ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សុខាភិបាល​បាន​បញ្ជា​ទិញ​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស SD Biosensor ចំនួន ១ លាន​តេស្ត ដែល​ជា​ឧបករណ៍​តេស្ត​រក​ជំងឺ​កូវីដ​ ១៩ ពី​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ ក្រោយ​មាន​កិច្ចសម្របសម្រួល​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​នេះ ការដឹកជញ្ជូន​ឧបករណ៍​តេស្ត​រហ័ស​នេះ​បាន​មកដល់​កម្ពុជា​កាលពី​ចុង​សប្តាហ៍​មុន​។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៨ មិថុនា​ថា ជាមួយ​នឹង​ការបញ្ជា​ទិញ​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជូន​យន្តហោះ​ចំនួន ២ ​គ្រឿង ដើម្បី​មក​ដឹក​ឧបករណ៍​តេស្ត​រហ័ស​នេះ​ដោយផ្ទាល់​ពី​ប្រទេស​កូរ៉េ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​តែ​ឧបករណ៍​ទាំងអស់​នេះ​ស្មើនឹង ២៥ ​តោន ស្របពេល​យន្តហោះ​ ១ ​ដឹក​បានតែ​ ១៨ តោន​ទើប​រដ្ឋាភិបាល​បញ្ជូន​យន្តហោះ​មក​ ២ ​គ្រឿង ដើម្បី​ដឹក​ឧបករណ៍​តេស្ត​រហ័ស​នេះ​។ ពិតណាស់ ស្ថានទូត​យើង​ជា​អ្នកសម្របសម្រួល​តាំងពី​ការបញ្ជា​ទិញ​ជាមួយ​រដ្ឋាភិបាល​កូរ៉េ រហូត​ដល់​ក្រុមហ៊ុន​ដើម្បី​ទិញ​ឧបករណ៍​រហ័ស​នេះ​។ ម្យ៉ាង​ស្ថានទូត​កម្ពុជា ក៏បាន​សម្របសម្រួល ដើម្បី​ឱ្យ​រដ្ឋាភិបាល​កូរ៉េ អនុញ្ញាត​ឱ្យ​យន្តហោះ​កម្ពុជា​ចុះចត​ ដើម្បី​ដឹក​ជញ្ចូន​ឧបករណ៍​ទាំងនេះ​ផងដែរ​»​។

លោក ឡុង ឌីម៉ង់ បាន​អះអាង​ទៀតថា រដ្ឋាភិបាល​កូរ៉េ​ក៏​បាន​ចូលរួម​ផ្តល់​ការគាំទ្រ និង​សម្ភារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ជាច្រើន ដោយ​ក្នុងនោះ រួមមាន​ឧបករណ៍​តេស្ត​រហ័ស ម៉ាស់ បរិក្ខារ​ពេទ្យ​ជាដើម ដើម្បី​បម្រើឱ្យ​ទាំង​វិស័យ​ឯកជន និង​រដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ទាំងនេះ បង្ហាញថា នេះ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សុខាភិបាល​រវាង​ប្រទេស​យើង​ទាំង​ ២ ក្នុង​កាលៈទេសៈ​ជំងឺ​កូវីដ​ ១៩ ហ្នឹង ហើយ​ពិតណាស់ ការជួយ​គ្នា​នេះ​គឺជា​ការជួយ​ក្នុង​កាលៈទេសៈ​ជំងឺ​កូវីដ​ ១៩ ដែល​ជា​ជំងឺ​រាតត្បាត ដើម្បី​ឱ្យ​ប្រទេស​យើង​ទាំងអស់​ឆ្លង​ផុតពី​បញ្ហា​ទាំងអស់​គ្នា ឈាន​ទៅ​រក​ការធ្វើការ​វិនិយោគ ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀត​»​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways បានឱ្យ​ដឹងថា កាលពី​ថ្ងៃទី​ ២៦ ខែមិថុនា យន្តហោះ​របស់ខ្លួន​ចំនួន ២ ​គ្រឿង​បាន​ផ្ទុក​យ៉ាង​ពេញ​នូវ​ឧបករណ៍​តេស្ត​រហ័ស​រក​ជំងឺ​កូវីដ​ ១៩ ដែលមាន​ជិត​ ១ ៥០០ កេស​មកដល់​ព្រលានយន្តហោះ​កម្ពុជា​។

​ក្រុមហ៊ុន​អាកាសចរណ៍ បានឱ្យដឹងថា នេះ​ជាការ​ចូលរួម​ចំណែក​របស់​ខ្លួន ជាមួយ​រដ្ឋាភិបាល​ទាំង​ ២ ជាពិសេស​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការស្វែងរក​​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ឱ្យបាន​ទាន់​ពេលវេលា ក៏ដូចជា ការឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា​ចំពោះ​ការពិនិត្យ​រក​ជំងឺ​កូវីដ​ ១៩ ប្រភេទ​ថ្មី ដែល​ត្រូវបាន​រកឃើញ​ក្នុងពេល​ថ្មីៗ​នេះ​៕