ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) ​និង​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​នេះ​បាន​លើកឡើង​ត្រួសៗ​ពី​ប្រវត្តិ​តស៊ូ និង​សមិទ្ធផល​នានា​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​សម្រេច​បាន ជាពិសេស​ក្នុង​​រយៈពេល​ ៤២ ​ឆ្នាំ​ចុងក្រោយ ដើម្បី​បុព្វហេតុ​ប្រជាជន និង​ប្រទេស​កម្ពុជា​។

ការលើកឡើង​ទាំងនេះ​ធ្វើឡើង​តាមរយៈ​ផ្ញើ​សារ​ក្នុង​ទិវា​រំឭក​ខួប​លើក​ទី​៧០ ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នា​ថ្ងៃទី​ ២៨ ខែមិថុនា ឆ្នាំ​ ១៩៥១ ​ដែល​មាន​ឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដោយ​មាន​ប្រភព​ពី​ចលនា​តស៊ូ​ស្នេហា​ជាតិ​ប្រឆាំង​ពួក​អាណានិគម​និយម​ ដើម្បី​ឯករាជ្យ​ជាតិ​។

នៅក្នុង​សារ​ដដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឱ្យ​ដឹងថា ក្នុង​រយៈពេល​ ៧០ ​ឆ្នាំ​នេះ គណបក្ស​បាន​ដឹកនាំ​ប្រជាជន​តស៊ូ​ប្រយុទ្ធ​យ៉ាង​អង់អាច​ ដើម្បី​រំដោះ​ប្រទេស​ជាតិ​ពី​ការឈ្លានពាន​ត្រួតត្រា​របស់​ពួក​បរទេស និង​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បានបញ្ចប់​ទាំងស្រុង​សម័យកាល​ដ៏ខ្មៅ​ងងឹត​បំផុត​នៃ​កម្ពុជា ហើយ​បើក​ឡើង​ទំព័រ​ប្រវត្តិសាស្ត្រ​លើ​មាគ៌ា​សន្តិភាព បង្រួបបង្រួម​ជាតិ ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍​។

លោក ហ៊ុន សែន បាន​រៀបរាប់​ថា រយៈពេល​ ៤២ ​ឆ្នាំ​កន្លង​ទៅ បន្ទាប់ពី​បានទទួល​ជ័យជម្នះ​លើ​របប​ ប៉ុល ពត នា​ថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ១៩៧៩ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​សម្រេចបាន​សមិទ្ធផល​ដ៏ធំធេង​ក្នុង​បុព្វហេតុ​នៃ​ការការពារ​ការរស់​ឡើងវិញ​របស់​ប្រជាជន រាំង​ស្កាត់​ការប៉ុនប៉ង​វិលត្រឡប់​មកវិញ​នៃ​របប​ប្រល័យពូជសាសន៍​, ការស្តារ និង​កសាង​ប្រទេស​ឡើងវិញ​ពី​បាតដៃ​ទទេ​​ឱ្យ​មាន​ស្ថិរភាព​ជា​ជំហានៗ បង្កើត​​បាន​បុព្វបទ និង​លក្ខណសម្បត្តិ​ជា​មូលដ្ឋាន​សម្រាប់​ការបង្រួបបង្រួម​ជាតិ​,​ការបង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី និង​ព្រះរាជាណាចក្រ​កម្ពុជា​ទី​ ២ នា​ឆ្នាំ​ ១៩៩៣,​ ការបង្កើត​សន្តិភាព​ពេញលេញ​ជូន​ជាតិ ចាប់ពី​ចុងឆ្នាំ​ ១៩៩៨ មក តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ​, ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ធ្វើឱ្យ​ប្រជាជន​មាន​​ជីវភាព​កាន់តែ​ប្រសើរឡើង ហើយ​កំពុង​រួមរស់​ជាមួយ​គ្នា​យ៉ាង​សុខដុមរមនា​។

