ភ្នំពេញៈ ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ​បាន​អំពាវនាវ​ដល់​ពលក​រ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ​ជា​ពិសេស​តំបន់​ដែល​មាន​ហានិ​ភ័យ​ខ្ពស់​ កុំ​ឲ្យ​មាន​ការ​មាន​ភ័យខ្លាច​ និង​ធ្វើការ​ចល័ត​ទីតាំង​ក្នុង​អំឡុង​ពេល​ដែល​រដ្ឋា​ភិ​បាល​ថៃ​ ដាក់​ចេញ​វិធាន​ការ​បណ្តោះ​អាសន្ន​តាម​ការដ្ឋាន​សំណង់​ក្នុង​ទៅ​ក្រុង​បាង​កក និង​ខេត្ត​មួយ​ចំនួន​។

ការ​អំពាវ​នាវ​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពលករ​ខ្មែរ​ដែល​ធ្វើការ​ក្នុង​វិស័យ​សំណង់​នៅ​ប្រទេស​ថៃ​ បាន​សម្រុក​វិល​ត្រ​ឡប់​ចូល​មក​ប្រទេស​វិញ​តាម​ច្រកព្រំ​ដែន​អូរ​ស្មាច់ ​ច្រក​អូរ​បី​ជាន់ ​ច្រក​ព្រំដែន​បឹង​ត្រកួន​ និង​ច្រក​របៀង​តូចៗ​ផ្សេង​ទៀត​​​ជាប់​ខេត្ត​សុរិន្ទ​របស់​ថៃ។

ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ បាន​បង្ហោះ​លើ​ហ្វេ​ស​បុក​របស់​ស្ថាន​ទូត​ថា​ សេចក្តី​សម្រេច​ស្តីពី​ការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​ ១៩​ ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​ដោយ​រដ្ឋាភិបាល​ថៃ​ បាន​សម្រេច​បិទ​ខ្ទប់​ការដ្ឋាន​សំណង់ និង​កន្លែង​ស្នាក់​នៅ កម្មករ​ សំណង់​រយៈពេល​ ៣០​ ថ្ងៃ ​និង​ហាម​មិន​ឲ្យ​ចល័ត​កម្មករ​ផងដែរ។​ អនុ​លោម​តាម​វិធាន​ការ​តឹងរ៉ឹង​នេះ​ គឺ​ត្រូវ​បាន​អនុ​វត្ត​នៅ​ក្នុង​ទីក្រុង​បាង​កក​ ខេត្ត​ណាក់​ខន​ប៉ាក់​ធុម​ ខេត្ត​នុ​ន​បុរី​ ខេត្ត​ប៉ាក់​ធុម​ថា​នី​ ខេត្ត​សមុទ្រ​ប្រា​កាន​ ខេត្ត​សាមុទ្រ​សា​ខន​ ខេត្ត​ណា​រ៉ាត់​ធី​វ៉ា​ត់​ ខេត្ត​ប៉ាត់​តានី ​ខេត្ត​យ៉ាក់​ឡា និង​ខេត្ត​ស៊ុ​ង​ក្លា​។​

ឆ្លើយ​តប​ជា​មួយ​វិធាន​ការ​ថ្មី​នេះ ​ស្ថាន​ទូត​កម្ពុជា​បាន​អះអាង​ថា ​នឹង​បន្ត​សហការ​ជា​មួយ​បណ្តា​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​របស់​ថៃ ​ដើម្បី​តាម​ដាន​អន្តរា​គម​ន៏​ជួយ​ដោះ​ស្រាយ ​និង​សម្រាល​ការ​លំបាក​របស់​បងប្អូន​ក្នុង​ពេល​មាន​វិបត្តិ​នេះ​ ដោយ​ស្នើ​សុំ​ដល់​បង​ប្អូន​ពលករ​កុំ​មាន​ការ​ភ័យខ្លាច ​និង​កុំ​ចល័ត​ដោយ​សារតែ​ការ​អនុវត្ត​វិធាន​ការ​បណ្តោះ​អាសន្ន​តាម​ការដ្ឋាន​សំណង់​ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូ​វីដ​ ១៩​ នេះ។

