ភ្នំពេញៈ រយៈពេល ៦ ខែ ក្នុងឆ្នាំ ២០២១ នេះ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនជាង ៨០០ គីឡូក្រាម និងឃាត់ខ្លួនមនុស្សជាង ៧ ០០០ នាក់ និងរកឃើញដើមកញ្ឆាជាង ១៤ ០០០ ដើម។ នេះបើតាមរបាយការណ៍មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី ២៦ មិថុនា។
របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ចាប់ពីខែមករា ដល់ខែមិថុនានេះ នគរបាលបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣ ១៤៩ ករណី ក្នុងនោះបានឃាត់ខ្លួនមនុស្សចំនួនជាង៧ ០០០នាក់ មានជនបរទេស ១២០ នាក់ មាន ៨ សញ្ជាតិ និងដកហូតគ្រឿងញៀនបានជាង ៨០០ គីឡូក្រាម។ ក្រៅពីនេះក៏បានរកឃើញដើមកញ្ឆាជាង ១៤ ០០០ ដើមផងដែរ។
របាយការណ៍បានបង្ហាញថា ករណីគ្រឿងញៀនក្នុងរយៈពេល ៦ ខែមកនេះ កើតមានឡើងតាមរូបភាព ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង ប្រើប្រាស់ និងមានជាង ២០០ ករណី ជាការបង្ក្រាប ដោយអនុវត្តតាមដីការបស់តុលាការ។
ក្រៅពីឃាត់ខ្លួនមនុស្ស និងដកហូតគ្រឿងញៀននគរបាល ក៏បានឃាត់ទុកនូវមធ្យោបាយផ្សេងៗមួយចំនួនទៀតរួមមាន រថយន្ដ ៤៧ គ្រឿង ម៉ូតូ ៨១៨ គ្រឿង អាវុធខ្លី ៥ ដើម អាវុធវែង ១៨ដើម និងអាវុធកែច្នៃ ១១ ដើមផងដែរ៕