ភ្នំពេញៈ រដ្ឋបាល​រាជធានីភ្នំពេញ បាន​រំឭក​ដល់​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើងទៅ ហើយ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ចាក់​ចាប់ពី​ថ្ងៃទី​ ២៧ មិថុនា​តទៅ ខណៈ​កាលបរិច្ឆេទ​នៃ​ការចាក់​ចុងក្រោយ​គ្រោង​បិទ​បញ្ចប់​នៅ​សប្ដាហ៍​ទី​១ ខែក្រោយ​។

យោងតាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​កាលពី​ថ្ងៃទី​ ២៦ មិថុនា យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​នៅ​រាជធានីភ្នំពេញ​ ដែលមាន​កិច្ចសហការ​ពី​ក្រុមគ្រូពេទ្យ​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេចតេជា (TYDA) ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ ទៀ បាញ់ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ស.ស.យ.ក. និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ផ្សេងទៀត​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន​។

សេចក្ដី​ជូនដំណឹង​នេះ​ឱ្យដឹងថា មាន​ពលរដ្ឋ​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ទៅបាន​ចូលរួម​ចាក់​វ៉ាក់សាំង​យ៉ាង​សស្រោកសស្រាំ​តាម​គោលដៅ​នៃ​ខណ្ឌ​នីមួយៗ ដែល​គិត​មកទល់​ថ្ងៃទី​ ២៣ មិថុនា គឺមាន ពលរដ្ឋ​នៅ​រាជធានី​ ១ ៦៦២ ៣៥៦ ​នាក់ បាន​ចាក់​ដូស​ទី​ ១ និង​ចំនួន ១ ៤៩៨ ៧៨៧ ​នាក់​បាន​ចាក់​ដូស​ទី​២ រួចរាល់​។

យ៉ាងណាក្ដី រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា នៅមាន​ពលរដ្ឋ​មួយចំនួន​តូច​មិនទាន់​បាន​មក​ទទួល​វ៉ាក់សាំង​នៅឡើយ​។ ដូច្នេះ​ដើម្បីឱ្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​បាន​ជោគជ័យ​ ១០០ ​ភាគរយ សាលា​រាជធានី​ភ្នំពេញ​ «​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ ស្នាក់នៅ​ប្រកប​អាជីវកម្ម​មុខរបរ​ផ្សេងៗ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដែល​ពុំទាន់​ទទួល​បាន​ការចាក់​វ៉ាក់សាំង​សូម​អញ្ជើញ រួសរាន់​មកចាក់​វ៉ាក់សាំង​ចាប់ពី​ថ្ងៃទី​ ២៧ ខែមិថុនា ដល់​ថ្ងៃទី​ ៨ ខែកក្កដា ឆ្នាំ​ ២០២១ កុំបី​ខាន​»​។

បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ អ្នកមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង ដែល​នៅ​មិនទាន់បាន​មកចាក់​វ៉ាក់សាំង​ក្នុង​ខណ្ឌ​ទាំង​ ១៤ គឺមាន​ចំនួន​ ១៩ ៣៩៩ ​នាក់ ក្នុងនោះ​ខណ្ឌ​កំបូល​មាន​ ៩៨៧ ​នាក់ ខណ្ឌ​ពោធិ៍សែនជ័យ​មាន​ ៤ ៩៨០ ​នាក់ ខណ្ឌទួលគោក មាន​ ១ ២៩៧ ​នាក់ ខណ្ឌ​ ៧ ​មករា មាន​ ៧៥៥ ​នាក់ ខណ្ឌ​ដូនពេញ មាន​ ៥២១ ​នាក់ ខណ្ឌ​បឹងកេងកង មាន ៧០២ នាក់ ខណ្ឌ​ចំការមន មាន ២២២ ​នាក់ ខណ្ឌដង្កោ មាន​ ១ ៨៨៧ ​នាក់ ខណ្ឌ​ជ្រោយចង្វារ ២ ៥៩០ ​នាក់ ខណ្ឌ​ឫស្សីកែវ​មាន ៣០០ ​នាក់ ខណ្ឌ​ច្បារអំពៅ​ ១ ៨៧៣ ​នាក់ ខណ្ឌ​មានជ័យ មាន ០ ​នាក់​[ ចាក់​អស់​] ខណ្ឌ​សែនសុខ មាន​ ១ ៧៦១ ​នាក់ និង​ខណ្ឌ​ព្រែកព្នៅ​ ១ ៥២៤ ​នាក់​។

ជាមួយ​នឹង​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ឱ្យ​ប្រញាប់​ទៅ​ចាក់​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ក្រើន​រំឭក​ផងដែរ​ថា ក្នុងករណី​ដែល​ប្រជាពលរដ្ឋ​មាន​ការខកខាន ក្រោយពី​បិទបញ្ចប់​នឹង​មិន​ទទួល​ខុសត្រូវ​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ទៀតឡើយ​៕