ភ្នំពេញៈ ក្រសួង​សុខាភិបាល ណែនាំ​អភិបាល​រាជធានី ខេត្ត​ទាំងអស់​ឱ្យ​ពង្រឹង​វិធានការ​ចត្តាឡីស័ក​នៅតាម​បណ្តា​ច្រក​ព្រំដែន​នានា និង​ពង្រឹង​វិធានការ​រដ្ឋបាល​ចាំបាច់​នានា ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ Delta ក្នុង​សហគមន៍​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ខណៈ​ដែល​ក្រសួង​សុខាភិបាល​ណែនាំ​ពី​វិធី​តាមដាន​រោគសញ្ញា និង​ការថែទាំ​អ្នកជំងឺ​កូវីដ​នៅ​តាម​ផ្ទះ​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ បាន​ចេញ​លិខិត​បន្ទាន់​មួយ​កាលពី​ថ្ងៃ​ទី​ ២៥ ខែមិថុនា ផ្ញើជូន​អភិបាល​រាជធានី ខេត្ត​ទាំងអស់​ត្រូវមាន​វិធានការ​ទប់ស្កាត់​ការពារ​ជំងឺ​កូវីដ​ ១៩ បំប្លែង​ខ្លួន​ថ្មី​ប្រភេទ Delta ក្នុង​សហគមន៍​។

លោក​រដ្ឋមន្ត្រី​លើកឡើង​ថា សភាពការណ៍​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ Delta មាន​វត្តមាន​នៅ​កម្ពុជា​តាមរយៈ​ការនាំ​ចូល​ពី​តាម​បណ្តា​ច្រកព្រំដែន​នានា​។ ដើម្បី​បង្ការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ១៩ បំប្លែង​ខ្លួន​ប្រភេទ​ថ្មី​នេះ​កុំឱ្យ​ចូលក្នុង​សហគមន៍ គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​ជំងឺ​កូវីដ​ ១៩ តាមរយៈ​សេចក្តី​ជូនដំណឹង​បន្ទាន់​បាន​ណែនាំ​ឱ្យមាន​ការអនុវត្ត​វិធានការ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​មាត់ច្រក​ព្រំដែន ចំពោះ​អ្នកដំណើរ​ទាំងអស់​ដែល​ធ្វើដំណើរ​ឆ្លង​ចូលមក​ក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​ធ្វើការ​ដឹកជញ្ជូន​បន្ត​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅតាម​ភូមិ​ឃុំ​ទៀត​ទេ​។

ក្នុង​សេចក្តី​ជូនដំណឹង​លោក ប៊ុនហេង សរសេរ​ថា៖ «​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ថ្នាក់​រាជធានី ខេត្ត (​គ.រ.ខ) ត្រូវ​សហការ​ជាមួយ​អនុគណៈកម្មការ​គ្រប់គ្រង​ច្រកទ្វារ​ចេញ ចូល និង​ការធ្វើ​ចត្តាឡីស័ក ដើម្បី​កំណត់​ទីតាំង​មណ្ឌល​ចត្តាឡីស័ក​ដែល​នៅ​ជិត​បំផុត​សម្រាប់​ការធ្វើ​ចត្តាឡីស័ក​នេះ​»​។

ទន្ទឹម​នឹងនេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​បន្ថែម​ទៀត ក្នុង​ការពង្រឹង​វិធានការ​ចត្តាឡីស័ក​នេះ​នៅ​តាម​មណ្ឌល​ឱ្យបាន​ម៉ឺងម៉ាត់ ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។

ជាមួយ​គ្នា​នោះ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​បង្កើន​ការពង្រឹង​ការគ្រប់គ្រង​តាម​ច្រកព្រំដែន​ជាពិសេស​ច្រករបៀង ចៀសវាង​ការជ្រៀត​ឆ្លង​ព្រំដែន ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ដែល​បង្ក​ហានិភ័យ​ក្នុង​ការចម្លង​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ចូលក្នុង​សហគមន៍​។

លោក​សរសេរ​ក្នុង​លិខិត​ទៀតថា៖ «​គ.រ.ខ ត្រូវ​ចាត់​វិធានការ​ពង្រឹង​ការគ្រប់គ្រង​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក ដែល​វិល​ត្រឡប់មក​ភូមិ ឃុំ​វិញ និង​ត្រូវអនុវត្ត​វិធានការ​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​ឱ្យ​បាន​ម៉ឺងម៉ាត់​ក្នុង​ករណី​រកឃើញ​ថា ប្រជាពលរដ្ឋ​ទាំងនោះ​ពុំបាន​ឆ្លងកាត់​ការធ្វើ​ចត្តាឡីស័ក​នៅតាម​ព្រំដែន​»​។

បើតាម​លោក​ ម៉ម ប៊ុនហេង ការពង្រឹង​ការអនុវត្ត​វិធានការ​ទាំង​ផ្នែក​រដ្ឋបាល​ទាំង​ផ្នែក​សុខាភិបាល​សំដៅ​បង្ការ គ្រប់គ្រង និង​កាត់ផ្តាច់​នូវ​ខ្សែរយៈ​ចម្លង​នៃ​មេរោគ​កូវីដ​ ១៩ ប្រភេទ​ថ្មី​នេះ​នៅ​តាម​មូលដ្ឋាន​ដែល​ត្រូវបាន​រកឃើញ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ​។

