ភ្នំពេញៈ ក្នុង​ខែមិថុនា ឆ្នាំ​ ២០២១ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ពិនិត្យ​ព្យាបាល​ដល់​កុមារ​ឈឺ​ជាង​ ២ ​ម៉ឺន​នាក់​គឺ​កើនឡើង​ជាង​ ១ ​ពាន់​នាក់ បើ​ធៀប​នឹង​ខែឧសភា ដែលមាន​ចំនួន​ជិត​ ២ ​ម៉ឺន​នាក់​។

បើតាម​របាយការណ៍​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ឱ្យ​ដឹងថា ក្នុង​ខែ​មិថុនា កុមារ​ឈឺ​ចំនួន ២០ ៣០៨ ​នាក់​ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ គឺ​បាន​កើនឡើង​ចំនួន​ ១ ៤៩៤​ នាក់ បើ​ធៀប​នឹង​ខែ​មុន​ដែលមាន​ ១៨ ៨១៤ ​នាក់​។ កុមារ​មាន​ជំងឺ​ធ្ងន់ៗ ៣ ៨២៤ ​នាក់​ត្រូវ​បានដាក់​ឲ្យ​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​កើនឡើង​ ៩៤ ​នាក់ បើ​ធៀប​នឹង​ខែ​មុន​ដែលមាន ៣ ៧៣០ ​នាក់​។

កុមារ​ចំនួន​ ១ ១៨១ ​នាក់​ត្រូវ​បានទទួល​ការវះកាត់​កើនឡើង​ ៦៧ ​នាក់ បើ​ធៀប​នឹង​ខែ​មុន​ដែលមាន​ ១ ១១៤ ​នាក់​។

កុមារ​ដែល​ទទួល​ការវះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​នៅ​គន្ធបុប្ផា​ភ្នំពេញ និង​សៀមរាប​មាន​ចំនួន ​៣១ ​នាក់ កើនឡើង​ ៣ ​នាក់ បើ​ធៀប​នឹង​ខែ​មុន​ដែលមាន​ ២៨ ​នាក់​។

របាយការណ៍​បញ្ជាក់ថា នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ (​គន្ធបុប្ផា​ទី​៣) ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ៣ ៨៩៥ ​នាក់ ​បាន​មក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព គឺ​កើនឡើង​ ៣៨១ ​នាក់ បើ​ធៀប​នឹង​ខែ​មុន​ដែលមាន​ ៣ ៥១៤ ​នាក់ និង​សម្រាលកូន​បាន​ចំនួន​ ១ ៣៩២ ​នាក់ កើនឡើង​ ៩៥ ​នាក់ បើ​ធៀប​នឹង​ខែ​មុន​ដែលមាន​ចំនួន​ ១ ២៩៧ ​នាក់​។

មន្ទីរពេទ្យ​គន្ធបុប្ផា​បញ្ជាក់​ក្នុង​របាយការណ៍​ថា​៖ «​រាល់​ការព្យាបាល​ទាំងអស់ គឺ​ឥតគិតថ្លៃ សម្រាប់​គ្រប់ៗ​គ្នា ដោយ​ពុំមាន​ការរើសអើង​! សូម​អរគុណ ដល់​បុគ្គលិក​កម្ពុជា​ទាំង ២ ៥០០ ​នាក់ ដែល​បាន​ខិតខំ​បំពេញ​ការងារ ប្រកប​ដោយ​វិជ្ជាជីវៈ​»​។

លោក Denis Laurent អគ្គនាយក​មូលនិធិ​គន្ធបុប្ផាស្វ៊ីស ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៨ ​ខែ​មិថុនា​ថា តួលេខ​នេះ​គឺជា​ការប្រែប្រួល​ប្រចាំខែ​ធម្មតា​។ លោក​ថា​៖ «​យើង​នៅតែ​មាន​ការព្យាបាល​ករណី​ធ្ងន់ធ្ងរ​ជាច្រើន​»​។

ក្នុង​ខែឧសភា​ចំនួន​កុមារ​ដែល​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​សម្រាក​ព្យាបាល​ជំងឺ​ធ្ងន់ៗ និង​ទទួល​ការវះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង តាម​សរសៃឈាម​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ថយ​បើ​ធៀប​នឹង​ខែមេសា ដោយសារ​តែ​ការបិទខ្ទប់​ទីក្រុង​ និង​ការរឹតត្បិត​ការធ្វើដំណើរ​ឆ្លងខេត្ត​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​។

កាលពី​ថ្ងៃទី​ ១ ខែមិថុនា កាកបាទក្រហមកម្ពុជា​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ១ ​លាន​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។

នៅក្នុង​លិខិត​ថ្លែងអំណរគុណ​ផ្ញើ​ទៅកាន់​លោកស្រី​ ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា លោក Denis Laurent ថ្លែងថា មូលនិធិ​គន្ធបុប្ផា​ស្វ៊ីស​បាន​ចាត់ចែង​វិធានការ​សំខាន់ៗ​មួយចំនួន​ ដើម្បី​ធានា​ក្នុង​ការបន្ត​សកម្មភាព​ «​ដ៏អស្ចារ្យ​ និង​កម្រិត​ខ្ពស់​» ​របស់​មន្ទីរពេទ្យ​គន្ធបុប្ជា ដែល​មាន​បុគ្គលិក​កម្ពុជា​ចំនួន ២ ៥០០ ​នាក់ ក្នុង​ស្មារតី​របស់​សព​ស្ថាបនិក​មន្ទីរពេទ្យ គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner​។

លោក Denis Laurent បាន​បញ្ជាក់ថា​៖ «​យើង​អាច​ធានាបាន​ថា ថវិកា​នេះ​នឹង​ជួយ​យើង​ក្នុងការ​ជួយសង្គ្រោះ​ដល់​ជីវិត​កុមារ​កម្ពុជា​ជាច្រើន​នាក់ ឬ​ទប់ស្កាត់​ភាពពិការ​របស់​ពួកគេ​»៕

វីដេអូ៖