
ក្រុមអ្នកបើកបររថយន្តដឹកប្រេងក្រុមហ៊ុន ហុងអុីន តវ៉ាសុំឱ្យមានច្បាប់ការងារ និងសុំបណ្តេញមេការថ្មីចេញ លើនៅខណ្ឌពោធិ៍សែនជ័យ នាថ្ងៃនេះ។ រូបថត CEN
ភ្នំពេញៈ ក្រុមអ្នកបើករថយន្តដឹកប្រេង និ ងព្រូរថយន្តក្រុមហ៊ុនហុងអ៊ីនប្រមាណជាង ៥០ នាក់ នាំគ្នាតវ៉ានៅមុខក្រុមហ៊ុនស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយមិនព្រមចូលធ្វើការងារ អស់រយៈពេល១សប្តាហ៍មកហើយ ចាប់ពីថ្ងៃទី២១ មិថុនាមក។ ពួកគេទាមទារឲ្យម្ចាស់ក្រុមហ៊ុនធ្វើតាមការសន្យាដកមេការថ្មីចេញ និងមានច្បាប់ការងារត្រឹមត្រូវ។
ក្រុមអ្នកបើករថយន្តដឹកប្រេងក្រុមហ៊ុនហុងអ៊ីន ប្រាប់ភ្នំពេញប៉ុស្តិ៍សុំមិនឱ្យបញ្ចេញឈ្មោះនាថ្ងៃនេះថា ការតវ៉ាបានធ្វើឡើងចាប់តាំងពីថ្ងៃទី២១ មិថុនា រហូតមកដល់រសៀលថ្ងៃទី២៨ ខែមិថុនា នៅតែមិនទាន់មានដំណោះស្រាយអ្វីឡើយ។ លោកថា ការតវ៉ានេះ គោលបំណងសំខាន់បំផុតគឺទាមទារឲ្យម្ចាស់ក្រុមហ៊ុន មានច្បាប់ការងារត្រឹមត្រូវសម្រាប់អ្នកបើកបររថយន្ត ក៏ដូចជាព្រូរថយន្ត។ ជាពិសេសត្រូវដកមេការថ្មីដែលទើបចូលធ្វើការងារក្នុងរយៈពេលខ្លី ប៉ុន្តែមិនមានការទទួលខុសត្រូវច្បាស់លាស់។
ក្រុមអ្នកបើកបរប្រាប់ថា៖«យើងស្នើសុំឲ្យមានច្បាប់ការងារ។ ព្រោះកន្លងមកពេលមានគ្រោះថ្នាក់ ព្រូឡានត្រូវបាត់បង់ជីវិត ហើយអ្នកបើកបររបួសធ្ងន់មិនមានការទទួលខុសត្រូវពីខាងក្រុមហ៊ុន។ គ្មានធានារ៉ាប់រង គ្មានអីឲ្យមកពួកខ្ញុំទេ។ គាត់[ម្ចាស់ក្រុមហ៊ុន]មានតែធានារ៉ាប់រងទ្រព្យសម្បត្តិ របស់គាត់ហ្នឹង។ អ៊ីចឹង ពួកយើងស្នើសុំគាត់ ឲ្យគាត់រៀបចំអាហ្នឹងឲ្យយើង តែគាត់អត់ធ្វើឲ្យយើង បែរជាឲ្យមេការថ្មីដែលយើងមិនដែលស្គាល់មកគ្រប់គ្រងបង្កបញ្ហាដល់ពួកខ្ញុំជាច្រើន»។
បើតាមការអះអាងរបស់ពួកគេ អ្នកបើកបររថយន្តនៅក្រុមហ៊ុនហុងអ៊ីនសុទ្ធតែបានធ្វើការងារយូរឆ្នាំមកហើយ ខ្លះ៥ឆ្នាំ ខ្លះ១០ទៅ១៥ឆ្នាំ មិនដែលមានបញ្ហាអ្វីក្នុងកិច្ចការងារនោះទេ។ ប៉ុន្តែថ្មីៗនេះម្ចាស់ក្រុមហ៊ុនធ្វើការបិទសិទ្ធិគាបសង្កត់ ធ្វើឲ្យកម្មករជាអ្នកបើកបររថយន្ត និងព្រូ មានការលំបាក។
