ឧត្តរមានជ័យៈ លោក ហ៊ុន ម៉ានិត ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​ច្រកទ្វារ​ចេញ​-​ចូល​ប្រទេស និង​ការធ្វើ​ចត្តាឡីស័ក ដឹកនាំ​ក្រុមការងារ ចុះ​ត្រួតពិនិត្យ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា ថៃ ដើម្បី​ពិនិត្យមើល​ការគ្រប់គ្រង និង​ការយក​សំណាក​ពលករ​ខ្មែរ ដើម្បី​ប្រយុទ្ធ​ទប់ស្កាត់​នឹង​ជំងឺ​កូវីដ​ ១៩​។

ការចុះ​ត្រួតពិនិត្យ​នេះ ធ្វើឡើង​ស្របពេល​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ណែនាំ​ឱ្យ​អភិបាល​រាជធានី-ខេត្ត ​ទាំងអស់​ពង្រឹង​វិធានការ​ចត្តាឡីស័ក​នៅ​តាម​បណ្តា​ច្រកព្រំដែន​នានា និង​ពង្រឹង​វិធានការ​រដ្ឋបាល​ចាំបាច់​នានា ដើម្បី​ប្រយុទ្ធ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បំប្លែង​ខ្លួន​ថ្មី​ប្រភេទ Delta ចូលក្នុង​សហគមន៍​។

កាលពី​រសៀល​ថ្ងៃទី​ ២៦ ខែមិថុនា លោក ហ៊ុន ម៉ានិត អគ្គនាយក​ស្រាវជ្រាវ​ចារកិច្ច​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​ច្រកទ្វារ​ចេញ-ចូល​ប្រទេស និង​ការធ្វើ​ចត្តាឡីស័ក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់​។ នេះ​បើតាម​មន្ទីរ​ព័ត៌មាន​ខេត្ត​ឧត្តរមានជ័យ​។

បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ​ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃទី​ ២៧ ខែ មិថុនា ឆ្នាំ​ ២០២១ លោក ហ៊ុន ម៉ានិត បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​បរិវេណ​ច្រកព្រំដែន​អូរបីជាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ការចុះ​ត្រួតពិនិត្យ​នេះ គឺ​ដើម្បី​ពិនិត្យមើល​ទីតាំង​នៃ​ការគ្រប់គ្រង​ការពិនិត្យ​យក​សំណាក​ពលករ​ខ្មែរ​ដែល​ក្រុម​ការងារ​ចម្រុះ​ខេត្ត បាន​និង​កំពុង​បំពេញការងារ ទប់ស្កាត់​នឹង​ជំងឺ​​កូវីដ​ ១៩​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ចុះផ្សាយ​នៅ​ថ្ងៃទី​ ២៧ ខែមិថុនា​។

រដ្ឋបាលខេត្ត​នេះ​បញ្ជាក់ថា​៖ «​ក្រោយ​ការចុះ​ត្រួតពិនិត្យ លោក​ (​ហ៊ុន ម៉ានិត​) បាន​បន្ត​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរខេត្ត កងកម្លាំង​ប្រដាប់​អាវុធ​ជា​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ​ក្នុង​គោលបំណង​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​ការគ្រប់គ្រង​ពលករ ដែល​ធ្វើ​ចំណាកស្រុក​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​...​សំដៅ​ធ្វើយ៉ាងណា​ទប់ស្កាត់​ឱ្យ​ខាង​តែ​បាន​នូវ​ការចម្លង​ជំងឺ​កូវីដ​ ១៩ ចូលក្នុង​សហគមន៍​»​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្លែងថា លោក ម៉ានិត បាន​លើក​ជា​អនុសាសន៍​មួយចំនួន​ជូន​រដ្ឋបាល​ខេត្ត ដើម្បី​យកមក​រៀបចំ​ជា​គោលការណ៍​អនុវត្ត​ចំពោះមុខ​ក្នុង​នោះ​ផ្តោត​សំខាន់​លើ​វិធានការ​ត្រៀម​ទទួល​ពលករ-ខ្មែរ​ដែល​បាន​ចូលមក​កាន់តែ​ច្រើនឡើង ជាពិសេស​ក្នុង​ការអនុវត្ត​គោលការណ៍​ថ្មី​ដែល​តម្រូវ​ឱ្យ​ធ្វើតេស្ត​រហ័ស​លើ​គ្រប់​ពលករ​ដែល​បាន​ឆ្លងដែន​ចូលមក និង​ការធ្វើ​ចត្តាឡីស័ក​នៅនឹង​កន្លែង​។

លោក​បញ្ជាក់ថា​៖ «​ដោយ​ក្នុងនោះ​លោក​ ហ៊ុន ម៉ានិត ​ក៏បាន​ស្នើឱ្យ​រដ្ឋបាលខេត្ត​រៀបចំ​ផែនការ​សកម្មភាព និង​រៀបចំ​ទីតាំង​មណ្ឌល​ចត្តាឡីស័ក ក៏ដូចជា​លើក​សំណើ​ពាក់ព័ន្ធ​នឹង​តម្រូវការ​សម្ភារ បរិក្ខារ​បច្ចេកទេស​ដាក់​ជូន​គណៈកម្មការ និង​អនុគណៈកម្មការ​ថ្នាក់ជាតិ​ ដើម្បី​ជា​យន្តការ​គាំទ្រ​ដល់​រដ្ឋបាលខេត្ត​»​។

សូម​ជម្រាបជូន​ថា ក្រៅពី​ចុះ​ត្រួតពិនិត្យ​ខេត្ត​ជាប់​ព្រំដែន​ទាំង​ ២ ​នេះ​លោក ហ៊ុន ម៉ានិត ក៏បាន​ដឹកនាំ​ក្រុមការងារ​បន្ត​ទៅ​ខេត្ត​ជាប់​ព្រំដែន​មួយទៀត គឺ​ខេត្ត​បាត់ដំបង​ផងដែរ​៕