សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បាននិង​កំពុង​ប្រមូល និង​លើក​ថ្ម​ប្រាសាទ​ដែល​ធ្លាក់​រាយប៉ាយ​ក្នុង​កសិន្ធុ បរិវេណ​ប្រាសាទបាយ័ន​យកទៅ​រក្សាទុក​នៅ​ទីតាំង​ដែល​មាន​សុវត្ថិភាព និង​សម្រាប់​ធ្វើការ​ជួសជុល​នាពេល​ខាងមុខ​។

លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៨ មិថុនា នេះ​ឱ្យ​ដឹងថា ការប្រមូល​យកមក​រក្សា​ទុក​នៅ​ទីតាំង​មាន​សុវត្ថិភាព​នេះ បាន​ចាប់ផ្តើម​ធ្វើ​តាំងពី​កន្លះ​ខែ​មុន ជា​លទ្ធផល​គឺ​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រមូលបាន​ជាច្រើន​ពាន់​ដុំ​ក្នុង​ចំណោម​ថ្ម​ប្រមាណ​ជិត ៣ ០០០ ​ដុំ​។

ថ្ម​ទាំងនេះ​រាយប៉ាយ​នៅក្នុង​កសិន្ធុ​ និង​មិនមាន​សណ្តាប់ធ្នាប់ ព្រោះ​នៅក្នុង​កសិន្ធុ នេះ​តែងតែ​មាន​ទឹក​ដក់​នៅ​ពេល​រដូវវស្សា​មកដល់​ដែល​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​គុណភាព​ថ្ម​។ មួយវិញទៀត អាជ្ញាធរ​ជាតិ​អប្សរា​មានបំណង​ក្នុង​ការរៀប​ថ្ម​ទាំងនេះ​ទៅតាម​ប្រភេទ និង​ក្រុម​ ដើម្បី​ចុះបញ្ជី​សារពើ​ភណ្ឌ​ក្នុង​ការផ្តល់​ភាពងាយស្រួល​ក្នុង​ការជួសជុល​នាពេល​អនាគត​។

លោក​ថ្លែងថា​៖ «​យើង​គ្រាន់តែ​ចង់​លើក​តម្លៃ​នៃ​ប្រាសាទ​ឱ្យ​កាន់តែ​ល្អប្រសើរ​ជាពិសេស​កសិន្ធុ​ទឹក​របស់​ប្រាសាទ​។ បេសកកម្ម​របស់​យើង​ត្រូវតែ​ធ្វើ​អ៊ីចឹង​»​។

លោក កុសល ថ្លែងថា ថ្ម​រាយប៉ាយ​ទាំងនេះ​ត្រូវ​បាន​រលុះ​ពី​តួ​ប្រាសាទ និង​ថ្ម​មកពី​ប្រាសាទ​នានា ដែល​ត្រូវបាន​ដឹក​យកមក​ទុក​នៅទីនេះ​។ ម្យ៉ាងវិញទៀត ចាប់តាំងពី​ប្រាសាទ​ត្រូវបាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក គឺ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​ធ្វើឱ្យ​មាន​ភាពនឹង និង​ភាពឈរ ព្រមទាំង​មាន​សុវត្ថិភាព​របស់​ប្រាសាទ ដែល​ឆ្លុះបញ្ចាំង​ពី​កិច្ចការពារ និង​អភិរក្ស​ប្រាសាទ ដែល​ជា​កេរមរតក​ដូនតា និង​បេតិកភណ្ឌ​ពិភពលោក​។

លោក ស៊ឹម ថន អនុប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​បាន​ឱ្យ​ដឹងថា ថ្ម​ប្រាសាទ​ដែល​ស្ថិតនៅ​រាយប៉ាយ​ក្នុង​កសិន្ធុ​ប្រាសាទបាយ័ន​រាប់រយឆ្នាំ​មកហើយ​ក្នុង​នោះ​មួយផ្នែក​រលុះ​បាក់​ធ្លាក់​ពី​តួប្រាសាទ​ក្បែរ​នោះ​ និង​មួយផ្នែក​ទៀត​ត្រូវគេ​ជញ្ជូន​យក​ទៅ​ដាក់​ក្នុងពេល​ដែល​បារាំង​ធ្វើ​ការជួសជុល​ប្រាសាទ​បាយ័ន​ (​ប្រហែល​ចន្លោះ​ឆ្នាំ​ ១៩១៣-១៩២៩)​។ ថ្ម​ដែល​បាន​ស្រង់​ចុះបញ្ជី​មាន​ច្រើន​ប្រភេទ​៕