លោក​បាន​បញ្ជាក់ថា​៖ «​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​គ្រប់​ការបោះឆ្នោត​កន្លង​មក​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស ទាំង​នៅ​ថ្នាក់ជាតិ​ទាំង​នៅ​ថ្នាក់ក្រោម​ជាតិ គឺជា​សក្ខីភាព​បញ្ជាក់​ច្បាស់​ថា ប្រជាជន​មាន​ជំនឿ​ទុកចិត្ត​យ៉ាង​មុតមាំ​លើ​គណបក្ស​ក្នុង​ការដឹកនាំ​ប្រទេស​តាម​មាគ៌ា​មួយ​ដ៏ត្រឹមត្រូវ​ដែល​នាំមក​សន្តិភាព ស្ថិរភាព ការរីកចម្រើន និង​សុភមង្គល​របស់​ប្រជាជន​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន ចាត់ទុក​ការផ្តល់​យុត្តិធម៌ និង​ការគាំទ្រ​ឥត​រង្គោះរង្គើ​ដល់​គណបក្ស​នៅ​គ្រប់កាលៈទេសៈ​ថា ជា​ការធ្វើ​ឱ្យ​គណបក្ស​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន​។ ឆ្លើយតប​ទៅនឹង​ការជឿទុកចិត្ត​នេះ​គណបក្ស​នឹង​បន្ត​ពុះពារ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ ដើម្បី​ការពារ​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​ចាក់ឫស​យ៉ាងរឹងមាំ​។

បើតាម​លោក ហ៊ុន សែន ទោះបី​ពុំ​មាន​ការជួបជុំ​ធំ​ ដើម្បី​រំឭក​ខួប​លើក​ទី​ ៧០ ​នៃ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩ ​ក្តី ក៏​ស្មារតី​ចងចាំ គុណូបការៈ​ដ៏ថ្លៃថ្លា​បំផុត​របស់​បុព្វការីជន យុទ្ធជន យុទ្ធនារី និង​អ្នកស្នេហាជាតិ​គ្រប់​ជំនាន់ នៅតែ​ស្ថិត​ក្នុង​ដួងចិត្ត​របស់​យើង​ជានិច្ច​។

លោក​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​​ថា​៖ «​យើង​ជា​ខ្មែរ​ទាំងអស់​គ្នា​ប្តេជ្ញា​ប្រែក្លាយ​ស្មារតី​នេះ​ឱ្យ​ទៅ​ជា​សកម្មភាព​ដ៏ខ្លាំងក្លា ស្រុះដៃ​គា្ន​ដោយ​ឆន្ទៈ​តែមួយ ដើម្បី​បន្ត​កសាង និង​ការពារ​មាតុភូមិ​យើង​​ឆ្ពោះ​ទៅ​រក​អនាគត​ដ៏ត្រចះត្រចង់​»​។

ដោយឡែក​នៅក្នុង​សារលិខិត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ ​និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បានឱ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រភព​កើតចេញ​ពី​ចលនា​តស៊ូ​ស្នេហា​ជាតិ​ប្រឆាំង​របប​អាណានិគមនិយម​បារាំង​ ដើម្បី​ឯករាជ្យ​ជាតិ​។ ​នៅក្នុង​រយៈពេល ៧០ ​ឆ្នាំ​មក​នេះ​គណបក្ស​បាន​ខិតខំ​តស៊ូ​លះបង់ និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការបម្រើ​ការពារ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ដោយបាន​ឆ្លងកាត់​ឧបសគ្គ​រាប់រយ​ជំពូក​។

លោក​បាន​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ចលនា​តស៊ូ​ប្រឆាំង​របប​អាណានិគមនិយម ដើម្បី​ឯករាជ្យ​ជាតិ បន្ទាប់​មកពី​ឆ្នាំ​ ១៩៥៣ ដល់​ឆ្នាំ​ ១៩៧០ បាន​ចូលរួម​យ៉ាង​​សកម្ម​ក្នុង​ការការពារ​ឯករាជ្យ សន្តិភាព និង​អធិបតេយ្យ​ជាតិ​។ គណបក្ស​បាន​បន្ត​តស៊ូ​ ដើម្បី​រំដោះជាតិ​ពី​ការឈ្លានពាន​របស់​បរទេស​ពី​ភ្លើងសង្គ្រាម​​ឆ្នាំ​ ១៩៧០-១៩៧៥ និង​បាន​រំដោះ​ប្រទេសជាតិ​ចេញផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នា​ថ្ងៃទី​ ៧ ខែ​​ មករា ឆ្នាំ​ ១៩៧៩​។

