បន្ទាយ​មាន​ជ័យ/ពោធិ៍សាត់ៈ យ៉ាងហោចណាស់​ មាន​កុមារី ២ នាក់​ ក្នុងចំណោម​កុមារា-កុមារី​ចំនួន​ ៧ នាក់ បាន​លង់ទឹក​ស្លាប់ កាល​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២១ ដោយ​​ក្នុងនោះ​កុមារី​ម្នាក់​ បាន​លង់ទឹក​ស្ទឹង​ស្លាប់ ​ក្នុង​ខេត្តបន្ទាយមានជ័យ ខណៈ​កុមារី​ម្នាក់ទៀត បាន​លង់​ទឹក​​ស្លាប់​ពេល​ចុះ​ងូត​ទឹកស្រះ​ ក្នុង​ខេត្តពោធិ៍សាត់។ 

លោក មាស រិទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៨ ខែ មិថុនា ​ឆ្នាំ ២០២១​ នេះ​ថា ​កុមារី​រងគ្រោះ​ឈ្មោះ ​ធៀ​ម ចរិយា អាយុ៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចារ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​លង់ទឹក​ស្លាប់ បន្ទាប់ពី​នាង និង​ប្អូនប្រុស​បង្កើត​របស់​នាង​ឈ្មោះ ធៀ​ម វាសនា អាយុ ៥ ឆ្នាំ​ ព្រមទាំង​ប្អូនស្រី​ជីដូនមួយ​របស់​នាង ២ នាក់​ទៀត រួមមាន​ឈ្មោះ វី វិ​ជ្ជ​រ៉ា អាយុ ៩ ឆ្នាំ និង ឈ្មោះ វី វិសម័យ​អាយុ ៧ ឆ្នាំ បាននាំគ្នា​ទៅតាមរ​កពូរ​បស់​ពួកគេ​ឈ្មោះ អៀ តុង​វឿ អាយុ ៣៣ ឆ្នាំ ដែល​ទៅ​រាវរក​គ្រំ នៅក្នុង​ស្ទឹង​បឹង​ចារ ដែលមាន​ចម្ងាយ​ប្រមាណ ៣០០ ម៉ែត្រ ពី​ផ្ទះ​របស់​ពួកគេ។

លោក​បាន​បញ្ជាក់ថា៖ «លុះ​ទៅដល់​មាត់​ស្ទឹង ពួកគេ​បាននាំគ្នា​ងូតទឹក​លេង​ផង និងជួយ​រាវ​គ្រំ​ឲ្យ​ពូ​របស់​ពួកគេ​ផង។ បន្ទាប់មក​ពួកគេ​ក៏បាន​រអិល​ជើង​ធ្លាក់ចូល​ទៅក្នុង​អន្លង់​ទឹក​ជ្រៅ បណ្ដាល​ឲ្យ​លង់ទឹក។ ភ្លាមៗនោះ​ពូ​របស់​ពួកគេ បាន​ស្ទុះ​ទៅ​ជួយសង្គ្រោះ​ពួកគេ​ដែរ តែដោយសារ​តែ​គាត់​ម្នាក់ឯង ធ្វើ​ឲ្យ​កុមារី ធៀ​ម ចរិយា ដែល​ត្រូវបាន​ស្រង់​ចេញពី​បាត​ស្ទឹង​ចុងក្រោយ​គេ​នោះបាន​ស្លាប់»។

បច្ចុប្បន្ន សព​កុមារី​រងគ្រោះ ត្រូវបាន​ឪ​ពុក​ម្ដាយ​របស់​នាង រៀបចំ​ពិធី​បុណ្យសព​តាម​ប្រពៃណី។

ចំណែក​លោក ស៊ុយ ម៉ៅ អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា យុវតី​ម្នាក់ ក្នុងចំណោម​គ្នា៣នាក់​ បាន​លង់​ទឹកស្រះ​ស្លាប់​ ក្រោយពី​ពួកគេ​ ត្រឡប់​ពី​ស្ទូងស្រូវ​នៅឯ​ស្រែ ហើយ​នាំគ្នា​ចុះ​ងូត​ទឹកស្រះ​លេង ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន។

