ភ្នំពេញៈ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី ២៥ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឱ្យមន្ត្រីក្រោមឱវាទរបស់លោក ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀនចូលមកក្នុងប្រទេសឱ្យមានប្រសិទ្ធភាព ខណៈលោកទទួលស្គាល់ថា គ្រឿងញៀននៅតែជាបញ្ហាគំរាមកំហែងដល់ការអភិវឌ្ឍប្រទេសជាតិ។
លោក ហ៊ុន សែន ថ្លែងតាមរយៈសារលិខិត ដើម្បីអបអរទិវានេះថា៖ «ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកបន្ថែមឱ្យបានទូលំទូលាយនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគីតំបន់ និងជាសកល ដើម្បីទប់ស្កាត់ ការចរាចរជួញដូរ គ្រឿងញៀនខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។
លោក ហ៊ុន សែន ក៏អំពាវនាវដល់អ្នកពាក់ព័ន្ធនានាសូមឱ្យបន្តចូលរួមគាំទ្រ និងឧបត្ថម្ភឱ្យបានកាន់តែសកម្មថែមទៀត ដើម្បីបង្ការទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាគ្រឿងញៀន ដែលអាចកើតមាននៅក្នុងសហគមន៍។
លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលសូមបន្តយកចិត្តទុកដាក់ថែទាំ និងអប់រំកូនចៅឱ្យបានល្អ ដើម្បីកុំឱ្យមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនកុំឱ្យឆ្លងជំងឺកូវីដ ១៩ និងចៀសឱ្យផុតពីបញ្ហាអវិជ្ជមានផ្សេងៗនៅក្នុងសង្គម។
លោកបញ្ជាក់ថា៖ «ក្នុងករណីដឹងថា កូនចៅរបស់ខ្លួនជាប់ពាក់ព័ន្ធនឹងបញ្ហាទាំងនេះត្រូវយកចិត្តទុកដាក់ផ្តល់កិច្ចសហការ ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីសុំកិច្ចអន្តរាគមន៍ ដោយមិនត្រូវព្យាយាមលាក់បាំង ឬរក្សាទុកដែលអាចបង្កគ្រោះថ្នាក់ និងភាពឈឺចាប់កាន់តែធ្ងន់ធ្ងរដល់ខ្លួនគាត់ផ្ទាល់ ក្រុមគ្រួសារ អ្នកដទៃ និងសហគមន៍ទាំងមូលឡើយ»។
លោកបានបន្តថា៖ «បញ្ហាគ្រឿងញៀន នៅតែជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយ ដែលបានគំរាមកំហែងដល់សុខភាពសាធារណៈសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមរបស់យើង»។
បើតាមសារលិខិតរបស់លោក ហ៊ុន សែន បទល្មើសគ្រឿងញៀនចំនួន ១០ ៤៦១ ករណី ត្រូវបានបង្ក្រាបនៅក្នុងឆ្នាំ ២០២០ គឺបង្ក្រាបបានច្រើនជាងឆ្នាំ ២០១៩ ប្រមាណ ៦,៧៩ ភាគរយ។
ក្នុងបទល្មើសគ្រឿងញៀនដែលត្រូវបានបង្ក្រាបទាំងនោះមានជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន ២១ ៥៦៦ នាក់ត្រូវបានឃាត់ខ្លួនគឺមានចំនួនច្រើនជាងឆ្នាំ ២០១៩ ប្រមាណ ៥,២៥ ភាគរយ និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទបានជាង ៣ ៨៧៥ គីឡូក្រាម ដែលបរិមាណនេះមានការកើនឡើងប្រមាណ ៥១៦ ភាគរយ បើប្រៀបធៀបទៅនឹងបរិមាណដែលចាប់បានក្នុងឆ្នាំ ២០១៩៕
វីដេអូ៖