បន្ទាយមានជ័យៈ ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​ម្នាក់​ត្រូវបាន​នគរបាល​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ២៨ មិថុនា ១ ​ថ្ងៃ បន្ទាប់ពី​បង្កហេតុ និង​ចាប់ខ្លួន​ពាក់ព័ន្ធ​ការប្រើ​ពូថៅ​វាយ​សម្លាប់​ស្ត្រី​ចំណាស់​ម្នាក់​ក្នុង​រឿង​ទំនាស់​ព្រំដី នៅ​ភូមិ​ឃូស្វាយ ឃុំ​បុសស្បូវ ស្រុក​ព្រះនេត្រព្រះ កាលពី​ថ្ងៃទី​ ២៦ មិថុនា​។

លោក​ ភឿង ម៉ាន់សិង្ហ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​នៅថ្ងៃទី​ ២៨ មិថុនា​ថា ជនសង្ស័យ​ឈ្មោះ​ ចយ សឺន ភេទ​ប្រុស អាយុ​ ៦៩ ​ឆ្នាំ​។ ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ សួ សួង ភេទ​ស្រី អាយុ​ ៧៤ ​ឆ្នាំ​។ ពួកគេ​រស់នៅ​ក្នុង​ភូមិ​ឃូស្វាយ ឃុំ​បុសស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។

លោក​ថា​៖ «​ជនសង្ស័យ​ពិតជា​បាន​បង្ក​បទល្មើស​ជាក់ស្តែង​។ ប៉ុន្តែ​ជា​នីតិវិធី គឺ​តុលាការ​នឹង​បន្ត​សាកសួរ​តាមផ្លូវ ​[​ច្បាប់​] ​ទៀត​»​។

ករណី​នេះដែរ លោក​ មាស ឫទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៨ មិថុនា ថា ភ្លាមៗ បន្ទាប់ពី​កើតហេតុ​កាលពី​ថ្ងៃទី​ ២៦ មិថុនា​នោះ លោក​ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ព្រះរាជអាជ្ញា​បាន​បញ្ជា​ឱ្យ​លោក​ដាក់​កម្លាំង​តាម​គោលដៅ​ធ្វើយ៉ាងណា​តាម​ចាប់​ជនសង្ស័យ​ឱ្យបាន​។ លុះ​នៅវេលា​ម៉ោង​ប្រហែល​ ៦ ​ល្ងាច​ថ្ងៃទី​ ២៧ មិថុនា ស្រាប់តែ ជនសង្ស័យ​លប​ចេញពី​ក្នុងព្រៃ​ក្បែរ​ភូមិ​បំណង​ចូល​ផ្ទះ​របស់គាត់​ក៏ត្រូវ​សមត្ថកិច្ច​របស់លោក​ព័ទ្ធ​ចាប់បាន​តែម្តង​។

លោក​ប្រាប់​តាម​សម្តី​របស់​ជនសង្ស័យ​ថា​៖ «​គាត់​ពិតជា​បាន​សម្លាប់​ស្ត្រី​រងគ្រោះ​ពិតប្រាកដ​មែន ព្រោះ​គាត់​មាន​គំនុំ​ជាមួយ​ជនរងគ្រោះ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដី​។ គាត់​យក​ខ្នងពូថៅ​វាយ​ក្បាល​ស្ត្រី​រងគ្រោះ​»​។

លោក​ ធឿន សុខា នាយរងនគរបាល​ប៉ុស្តិ៍ ឃុំ​បុសស្បូវ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​សម្តី​សាច់ញាតិ​ស្ត្រី​រងគ្រោះ​នៅ​ថ្ងៃទី​ ២៨ មិថុនា​ថា រវាង​ផ្ទះ​ស្ត្រី​រងគ្រោះ និង​ផ្ទះ​របស់​ជនសង្ស័យ​នៅ​ឆ្ងាយ​ពីគ្នា​។ ប៉ុន្តែ​ស្ថិត​ក្នុងភូមិ​ឃូស្វាយ​ជាមួយ​គ្នា​។ ចំពោះ​ទំនាស់​ដែល​នាំឱ្យ​មានការ​សម្លាប់​នេះ គឺ​ដោយហេតុថា ស្ត្រី​រងគ្រោះ​មាន​ក្មួយស្រី​ម្នាក់​មាន​ព្រំដី​នៅជាប់​នឹង​ដី​របស់​ជនសង្ស័យ​ដែរ​។ ប៉ុន្តែ​ស្ត្រី​រងគ្រោះ​ជា​អ្នកគ្រប់គ្រង​ដី​នោះ​ក្រោយពី​ក្មួយ​ស្រី​បង្កើត​របស់​ជនរងគ្រោះ​បាន​ស្លាប់​ទាំង​ប្តី​ប្រពន្ធ​ចោល​ដី​គ្មាន​អ្នកគ្រប់គ្រង​។