លោក​បាន​ថ្លែងថា​៖ «​យើង​មិនអាច​រៀបរាប់​អស់ពី​អ្វីដែល​យើង​បាន​ឆ្លងកាត់​នៅក្នុង​រយៈពេល​ ៧០ ​ឆ្នាំ​មកនេះ​បាន​អស់​នាពេលនេះ​បាន​នោះឡើយ​។

ប៉ុន្តែ​ជា​សក្ខីភាព​ទោះបី​ត្រូវ​ប្រឈម​នឹង​ការវិវឌ្ឍ​ដ៏ឆាប់រហ័ស និង​ស្មុគស្មាញ​បំផុត​នៃ​សភាពការណ៍​ជាតិ​អន្តរជាតិ​យ៉ាងណាក្តី​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ស្ថិត​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​ក្នុង​គ្រប់​កាលៈទេសៈ​ពោលគឺ ​"​គណបក្ស​ប្រជាជន​កម្ពុជា​កើតចេញពី​ប្រជាជន​ ដើម្បី​ប្រជាជន និង​សម្រាប់​ប្រជាជន​"»​។

បើតាម លោក ហេង សំរិន បន្ទាប់ពី​ថ្ងៃ​ជ័យជម្នះ ៧ ​មករា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ស្តារ និង​កសាង​ប្រទេសជាតិ​ឡើងវិញ​ពី​បាតដៃ​​ទទេ​។ ​ដៃ​ម្ខាង​យើង​អភិវឌ្ឍ​ប្រទេស​ជាតិ ដៃ​ម្ខាង​យើង​ខិតខំ​ទប់ស្កាត់​មិន​​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​វិលត្រឡប់​មកជា​ថ្មី រួម​នឹង​ការខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ធ្វើការ​បង្រួបបង្រួម​ជាតិ​ ដើម្បី​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង​បាន​ទាំងស្រុង​ធ្វើឱ្យ​ជាតិខ្មែរ​ទាំងមូល​រស់នៅ​ក្រោម​ដំបូល​បាវចនា​តែមួយ​គឺ ជាតិ សាសនា និង​ព្រះមហាក្សត្រ​។

ទោះបី​មិនអាច​រៀបចំ​ពិធី​មីទ្ទីង​ជា​ទ្រង់ទ្រាយ​ធំ​ដើម្បី​អបអរសាទរ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដូច​ឆ្នាំមុនៗ​ក្ដី ក៏​លោក ហេង សំរិន បាន​អំពាវនាវ​ឱ្យ​គណៈកម្មាធិការ​គណបក្ស​នៅ​គ្រប់​ថ្នាក់​បន្ត​លើកកម្ពស់​ប្រពៃណី​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាជន ខិតខំ​ពង្រឹង​សាមគ្គីភាព ឯកភាព​​ផ្ទៃក្នុង​ដើម្បី​សម្រេច​បាន​សមិទ្ធផល​​ធំៗ និង​ថ្មីៗ​ថែមទៀត​។

ចំណែក​លោក​​ ស៊ី ជីនភីង អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន​ (CPC) ​និង​ជា​ប្រធានាធិបតី​ចិន​កាលពី​ម្សិលមិញ​នេះ​ ក៏​បាន​ផ្ញើ​សារ​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​អបអរសាទរ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឱកាស​គម្រប់​ខួប​ ៧០ ​ឆ្នាំ​របស់ខ្លួន​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ចិន xinhua នៅ​ថ្ងៃទី​ ២៨ ខែ មិថុនា ឆ្នាំ​ ២០២១​។

លោក ស៊ី ជីនភីង ថ្លែងថា អស់​រយៈពេល​ជាយូរ​មកហើយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្រួបបង្រួម និង​ដឹកនាំ​ប្រជាជន​កម្ពុជា​ក្នុង​ការជំរុញ​បុព្វហេតុ​នៃ​ការកសាង​អភិវឌ្ឍ​ជាតិ​បាន​​រួមចំណែក​ជា​វិជ្ជមាន​ដល់​ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​។