ជាមួយ​គ្នា​នេះ ក្រសួង​សុខាភិបាល​បានចេញ​សេចក្ដី​ណែនាំ​ស្ដីពី​ការតាមដាន​រោគសញ្ញា និង​ការថែទាំ ព្យាបាល​អ្នកជំងឺ​កូវីដ​នៅ​តាម​ផ្ទះ និង​ការអនុវត្ត​វិធាន​សុខាភិបាល ដើម្បីឱ្យ​ដំណើរការ​មាន​ប្រសិទ្ធភាព និង​ចៀសវាង​ការចម្លង​ទៅ​អ្នកដទៃ ជាពិសេស​សមាជិក​ក្នុង​គ្រួសារ​។

នៅក្នុង​សេចក្ដី​ណែនាំ​នេះ​ក្រសួង​បាន​លើកឡើងថា ក្នុងករណី​គ្មាន​រោគសញ្ញា​ដូចជា ក្អក កម្ដៅ​ក្រោម ៣៧,៥ ​អង្សា គ្មាន​ហៀរ​សំបោរ គ្មាន​ឈឺបំពង់ក និង​សភាព​ទូទៅ​ធម្មតា គឺ​ពុំ​ចាំបាច់​ប្រើ​ឱសថ​ព្យាបាល​ទេ​។

ក៏ប៉ុន្តែ​ករណី​មាន​រោគសញ្ញា​ស្រាល ដូចជា មាន​កម្ដៅ​លើស ៣៧,៥ ​អង្សា មាន​ឈឺ​សាច់ដុំ​មាន​ឈឺបំពង់ក សម្រាប់​មនុស្សពេញវ័យ ឬ​កុមារ​ដែលមាន​ទម្ងន់​ចាប់ពី ៣០ ​គីឡូក្រាម​ឡើង ត្រូវ​ប្រើ​ថ្នាំ ប៉ារ៉ាសេតាម៉ុល (Paracetamol) ៥០០ ​មិល្លីក្រាម ៣ ដង​ក្នុង ១ ​ថ្ងៃ រីឯ​កុមារ​ទម្ងន់​ចាប់ពី ២០ ដល់ ២៩ ​គីឡូក្រាម​ត្រូវ​ប្រើ​ប៉ារ៉ាសេតាម៉ុល ៣០០ មិល្លីក្រាម ៣ ​ដង​ក្នុង ១ ​ថ្ងៃ​។

ចំពោះ​ករណី​មាន​រោគសញ្ញា​បន្ថែម​ដូចជា តឹង​ច្រមុះ ឬ​ហៀរ​សំបោរ ឬ​ក្អក (​មាន ឬ​គ្មាន​ស្លេស្ម៍​) សម្រាប់​មនុស្សពេញវ័យ ឬ​កុមារ​អាយុ​ចាប់ពី ៦ ​ឆ្នាំ​ឡើង ត្រូវ​ប្រើ​ថ្នាំ​ប្រូម៉ិចស៊ីន (Bromhexine) ៨ ​មិល្លីក្រាម ៣ ​ដង ក្នុង ១ ថ្ងៃ ឬ​ថ្នាំ​សេទីរីហ្ស៊ីន​ (Cetirizine) ១០ ​មិល្លីក្រាម ១ ​ដង​ក្នុង ១ ​ថ្ងៃ​។

ដោយឡែក​ចំពោះ​វិធាន​សុខាភិបាល​នៅតាម​ផ្ទះ​ត្រូវអនុវត្ត​តាម​វិធី​មួយចំនួន​ដូចជា ការស្នាក់នៅ​បន្ទប់​ដាច់ដោយឡែក មាន​អនាម័យ​ស្អាត មាន​ខ្យល់​ចេញ​-ចូល​ល្អ​,​ត្រូវ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ឬ​អាល់កុល និង​រក្សា​គម្លាត​យ៉ាងតិច ២ ​ម៉ែត្រ​, បរិភោគ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ (​សាច់​បន្លែ ផ្លែឈើ​) និង​ពិសា​ទឹក​ឱ្យបាន​ច្រើន​,​តាមដាន​សុខភាព​ខ្លួនឯង​ឱ្យបាន​ញឹកញាប់​ទៀងទាត់​ជាប្រចាំ​,​ថែរក្សា​សុខភាព​ផ្លូវចិត្ត និង​ធ្វើ​លំហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​, ហាម​ជក់បារី ផឹកស្រា និង​គ្រឿង​ស្រវឹង​ផ្សេងៗ​,​ប្រើប្រាស់​សម្ភារ និង​បោកគក់​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ និង​វេច​ខ្ចប់​សំរាម​ចោល​ឱ្យបាន​ត្រឹមត្រូវ និង​ដាច់​ដោយឡែក​។ ការណែនាំ​របស់​ក្រសួង​សុខាភិបាល​នេះ​គឺ​បន្ទាប់ពី​លោក ម៉ម ប៊ុនហេង បានចេញ​សេចក្ដីសម្រេច​មួយ​កាលពី​យប់​ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ​ ២០២១ ដោយបាន​កំណត់​ដាក់​រាជធានី​ភ្នំពេញ​ជា​តំបន់​ដំបូង​គេ​ក្នុង​ការប្រើ​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ កម្រិត​ស្រាល​នៅតាម​ផ្ទះ ចាប់ពី​ថ្ងៃទី​ ២០ មិថុនា​តទៅ ក៏ប៉ុន្តែ​សម្រាប់​បណ្ដា​ខេត្ត​នានា​នៅ​មិនទាន់​សម្រេច​នៅឡើយ​ទេ​៕