ភ្នំពេញៈ នៅក្នុង​ខែមិថុនា ​ឆ្នាំ ២០២១ នេះ មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បាន​ពិនិត្យ​ព្យាបាល​ដល់​កុមារ​ឈឺ​ចំនួន​ជាង ​២ ម៉ឺន​នាក់ ​ខណៈកុមារ​មាន​ជំងឺ​ធ្ងន់ៗជិត ៤ ​ពាន់​នាក់​ ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នេះ។

បើតាម​របាយ​ការណ៍​ក្នុង​ខែ​មិថុនា​ របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បានឱ្យ​ដឹង​ថា៖ «កុមារ​ឈឺ​ចំនួន​ ២០ ៣០៨ នាក់ ត្រូវបាន​ពិនិត្យ​ព្យា​បាលនៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ។ កុមារ​មាន​ជំងឺ​ធ្ងន់ៗ ៣ ៨២៤ នាក់ ត្រូវ​បាន​ដាក់​ឱ្យសម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ»។

របាយ​ការណ៍​បន្តថា កុមារ​ចំនួន ១ ១៨១​ នាក់ ត្រូវ​បាន​ទទួល​ការវះកាត់។ ក្នុង​នោះ​កុមារ​ដែល​ទទួល​ការវះកាត់​បេះដូង​និង​ភ្ជិត​ប្រ​ហោង​បេះដូង​តាម​សរសៃឈាម​នៅ​គន្ធ​បុប្ផា ភ្នំពេញ​និង​សៀម​រាប​មាន​ចំនួន​ ៣១ នាក់។

របាយ​ការ​ណ៍​បញ្ជាក់ថា ​នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរ​ពេទ្យ​ជ័យវរ្ម័ន​ទី៧ (គន្ធ​បុប្ផា​ទី៣) ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៣ ៨៩៥​ នាក់ បាន​មក​ពិនិត្យ​តាមដាន​ផ្ទៃពោះ​និង​ព្យា​បាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃមន្ទីរសម្ភពនិង​សម្រាល​កូន​បាន​ចំនួន ១ ៣៩២ នាក់ ។

មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បាន​បញ្ជាក់​ថា៖ «រាល់​ការ​ព្យា​បាល​ទាំង​អស់​គឺ​ឥត​គិត​ថ្លៃ​សម្រាប់​គ្រប់ៗ​គ្នាដោយ​ពុំមាន​ការរើស​អើង! សូម​អរ​គុណ​ដល់​បុគ្គលិក​កម្ពុជា​ទាំង​ ២ ៥០០​ នាក់ ដែល​បាន​ខិតខំ​បំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ»​៕