The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ខ្លាលឿងមាស​ ដែល​ជា​ប្រភេទ​សត្វ​កម្រ​លើ​ពិភពលោក​ បង្ហាញ​វត្តមាន​ក្នុង​តំបន់​ការពារ​ធម្មជាតិ




ខ្លាលឿងមាស​ ដែល​ជា​ប្រភេទ​សត្វ​កម្រ​លើ​ពិភពលោក​ បង្ហាញ​វត្តមាន​ក្នុង​តំបន់​ការពារ​ធម្មជាតិ

Content image - Phnom Penh Post
ខ្លាលឿងមាស​ត្រូវបាន​ប្រទះឃើញ​ក្នុង​តំបន់​ការពារ​នៅ​ខេត្តរតនគិរី​។ ​រូប ក្រសួង​បរិស្ថាន

ខ្លាលឿងមាស​ ដែល​ជា​ប្រភេទ​សត្វ​កម្រ​លើ​ពិភពលោក​ បង្ហាញ​វត្តមាន​ក្នុង​តំបន់​ការពារ​ធម្មជាតិ

រតនគិរីៈ សត្វ​ខ្លាលឿងមាស ដែលជា​ប្រភេទ​សត្វ​កម្រ​នៅលើ​ពិភពលោក បានបង្ហាញ​វត្តមាន​ក្នុង​តំបន់​ការពារធម្មជាតិ ខេត្ត​រតនគិរី ខណៈ​ថ្មីៗ​ក្រសួងបរិស្ថាន រកឃើញ​ជា​បន្តបន្ទាប់​នូវ​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​ជាច្រើន ទៀត​ដែល​បាន​លេច​វត្តមាន​នៅ​កម្ពុជា​ផងដែរ​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​។

រដ្ឋលេខាធិការ​ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន លោក​ នេត្រ ភក្ត្រា បានឱ្យដឹង កាលពី​ថ្ងៃទី​ ២៧ ខែមិថុនា ថា យោងតាម​ទិន្នន័យ​រូបភាព​ដែល​មន្ត្រី​ជំនាញ​ប្រមូលបាន​ពី​ម៉ាស៊ីនថត​ស្វ័យប្រវត្តិ​ពី​ឧទ្យាន​ជាតិ​វីរជ័យ​ក្នុង​ខេត្តរតនគិរី មាន​វត្តមាន​សត្វ​ខ្លាលឿងមាស​ដែលជា​ប្រភេទ​សត្វខ្លា​កម្រ​នៅលើ​ពិភពលោក​។

លោក​និយាយថា ឧទ្យាន​ជាតិ​វីរជ័យ ដែលជា​ឧទ្យាន​បេតិកភណ្ឌ​ធម្មជាតិ អាស៊ាន ជា​តំបន់​ដែល​សម្បូរ​ជីវចម្រុះ​ក្នុង​នោះ​ប្រភេទ​សត្វព្រៃ​ជាច្រើន​ដែលជា​ប្រភេទ​សត្វ​កម្រ​ត្រូវបាន​ថត​តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដែល​ក្រុមការងារ​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​អភិរក្ស​ធម្មជាតិ​ដីគោក​ខាងកើត​ទន្លេមេគង្គ​នៃ​ក្រសួង​បរិស្ថាន​បាន​ដាក់​រយៈពេល​ ៣ ​ខែ ពី​ខែមីនា ដល់​ខែឧសភា ឆ្នាំ​ ២០២១​។

លោក​ នេត្រ ភក្ត្រា ​ថ្លែង​ថា​៖ «​ការសិក្សា​ស្រាវជ្រាវ​ (​ដាក់​ម៉ាស៊ីនថត​ស្វ័យប្រវត្តិ​) ​គឺ​ដើម្បី​ប្រមូលយក​នូវ​ទិន្នន័យ​សំខាន់ៗ​អំពី​វត្តមាន​សត្វព្រៃ និង​ដើម្បី​រៀបចំ​ការបែងចែក​តំបន់​គ្រប់គ្រង​ក្នុង​តំបន់​ការពារ​ធម្មជាតិ​»​។

ទាក់ទង​នឹង​កិច្ចការ​ស្រាវជ្រាវ​ប្រភេទ​សត្វព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នេះ លោក​ ភក្ត្រា ឱ្យដឹងថា វត្តមាន​ខ្លាលឿងមាស​ត្រូវបាន​កត់ត្រា​តិចតួច​បំផុត ព្រោះ​ជា​ប្រភេទ​សត្វ​កម្រ​ក្នុង​ចំណោម​ត្រកូល​សត្វខ្លា​ទាំង​ ៨ ​ប្រភេទ​។