យ៉ាងណាក្ដី លោក​ ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​កម្ពុជា​ថ្លែង​ថា គណបក្ស​ប្រជាជន​ត្រូវបាន​បង្កើតឡើង​​ដោយ​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន និង​បាន​កាន់អំណាច​បច្ចុប្បន្ន​នេះ​ដឹកនាំ​ដោយ​ឯកបក្ស និង​អនុវត្ត​ស្រដៀង​បក្ស​កុម្មុយនីស្ត​ច្រើន បើ​ទោះ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​ពីរ​បប​ពី​សេរី​ពហុបក្ស​ក៏ដោយ ក្នុង​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​បាន​រួមតូច​ដោយ​មិនសូវ​ផ្សព្វផ្សាយ​ពី​ភាពអវិជ្ជមាន​របស់​រដ្ឋាភិបាល​។

លោក សុវណ្ណារ៉ា បន្តថា បើទោះបី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ពី​ការ​នៅ​រួមសុខ​រួមទុក្ខ និង​មិន​រត់ចោល​ពលរដ្ឋ​ក៏ដោយ ក៏ប៉ុន្តែ​ស្ថានភាព​​ជាក់ស្តែង​ពលរដ្ឋ​មាន​សិទ្ធិអំណាច​តែ​ក្នុង​ថ្ងៃ​បោះឆ្នោត​ប៉ុណ្ណោះ ហើយ​នៅ​ថ្ងៃ​ធម្មតា​វិញ គឺ​ពលរដ្ឋ​ពិបាក​ក្នុង​ការស្នើសុំ​សេវាសាធារណៈ​ផ្សេងៗ​ពី​រដ្ឋអំណាច​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មើលទៅ​អត់​ទាន់​ពេញលេញ​ចំពោះ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន គឺ​នៅមាន​ខ្វះចន្លោះ​ច្រើន ដូចជា​ខ្វះ​មតិ​រិះគន់ [​គណបក្សប្រឆាំង​] ហើយ​មតិ​រិះគន់​នេះ ត្រូវបាន​គណបក្ស​កាន់អំណាច​ចាត់ទុក​ថា ជា​អ្នកប្រឆាំង អ៊ីចឹង វា​អត់​មាន​អី​រីកចម្រើន​ទេ​។ ប្រទេស​ប្រជាធិបតេយ្យ​គេ​ឱ្យ​តម្លៃ​ទៅលើ​ការរិះគន់​ឱ្យ​មាន​ការកែតម្រូវ​ទើប​សង្គម​មួយ​មាន​ការរីកចម្រើន​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា និង​ជា​អ្នកវិភាគ​បញ្ហា​​នយោបាយ​ថ្លែងថា ៧០ ​ឆ្នាំ​កន្លងមក​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​នូវ​ប្រវត្តិសាស្ត្រ​ច្រើន​ដំណាក់កាល និង​បាន​កសាង​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន ជូន​ជាតិ​មាតុភូមិ​។

លោក​បាន​បន្តថា ចាប់​តាំង​ឆ្នាំ​ ១៩៧៩ រហូតមកដល់​បច្ចុប្បន្ន​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​នាំមក​នូវ​ការរំដោះ​ប្រជាពលរដ្ឋ​ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (​ខ្មែរក្រហម​) ​ការបង្រួបបង្រួម​ជាតិ​ការនាំមក​សន្តិភាព​ពេញលេញ​បរិបូរណ៍ ការដឹកនាំ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ និង​ការនាំ​​មក​នូវ​កិត្យានុភាព​ជាតិ និង​នាំ​មក​ឱ្យ​កម្ពុជា​មាន​តួនាទី​ដ៏មាន​សារៈសំខាន់​ខ្លាំង​ឡើងៗ នៅលើ​ឆាក​អន្តរជាតិ​។

លោក គិន ភា ថ្លែងថា​៖ «​នេះ ​គឺជា​ចំណុច​កត់សម្គាល់​សំខាន់ៗ​របស់ខ្ញុំ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការដឹកនាំ​ក្នុង​រយៈពេល​ ៧០ ​ឆ្នាំ​កន្លង​​មកនេះ​»៕