ច្បាប់​អន្តរជាតិ និង​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយៗ​»​។

តាមរយៈ​លទ្ធផល​នៃ​ជំនួប​នេះ ភាគី​ទាំង​ ២ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា-ជប៉ុន បើទោះបី​ប្រទេស​កំពុង​ជួប​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ជំងឺ​ផ្សេងៗ​បណ្តាល​មកពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ​ក៏ពិតមែន​។

ប៉ុន្តែ​ប្រទេស​ទាំង​ ២ ​បាន​ជម្នះ​ឧបសគ្គ​អនុវត្ត​ការងារ​ចាំបាច់​មួយចំនួន ដែល​អាច​ធ្វើ​ទៅបាន​ដូចជា ដំណើរ​ទស្សនកិច្ច​របស់​លោក​អនុរដ្ឋមន្ត្រី​នីហ្សីដា​កាលពី​ថ្ងៃទី​ ២២ ខែ កក្កដា ឆ្នាំ​ ២០១៩ ដំណើរ​ទស្សនកិច្ច​របស់​លោក YUASA Goro ​មេបញ្ជាការ​កងស្វ័យ​ការពារ​ជើងគោក​ជប៉ុន​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៧-៣០ ខែ កុម្ភៈ ឆ្នាំ​ ២០២០​។

ការលើក​កម្ពស់​វិស័យ​រក្សា​សន្តិភាព ការចូលរួម​ក្នុង​វេទិកា​នានា​បាន​ឆ្លុះបញ្ចាំង​ពី​ចំណង​មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​កងទ័ព​ប្រទេស​ទាំង​ ២ ​កាន់តែ​មាន​ភាពជិតស្និទ្ធ ស៊ីជម្រៅ និង​ពេញលេញ​ប្រសើរ​ជាង​មុន​៕