ភ្នំពេញៈ រយៈពេល ៦ ខែ ឆ្នាំ ២០២១ នេះ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនជាង ៨០០ គីឡូក្រាម និងឃាត់ខ្លួនមនុស្សជាង ៧ ពាន់នាក់ និងរកឃើញដើមកញ្ឆាជាង ១ ម៉ឺន ៤ ពាន់ដើម។ នេះបើតាមរបាយការណ៍មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក មាស វិរិទ្ធ អ្នកនាំពាក្យ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា លទ្ធផលនៃការអនុវត្តច្បាប់ចាប់ពីខែមករា ដល់ខែមិថុនានេះនគរបាលបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣ ១៤៩ ករណី ក្នុងនោះបានឃាត់ខ្លួនមនុស្សចំនួនជាង ៧ ពាន់នាក់មានជនបរទេស ១២០ នាក់មាន ៨ សញ្ជាតិ និងដកហូតគ្រឿងញៀនបានជាង ៨០០ គីឡូក្រាម។ ក្រៅពីនេះក៏បានរកឃើញដើមកញ្ឆាជាង ១ ម៉ឺន ៤ ពាន់ដើមផងដែរ។
លោកថ្លែងថា៖ «ករណីគ្រឿងញៀនក្នុងរយៈពេល ៦ ខែមកនេះ កើតមានឡើងតាមរូបភាព ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង ប្រើប្រាស់ និងមានជាង ២០០ ករណីជាការបង្ក្រាបដោយអនុវត្តតាមដីការបស់តុលាការ»។
របាយការណ៍បានបញ្ជាក់ថា ការអនុវត្តច្បាប់រយៈពេល ៦ ខែ ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២១ កម្លាំងជំនាញ បង្ក្រាបករណីគ្រឿងញៀនសរុបបាន ៣ ១៤៩ ករណី ឃាត់មនុស្សបានសរុប ៧ ០៥៣ នាក់ ក្នុងនោះស្រី ៣៧៧ នាក់ និងជនបរទេស ១២០ នាក់ ស្រី ១០ នាក់ មាន ៨ សញ្ជាតិ។
ក្រៅពីឃាត់ខ្លួនមនុស្ស និងដកហូតគ្រឿងញៀននគរបាលក៏បានឃាត់ទុកនូវមធ្យោបាយផ្សេងៗមួយចំនួនទៀតរួមមាន រថយន្ដ ៤៧ គ្រឿង ម៉ូតូ ៨១៨ គ្រឿង អាវុធខ្លី ៥ ដើម អាវុធវែង ១៨ ដើម និងអាវុធកែច្នៃ ១១ ដើម។ លុយខ្មែរជាង ៨ លានរៀល លុយដុល្លារជាង ១ ២០០ ដុល្លារ លុយថៃជាង ២៤ ០០០ បាត និងលុយវៀតណាម ២១ ០០០ ដុង។
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី ២៥ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យមន្ត្រីក្រោមឱវាទរបស់លោក ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀនចូលមកក្នុងប្រទេសឱ្យមានប្រសិទ្ធភាព ខណៈលោកទទួលស្គាល់ថា គ្រឿងញៀននៅតែជាបញ្ហាគំរាមកំហែងដល់ការអភិវឌ្ឍប្រទេសជាតិ។
លោក ហ៊ុន សែន ថ្លែងថា៖ «ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកបន្ថែមឱ្យបានទូលំទូលាយនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី តំបន់ និងជាសកល ដើម្បីទប់ស្កាត់ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។
តាមសារលិខិតរបស់លោក ហ៊ុន សែន បទល្មើសគ្រឿងញៀនចំនួន ១០ ៤៦១ ករណីត្រូវបានបង្ក្រាបនៅក្នុងឆ្នាំ ២០២០ គឺបង្ក្រាបបានច្រើនជាងឆ្នាំ ២០១៩ ប្រមាណ ៦,៧៩ ភាគរយ។
ក្នុងបទល្មើសគ្រឿងញៀនដែលត្រូវបានបង្ក្រាបទាំងនោះមានជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន ២១ ៥៦៦ នាក់ត្រូវបានឃាត់ខ្លួនគឺមានចំនួនច្រើនជាងឆ្នាំ ២០១៩ ប្រមាណ ៥,២៥ ភាគរយ និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទបានជាង ៣ ៨៧៥ គីឡូក្រាម ដែលបរិមាណនេះមានការកើនឡើងប្រមាណ ៥១៦ ភាគរយ បើប្រៀបធៀបទៅនឹងបរិមាណដែលចាប់បានក្នុងឆ្នាំ ២០១៩។
លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សម្ភារឧបទេស សម្រាប់ការអប់រំបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមគ្រឹះស្ថានសិក្សាបានថ្លែងកាលពីម្សិលមិញថា ក្រសួងអប់រំបានយកចិត្ដទុកដាក់ បញ្ជ្រាបចំណេះដឹងលើបញ្ហាគ្រោះថ្នាក់ដោយការប្រើប្រាស់គ្រឿងញៀននេះ ដល់សិស្សានុសិស្សនៅតាមសាលារៀននៅទូទាំងប្រទេស។ ក្រសួងក៏កំពុងរៀបចំបង្កើតបណ្ណាល័យឌីជីថល ដើម្បីផ្សព្វផ្សាយចំណេះដឹង និងមេរៀនអប់រំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះជាច្រើនទៀតដល់សាធារណជន និងសិស្សានុសិស្ស។
លោកស្រីថ្លែងថា៖ «ក្រសួងអប់រំបានរៀបចំឱ្យមានសម្ភារឧបទេសសម្រាប់ការអប់រំក្នុងការបង្រៀនដល់សិស្សនៅកម្រិតបឋមសិក្សា និងកម្រិតមធ្យមសិក្សា។ ការអប់រំនេះយើងបានរៀបចំបណ្ដុះបណ្ដាលដល់ក្រុមជនបង្គោល និងរៀបចំជាក្រុមការងារ សម្រាប់រៀបចំជាឯកសារបង្រៀនសៀវភៅ និងការបណ្ដុះបណ្ដាលពីវិធីសាស្ដ្របង្រៀនលើបញ្ហាគ្រឿងញៀននេះដល់សិស្ស»។
លោកស្រីសង្ឃឹមថា តាមរយៈកិច្ចសហការរវាងអ្នកពាក់ព័ន្ធគ្រប់ភាគីទាំងស្ថាប័នរដ្ឋ និងសង្គមស៊ីវិលបញ្ហាគ្រឿងញៀននឹងអាចកាត់បន្ថយ និងឈានទៅលុបបំបាត់បាននាថ្ងៃអនាគត៕