លោក​បន្តថា រឿង​ទំនាស់​ព្រំដី​នេះ​បាន​កើតឡើង​ពី​ការធ្វើ​របង​ចូល​ដី​គ្នា ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​ឃុំ​ហៅ​ភាគី​ទាំងសងខាង​ទៅ​សម្រុះសម្រួល​គ្នា​នៅ​សាលាឃុំ​បុស​ស្បូវ រួចរាល់​អស់ហើយ​។ ប៉ុន្តែ​ប្រហែល​ជា​ការដោះស្រាយ​នោះ​មិន​សមបំណង​របស់​ជនសង្ស័យ ទើប​កើត​ជា​រឿង​គំនុំ​។ លុះដល់​ថ្ងៃទី​ ២៦ មិថុនា ខណៈ​ស្ត្រី​រងគ្រោះ​កំពុង​ដេក​លើ​កម្រាល​ឥដ្ឋ​យោលអង្រឹង​ចៅប្រុស​របស់​គាត់​អាយុ​ ៨ ​ឆ្នាំ​ស្រាប់តែ​ជនសង្ស័យ​លបចូល​ក្នុង​បន្ទប់​ជាន់​ផ្ទាល់​ដី​វាយ​ស្ត្រី​រងគ្រោះ​នឹង​ខ្នងពូថៅ​ចំក្បាល​ពីក្រោយ និង​ចំ​ផ្ទៃមុខ​រហូត​ស្លាប់​នៅ​កន្លែងកើតហេតុ​។

លោក​ថា ពេលនោះ​ចៅ​របស់​ស្ត្រី​រងគ្រោះ​ឃើញ​ជនសង្ស័យ​វាយ​សម្លាប់​យាយ​របស់ខ្លួន ក៏​ចុះ​ពី​អង្រឹង​រត់​ទៅ​ពួន​ក្នុង​ទូ​ដាក់ខោអាវ រហូត​ទាល់តែ​ជនសង្ស័យ​ចេញ​ពី​កន្លែងកើតហេតុ ទើប​បាន​ចៅ​របស់​ស្ត្រី​រងគ្រោះ​ចេញ​ក្រៅ​ផ្ទះ​ប្រាប់​អ្នកជិតខាង​ហើយ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​បន្ត​ប្រាប់​សមត្ថកិច្ច​របស់លោក​តែម្តង​។

លោក​ប្រាប់ថា​៖ «​សមត្ថកិច្ច​ខ្ញុំ​បាន​សាកសួរ​ក្មេងប្រុស​ម្នាក់​នោះ ហើយ​គេ​បាន​និយាយ​ប្រាប់ថា គេ​ឃើញ​តា​ម្នាក់​ឈ្មោះ​ សឺន ជា​អ្នក​វាយ​យាយ​របស់គេ​។ ដោយសារ​បាន​តម្រុយ​ពី​ក្មេង​នេះហើយ​ទើប​យើង​ចាប់បាន​ជនសង្ស័យ​»​។

លោក​បញ្ជាក់ថា ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បានសម្លាប់​ស្ត្រី​រងគ្រោះ​ប្រាកដ​មែន ព្រោះ​រឿង​ទំនាស់​ព្រំដី​។ ប៉ុន្តែ​គាត់​បាន​យក​ខ្នងពូថៅ​វាយ​ក្បាល និង​ផ្ទៃមុខ​ជនរងគ្រោះ តែ​គាត់​មិនបាន​កាប់​ទេ​៕