លោក ម៉ៅ បាន​បន្តថា យុវតី​រងគ្រោះ​ឈ្មោះ ម៉ៅ ស្រីរ័ត្ន​អាយុ១៤ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្រែ​ឫស្សី ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។ នៅ​មុនពេល​កើតហេតុ នាង​និង​យុវតី ២ នាក់​ទៀត ​ដែលជា​អ្នកជិតខាង​របស់​នាង រួមមាន​ឈ្មោះ មុំ សៀវ​ម៉ី អាយុ ១៥ ឆ្នាំ និង​ឈ្មោះ សាន ស្រីនាត អាយុ ១៥ ឆ្នាំ បាននាំគ្នា​ត្រឡប់​ពី​ស្ទូងស្រូវ​នៅឯ​ស្រែ ដែលមាន​ទីតាំង​ចម្ងាយ​ប្រមាណ ២០០ ម៉េ​ត្រ ពី​ស្រះ​ទឹក ដែលជា​ចំណុចកើតហេតុ។

លោក​បាន​បញ្ជាក់ថា៖ «តាម​ការអះអាង​របស់​យុវតី​ឈ្មោះ សៀវ​ម៉ី និង ស្រីនាត ពេលមកដល់​ស្រះ​ទឹក ពួកគេ​បាននាំគ្នា​ដោះ​អាវដៃវែង និងខោជើងវែង ដែល​ប្រឡាក់​ភក់​ពេល​ស្ទូងស្រូវ មក​គក់ ហើយក៏​នាំគ្នា​ចុះ​ងូតទឹក​លេង។ ប៉ុន្តែ​ដោយ​ស្រះ​នោះ​មាន​សភាព​ចោទ​និង​រអិល ស្រីរ័ត្ន [ជនរងគ្រោះ] ក៏បាន​ផុងជើង​ទៅក្នុង​ទឹក​ជ្រៅ ហើយក៏​លង់ទឹក​តែម្ដង»។

លោក ម៉ៅ បាន​បន្តថា៖« ពេលនោះ ពួកនាង​ទាំង ២ បាន​ស្រែកហៅ​អ្នកភូមិ​មកជួយ តែ​ទំរាំ​អ្នកភូមិ​មកដល់ ស្រីរ័ត្ន​ ក៏បាន​លិចទៅ​ក្នុង​បាត​ស្រះ។ ក្រោយ​អ្នកភូមិ​រាវរក​ឃើញ​និង​ស្រង់​ពី​ក្នុង​ស្រះ ស្រីរ័ត្ន បាន​ស្លាប់​បាត់ទៅហើយ»។

បើតាម​លោក ម៉ៅ ស្រះ​ទឹក​នោះ​មាន​ជំរៅ ជាង ៤ ម៉ែត្រ ​និង​មាន​ច្រាំង​ចោត ហើយ​រអិលខ្លាំង ដែល​ងាយ​នឹង​បណ្ដាល​ឲ្យ​អ្នក​ដែល​មិនចេះ​ហែល​ទឹក អាច​ផុងជើង​ធ្លាក់​ទៅក្នុង​ទឹក​ជ្រៅ លង់​ស្លាប់​បាន។

ជាមួយគ្នានេះ​លោក​បាន​អំពាវនាវ​ដល់​អ្នកភូមិ​​សូម​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ ហើយ​ត្រូវ​ណែនាំ​កុំ​ឲ្យ​កុមារតូចៗចុះ​លេង​ទឹកស្រះ ទឹកអូរ ឬប្រឡាយ ព្រោះ​ក្នុង​រដូវវស្សា​នេះ ទឹកអូរ និង​ប្រឡាយ​មួយចំនួន ​មានទឹក​ជ្រៅ​ ដែល​អាច​បង្ក​ឲ្យ​លង់​ស្លាប់​ បាន៕