បាត់ដំបងៈ បុរស​ ២ ​នាក់​បាន​ឆេះ​ស្លាប់​នៅក្នុង​ភ្នក់ភ្លើង បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​ ២ ​គ្រឿង​ បុក​គ្នា​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥៧ ស្ថិតនៅ​ក្នុងភូមិ​ដំណាក់ហ្លួង សង្កាត់​វត្តគរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ នេះ​បើតាម​ការអះអាង​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​។

លោក ប៉ូវ វណ្ណឌី ស្នងការរង​ទទួលបន្ទុក សណ្ដាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក ខេត្ត​បាត់ដំបង​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ព្រឹក​ថ្ងៃទី​ ២៨ ខែមិថុនា​ថា ហេតុការណ៍​ដ៏អាក្រក់ និង គួរឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃទី​ ២៦ ខែ មិថុនា ឆ្នាំ​ ២០២១​។ ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​នេះ​រួមមាន​ឈ្មោះ ឡាន ហូ អាយុ​ ៧២ ​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្តគរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង និង ម្នាក់ទៀត​ឈ្មោះ សាន់ សឿត អាយុ​ ៤៥ ​ឆ្នាំ រស់នៅ​ភូមិ​ចែងមានជ័យ ឃុំ​ចែងមានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។

លោក វណ្ណឌី បានបញ្ជាក់​​ថា​៖ «​តាម​ការបំភ្លឺ​របស់​សាក្សី​នៅ​ក្បែរ​កន្លែងកើតហេតុ និង​ដែល​បានឃើញ​ហេតុការណ៍​នៃ​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ជា​គ្រោះ​អគ្គិភ័យ​នេះ គឺ​ផ្ដើមចេញពី​ជនរងគ្រោះ ឈ្មោះ ឡាន ហូ​។ គេ​ឃើញ​គាត់​បើក​ម៉ូតូ ដឹក​សាំង​មួយ​ប៊ីដុង ហើយ​បត់​បញ្ច្រាសទិស ឬ គំនូស​សញ្ញា​ចរាចរណ៍​ទៅ​បុក​ម៉ូតូ​ជាមួយ​ម៉ូតូ​ជនរងគ្រោះ​ម្នាក់ទៀត បណ្ដាល​ឱ្យ​ដួល​បោក​សង្កត់​លើ​គ្នា ហើយ​បែកធ្លាយ​ប៊ីដុង​សាំង ហូរ​ទៅលើ​ភ្នក់ភ្លើង​សំរាម​មួយ ដែល​នៅក្បែរ​ចិញ្ចើមផ្លូវ​នោះ បណ្ដាល​ឱ្យ​ឆាបឆេះ ជនរងគ្រោះ​ទាំង​ ២ រហូតដល់​ស្លាប់​តែម្ដង​»​។

បើតាម​សម្ដី​លោក វណ្ណឌី ក្រោយ​កើតហេតុ សព​ជនបង្ក​និង ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់ជូន​សាច់ញាតិ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បាន​សម្រេច​បិទ​សំណុំរឿង​មិន​ចាត់ការ​ស្រាវជ្រាវ​បន្ថែមទៀត​នោះទេ ដោយ​អះអាង​ថា ជនបង្ក និង​ជនរងគ្រោះ​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នោះ​ទាំងអស់​ទៅហើយ​។ មន្ត្រីនគរបាល​ជំនាញ បានចាត់ទុក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ជា​គ្រោះ​អគ្គិភ័យ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​នោះ ជា​ករណី​កម្រ​មួយ​៕