ភ្នំពេញៈ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ពេល​រសៀល​ម្សិលមិញ​ បន្ទាប់ពី​ឃាត់ខ្លួន​បាន​ ៣ ​ថ្ងៃ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​សម្លៀកបំពាក់​នគរបាល​ក្លែង និង​ក្លែងខ្លួន​ជា​នាយករង​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។

លោក​ឧត្តមសេនីយ៍​ ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​មាន​ឈ្មោះ សៅខូ ច័ន្ទសូឡា អាយុ​ ២២ ​ឆ្នាំ​ជា​ជនជាតិខ្មែរ​។ ជននេះ​ត្រូវ​​បាន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​សាកសួរ​ចប់​ហើយ​​ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃនេះ​ (​ថ្ងៃទី​ ២៧ ​មិថុនា​)​។

លោក​បាន​បញ្ជាក់ថា ការបញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នេះ​គឺ​បន្ទាប់ពី​សមត្ថកិច្ច​បង្ហាញ​ខ្លួន​ជននេះ​ជា​សាធារណៈ​ពីថ្ងៃ​​ទី​ ២៦ មិថុនា នៅ​ក្រសួង​មហាផ្ទៃ​ជាមួយ​នឹង​វត្ថុតាង​។

លោក​ថា​៖ «​យើង​បាន​ចាត់ចែង​បញ្ជូន​ជនសង្ស័យ​ម្នាក់នេះ​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​​នៅ​រសៀល​ម៉ោង​ ២ ​ថ្ងៃនេះ​ (​ថ្ងៃទី​ ២៧ ​មិថុនា​) ​ដើម្បី​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​»​។

ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ លោក​ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឱ្យដឹង​កាលពី​ម្សិលមិញ​ដែរ​ថា ជនសង្ស័យ​នេះ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ក្លែង​ធ្វើជា​មន្ត្រី​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ផង និង​ក្លែង​ជា​មន្ត្រី​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ផង​។

ទោះជា​យ៉ាងណា លោក​ថា ​​បើ​ផ្អែក​តាម​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​លោក​គឺ​មិនទាន់​​ឃើញ​មាន​ជនរងគ្រោះ​ណា​ម្នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​ ឬ​មួយ​ជន​ដែល​រងគ្រោះ ដោយសារ​ជនសង្ស័យ​​ម្នាក់នេះ​ប្តឹង​មក​សមត្ថកិច្ច​លោក​នៅឡើយ​ទេ​។

លោក​ថា​៖ «​ករណីនេះ​គឺ​យើង​​បាន​ស្រាវជ្រាវ​មិនទាន់​ឃើញ​​ថា មាន​ជនរងគ្រោះ​ ដោយសារ​ជន​ម្នាក់នេះ​ទេ ព្រោះ​អត់​ទាន់​ឃើញ​មាន​នរណា​ប្តឹង​។ ​តែ​អ្វី​​ដែល​យើង​ឃើញ​ជាក់ស្តែង​គឺ​យើង​ឃើញតែ​លិខិត​ឯកសារ​ក្លែង និង​សម្លៀកបំពាក់​ក្លែង​»​។

លោក អ៊ិន សុង ឱ្យដឹង​ទៀត​ថា មុន​ឃាត់ខ្លួន​ជនសង្ស័យ​​គឺ​សមត្ថកិច្ច​របស់លោក​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​លោក​វរសេនីយ៍ អ៊ឹង សុភ័ក្ត្រ អធិការរង​នគរបាល​ខណ្ឌ​ទួលគោក​ពី​ករណី​ជនសង្ស័យ​បន្លំ​ខ្លួន​ធ្វើជា​នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នេះ​។

បើតាម​លោក អ៊ិន សុង បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ សមត្ថកិច្ច​របស់លោក​ក៏បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​ ២៤ មិថុនា​តែម្តង​។ ​ក្រោយពី​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា ដំបូង​គាត់​ក្លែង​ធ្វើ​​ជា​នគរបាល​ព្រហ្មទណ្ឌ​ទេ តែ​​ក្រោយមក​គេ​ក៏​ក្លែង​ជា​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។

លោក សុង បានឱ្យ​ដឹង​ដែរ​ថា ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ជនសង្ស័យ​រួមមាន​៖ អាវុធខ្លី​ ១ ​ដើម​ (​កាំភ្លើង​ហ្គាស​) ​ម៉ាក​ TACTICAL23 និង​​បង់​ចំនួន​ ២,​ គ្រាប់​អាវុធ​ប្រភេទ 9mm ចំនួន​ ១២ ​គ្រាប់​, ខ្នោះដៃ​ចំនួន​ ១ ​គូ​, វិទ្យុទាក់ទង​ម៉ាក​ម៉ូតូ​រ៉ូឡា​ចំនួន​ ១ ​គ្រឿង​,​ ស្រោម​អាវុធខ្លី​ ៤,​ កាត​នគរបាលជាតិ​ក្លែងក្លាយ​ ២ ​សន្លឹក​,​ ស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ​ ១ ​គូ​, កាត​នគរបាល​ព្រហ្មទណ្ឌ​ក្លែងក្លាយ​ ២ ​សន្លឹក​,​ មួក​នគរបាលជាតិ​ថ្នាក់​វរសេនីយ៍​ ២ និង​ថ្នាក់​អនុសេនីយ៍​ ១,​ ឯកសណ្ឋាន​នគរបាល​ជាតិ​ ៦ ​កំប្លេ​,​ លិខិត​ឯកសារ​ក្លែងក្លាយ​​ជា​របស់​ក្រសួងមហាផ្ទៃ​មួយ​ចំនួន​,​ លិខិត​ក្លែង​របស់​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌​​ និង​លិខិត​ក្លែង​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​មួយចំនួន​ធំ​​ទៀត​, ​ប្រអប់​ដាក់អាវុធ​ខ្លីម៉ាក​ CZ ​ចំនួន​ ១, ម៉ាស៊ីន​កាត់​កាត​ចំនួន​ ១ ​គ្រឿង​,​អាវ​ក្រោះ​ការពារ​​គ្រាប់​ចំនួន​ ១, អាវកាក់​ពាក់​ពី​​លើ​ឯកសណ្ឋាន​នគរបាលជាតិ​,​ កាបូប​ដាក់​សម្ភារ​ ៣ និង​ស្បែកជើង​កវែង​ ១ ​គូ​ផង​ដែរ​៕