
ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរំលោភកូនចុង។ រូបថត ប៉ូលិស
កណ្តាលៈ បុរសម្នាក់ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី ២៧ មិថុនា ពាក់ព័ន្ធការរំលោភសេពសន្ថវៈលើកូនស្រីចុងម្នាក់អាយុ ១៤ ឆ្នាំនៅឃុំស្វាយប្រទាល ស្រុកស្អាង បន្ទាប់ពីចាប់ខ្លួនបាន ២ ថ្ងៃ។
យោងតាមដីកាដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ២៨ មិថុនា និងចុះហត្ថលេខាដោយលោកចៅក្រមស៊ើបសួរ ជួន វណ្ណៈ នាថ្ងៃទី ២៧ មិថុនា បានបង្ហាញថា ជនត្រូវចោទឈ្មោះ ប៉ិច សុភាព ភេទប្រុស អាយុ ៣៩ ឆ្នាំមានរបរជាកសិកររស់នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួននោះបានបញ្ជាក់ថា៖ «ជននេះត្រូវចោទពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះតាមបញ្ញត្តិមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ»។
ពាក់ព័ន្ធមាត្រា ២៤១ នេះ ប្រសិនបើតុលាការរកឃើញថា ជនត្រូវចោទពិតជាបានប្រព្រឹត្តមែននោះនឹងត្រូវប្រឈមជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ។
លោក សូ សារិន អ្នកនាំពាក្យតុលាការខេត្តកណ្តាល បញ្ជាក់ពីម្សិលមិញថា ករណីនេះលោកមិនទាន់បានទទួលព័ត៌មានពីខាងចៅក្រមនៅឡើយទេ។
លោក គុណ គា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយប្រទាលឱ្យដឹងតាមសម្តីក្មេងរងគ្រោះនៅថ្ងៃទី ២៨ មិថុនាថា ក្មេងរងគ្រោះឈ្មោះ ម.ថ. អាយុ ១៤ ឆ្នាំ។ នៅមុនឆ្នាំ ២០១៦ ម្តាយរបស់ក្មេងរងគ្រោះបានលែងលះជាមួយប្តី និងបានយកជនត្រូវចោទជាប្តីប្រពន្ធនឹងគ្នា។ ក្រោយពីបានរួមរស់ជាមួយគ្នា គឺបុរសជាឪពុកចុងម្នាក់នេះឧស្សាហ៍ប្រឡែងលេងជាមួយនាង និងរួមរ័កខ្លួនផង (ក្មេងរងគ្រោះ)។
លោកបន្តថា រាល់ពេលដែលឪពុកចុងប្រព្រឹត្តលើរូបនាងម្តងៗគឺនាងតែងតែទទួលរងការសម្លុត គំរាមមិនឱ្យយករឿងនេះទៅនិយាយប្រាប់នរណាឱ្យដឹងទេ។ បើរឿងនេះបែកធ្លាយដល់ម្តាយនាង ឬទៅដល់នរណាម្នាក់នឹងត្រូវសម្លាប់ចោល។
បើតាមនាយប៉ុស្តិ៍រូបនេះនៅថ្ងៃទី ២៤ មិថុនា ម្តាយក្មេងស្រីរងគ្រោះបានដេញវ៉ៃក្មេងរងគ្រោះនោះ ហើយនាងបានរត់ទៅផ្ទះអ្នកជិតខាង និងបាននិយាយប្រាប់ស្ត្រីអ្នករស់នៅជិតខាងនោះថា នាងមិនហ៊ានត្រឡប់ទៅផ្ទះវិញទេ ព្រោះខ្លាចឪពុកចុងចាប់រំលោភនាងទៀត។ ក្រោយពីដឹងរឿងនេះហើយស្ត្រីម្នាក់នោះបានប្រាប់បន្តទៅអ្នកផ្សេង ហើយក៏រាយការណ៍ដល់សមត្ថកិច្ចរបស់លោក។
លោកបន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍កម្លាំងសមត្ថកិច្ចបានចុះដល់ផ្ទះកើតហេតុនៅថ្ងៃទី ២៥ មិថុនា ហើយបានហៅក្មេងរងគ្រោះ និងបុរសជាឪពុកចុងនោះសាកសួរនៅប៉ុស្តិ៍នគរបាលរបស់លោក។ ពេលនោះក្មេងរងគ្រោះបានរៀបរាប់ថានាងត្រូវបាន ឪពុកចុងចាប់រំលោភច្រើនដងមកហើយ និងតែងតែគំរាមមិនឱ្យនាងនិយាយប្រាប់ម្តាយ ឬក៏នរណាឱ្យដឹងទេ បើហ៊ាននិយាយឪពុកចុងនោះនឹងសម្លាប់នាងចោល។
លោកបន្តថា៖ «ខ្ញុំសួរនាំទៅទើបបុរសនោះសារភាពថា គាត់ពិតជាបានរំលោភកូនស្រីចុងរបស់គាត់មែន និងទើបតែបាន ២ ដងទេ។ យើងស្តាប់សម្តីក្មេងរងគ្រោះ និងឪពុកចុងទៅឃើញថា អង្គហេតុស៊ីចង្វាក់គ្នា ទើបយើងសម្រេចឃាត់ខ្លួនតែម្តង»៕