អ្នកបើកបររថយន្តប្រាប់ថា៖«បងប្អូនខ្លះគាត់សុំចេញទៅចាក់វ៉ាក់សាំង ម្ចាស់ក្រុមហ៊ុនបានសរសេរក្រដាសឲ្យចេញ តែដល់ពេលចាក់ហើយ គេសុំចូលកន្លែងវិញ គាត់អត់ឲ្យចូលទេ បែរជាឲ្យទៅធ្វើចត្តាឡីស័ក១៤ថ្ងៃរង់ចាំក្រុមហ៊ុនផ្តល់ដំណឹងតាមក្រោយ។ ពេលដល់ថ្ងៃកំណត់ស្រាប់តែមានលិខិត១ថ្មីទៀតបញ្ឈប់មេការបាត់»[មេការចាស់]។
លោកនិយាយទៀតថា ក្រោយពេលបានដកមេការចាស់ចេញហើយ ម្ចាស់ក្រុមហ៊ុនបានដាក់មេការថ្មីចូល និងបានដោះដូរអ្នកធ្វើការផ្នែករដ្ឋបាលផ្សេងៗទៀតផងដែរ។ លោកថាមូលហេតុដែលនាំឲ្យមានការធ្វើកូដកម្ម គឺ នៅពេលដែលក្រុមអ្នកបើកបរប្រមាណជាង៣០នាក់ មកពីស្រស់ស្រូបអាហារពេលព្រឹកថ្ងៃទី២១ មិថុនាម៉ោង៨ ម្ចាស់ក្រុមហ៊ុនបានហាមឃាត់មិនឱ្យអ្នកបើកបររថយន្តចូលធ្វើការដូចសព្វដង។
លោកថា៖«ប្រាក់ខែមិនមែនជាបញ្ហាចោទទេ តែរឿងសំខាន់គាត់អត់ព្រមដកមេការតាមដែលគាត់បានសន្យាជាមួយពួកខ្ញុំ ដែលគាត់ថានឹងដកចេញនៅថ្ងៃទី២០ ខែមិថុនានេះ។ មេការថ្មីនេះអត់មានទំនួលខុសត្រូវអីទេ អ៊ីចឹងយើងមិនអាចទទួលយកបានឡើយ។ បើគាត់ចេញច្បាប់ការងារឲ្យពួកខ្ញុំ ហើយដកមេការថ្មីនោះចេញទៅ អាហ្នឹងពួកយើងចូលធ្វើការធម្មតាវិញហើយ»។
ដោយសារតែការតវ៉ាមិនមានលទ្ធផល ក្រុមអ្នកបើករថយន្តបានកំណត់លក្ខខណ្ឌចំនួន៥ ដើម្បីបន្តធ្វើការទាមទារឲ្យក្រុមហ៊ុនដោះស្រាយ។ ទាំង៥ចំណុចដែលក្រុមអ្នកបើករថយន្តដឹកប្រេង និងព្រូ ទាមទារនោះ រួមមាន ទី១ សុំឲ្យដកមេការឈ្មោះ ស៊ុ ផល្លី ចេញពីក្រុមហ៊ុន ទី២សុំទាមទារច្បាប់ការងារពីក្រសួងការងារ ទី៣សុំកុំឲ្យក្រុមហ៊ុនបញ្ឈប់បុគ្គលិកណាម្នាក់ ដែលគ្មានកំហុសចេញ ទី៤សុំឲ្យមានការធានារ៉ាប់រង លើអាយុជិវិតបុគ្គលិកទាំងអស់ ដែលកំពុងបំពេញការងារ និងទី៥សុំសិទ្ធិសេរីភាពម៉ោងចេញចូល និងមានច្បាប់ឈប់សម្រាកពេលឈឺថ្កាត់។
ទោះយ៉ាងណា នៅរសៀលថ្ងៃទី២៨ ខែមិថុនានេះ ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនហុងអ៊ីនបានទេ៕