លោក​ថា​៖ «​គេ​ធ្លាប់​ឃើញ​វត្តមាន​សត្វ​ខ្លាលឿងមាស​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច និង​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ ហើយ​ចុង​ក្រោយនេះ គឺ​សត្វ​ខ្លាលឿងមាស​បាន​រកឃើញ​នៅ​ឧទ្យានជាតិ​វីរជ័យ​ដែល​បង្ហាញថា សត្វ​ខ្លាលឿងមាស​បន្ត​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​»​។

ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​អភិរក្ស​ធម្មជាតិ​ដីគោក​ខាងកើត​ទន្លេមេគង្គ លោក​ ពិន ច័ន្ទរតនា ថ្លែងថា ខ្លាលឿងមាស​មាន​ទម្ងន់​ប្រមាណ​ ៩១៦ ​គីឡូក្រាម ហើយ​ភាគច្រើន​ស៊ី​ពពួកសត្វ​ដង្កេរ​ (​ដូចជា​កំប្រុក កណ្តុរ កង្ហិច កង្ហែន​) សត្វ​ស្លាប ល្មូន ក្តាន់​ញ៉ែង ពពួក​ពានរ ហើយ​ជួនកាល​ស៊ី​សត្វ​ឈ្លូស​ជា​ចំណី​។

លោក​និយាយថា​៖ «​ខ្លាលឿងមាស​ភាគច្រើន​រស់នៅក្នុង​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃរបោះ​ចម្រុះ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​មួយចំនួន​នៅ​ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង និង​ភូមិភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​»​។

បើតាម​មន្ត្រី​រូបនេះ សត្វ​ត្រកូល​ខ្លា​ទាំង​ ៨ ​ប្រភេទ​ដែល​ធ្លាប់មាន​វត្តមាន និង​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​រួមមាន ខ្លាធំ ឬ​ខ្លាដំបង ខ្លារខិន ខ្លា​ពពក ខ្លាត្រី ខ្លាលឿងមាស ខ្លា​ភ្ញីថ្មកែវ ឆ្មាព្រៃ និង​ឆ្មាដាវ​។

លោក​ ពិន ច័ន្ទរតនា បានឱ្យដឹង​ដែរ​ថា ខ្លាលឿងមាស ជា​ប្រភេទ​មំសាសត្វ​មាឌតូច​ស្ថិត​ក្នុង​ត្រកូល​ខ្លា​ទាំង​ ៨ ហើយក៏​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​សត្វ​ជិត​ទទួល​រងគ្រោះ​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​អភិរក្ស​ធម្មជាតិ​។

សូមជម្រាបថា នាពេល​ថ្មីៗ​នេះ​ក្រសួង​បរិស្ថាន ក៏បាន​បង្ហាញ​ប្រភេទ​សត្វ​កម្រ និង​សត្វ​ជិតផុត​ពូជ​ច្រើន​ប្រភេទ លេច​វត្តមាន​នៅ​កម្ពុជា រួមមាន សត្វ​ខ្លាលឿងមាស ឈ្លូសយក្ស សត្វ​ឆ្កែព្រៃ សត្វ​ខ្លាពពក និង​ស្តេច​កូលីត ជា​ប្រភេទ​សត្វ​ស្លាប​ជាដើម​។

បើតាម​លោក​ នេត្រ ភក្ត្រា ប្រទេស​កម្ពុជា​ត្រូវ​បាន​អ្នកជំនាញ​ស្រាវជ្រាវ រកឃើញ​ថា ជា​ប្រទេស​សម្បូរ​ទៅដោយ​ជីវចម្រុះ​ដែល​បានបង្ហាញ​វត្តមាន​ប្រភេទ​ថនិកសត្វ​ចំនួន​ ១២៣ ​ប្រភេទ​។ សត្វ​ស្លាប​ចំនួន​ ៥៤៥ ​ប្រភេទ ឧរង្គសត្វ​ចំនួន ៨៨ ​ប្រភេទ រុក្ខជាតិ​តូចៗ (vascular plants) ​ចំនួន​ ២ ៣០៨ ​ប្រភេទ ត្រី​ចំនួន​ ៨៧៤ ​ប្រភេទ ផ្កាថ្ម​រឹង​ ២៤ ​ប្រភេទ ផ្កាថ្ម​ទន់​ចំនួន​ ១៤ ​ប្រភេទ ស្មៅ​សមុទ្រ​ចំនួន ១០ ​ប្រភេទ និង​ថលជលិក​ ៦៣ ​ប្រភេទ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