ស្ថាន​ទូត​កម្ពុជា​ បាន​អះអាង​ថា​៖ «ស្ថាន​ទូត​កម្ពុជា​សូម​ថ្លែង​អំណរ​គុណ​ដល់​បងប្អូន​ពលករ​ខ្មែរ​ទាំង​អស់​ ដែល​បាន​ចូលរួម​អនុវត្ត​ និង​សហការ​ជាមួយ​រាជ​រដ្ឋាភិ​បាល​ថៃ​ក្នុងការ​ទប់ស្កាត់ ​និង​ការពារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩​ អស់​រយៈ​ពេល​ជាង​ ១ ​ឆ្នាំ​កន្លង​មក។​ រាជ​រដ្ឋាភិបាល​ថៃ ​បាន​យកចិត្ត​ទុកដាក់​ថែទាំ ​និង​ព្យាបាល​ពលករ​គ្រប់គ្នា។​ ចំពោះ​ពល​រក​ដែល​មិនមាន​ឯក​សារ​គ្រប់គ្រាន់​ ភាគី​ថៃ នឹង​ពុំ​យក​ទោស​ពៃរ៍​ ហើយ​ថែម​ទាំង​រៀបចំ​ឲ្យ​ក្លាយ​ជា​ពលករ​ស្របច្បាប់​»​។

លោក ​លឹ​ង​ សុ​ផុន​ ក្រុម​ការងារ​នៃ​អង្គ​ការសង់​ត្រា​ល់​ប្រចាំ​ប្រទេស​ថៃ ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៨​ មិថុនា​ថា ​ដោយ​សារតែ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩​ នៅ​ក្នុង​ប្រទេស​ថៃ ​កាន់​តែ​ច្រើន​ទៅៗ​ ដូច្នេះ​ ពលករ​ខ្មែរ​ មាន​ការ​ព្រួយបារម្ភ និង​ភ័យ​ខ្លាច​ខ្លាំង។​ ដោយ​សារតែ​មូលហេតុ​បែបនេះ​ លោក​សង្កេត​ឃើញ​ថា​ ពលករ​ខ្មែរ បាន​សម្រុក​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ច្រើន​ជាង​សព្វ​ដង​ ខណៈ​ដែល​ការប្រកាស​បិទ​របស់រ​ដ្ឋា​ភិ​បាល​ថៃ​ គឺ​បិទ​ការដ្ឋាន​សំណង់​ដែល​សម្បូរ​ទៅ​ដោយ​ពលករ​ខ្មែរ​រស់​នៅ​។​

លោក​បាន​បញ្ជាក់​ថា​៖ ​«​ពាក់ព័ន្ធ​នឹង​វិធាន​ការ​របស់​ថៃ​ ដែល​បាន​ប្រកាស​ឲ្យ​ពលករ​ដែល​មិនមាន​ឯកសារ​ត្រឹមត្រូវ​ក្តី មិន​មាន​វិ​សារ​ក្តី សូម​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ​និង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ខ្មែរ​នេះ​ គឺ​ពលករ​ខ្លះ​ មិ​ន​បាន​ទទួល​ដំណឹង​ទាំង​នេះ​នោះទេ។​ យើង​ដឹង​ស្រាប់​ហើយ ​ចាប់​តាំង​ពី​ផ្ទុះ​នេះ​មក​ គឺ​មាន​ពលករ​ជាច្រើន ​បាន​ចល័ត​ទី​ និង​ផ្លាស់ប្តូរ​កន្លែង​ស្នាក់​នៅ​រួច​ទៅ​ហើយ​»​។

លោក​បាន​បន្ថែម​ទៀត​ថា​៖​ «​ពេល​ខ្លះ​ ការ​ប្រកាស​របស់​រដ្ឋា​ភិ​បាល​ថៃ​បែបនេះ​ តែ​ជាក់ស្តែង ​ពល​រក​ខ្មែរ​យើង​ ដែល​គ្មាន​ឯក​សារ​នេះ ​នៅ​ក្នុង​តំបន់​ខ្លះ​អី​ ត្រូវបាន​ប៉ូលីស​ថៃ ចាប់​ផាក​ពិន័យ​ បើ​ទោះ​មាន​សេចក្តី​ប្រកាស​របស់​រដ្ឋា​ភិ​បាល​ថៃ​បែបនេះ​ក៏​ដោយ។ ​ដូច្នេះ​ពលករ​ គាត់​ភ័យ​ថា​ បើ​ពួក​គាត់​ ឆ្លង​កូ​វីដ​ ហើយ​មិន​មាន​ឯក​សារ​ តើ​នឹង​ទទួល​បាន​ការ​ព្យា​បាល ឬ​យ៉ាង​ណា?​»​។

លោក ​លឹម​ សុ​ផុន​ ថ្លែង​ថា​ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ​គឺមាន​ពលករ​ខ្មែរ​ជា​ច្រើន​រួចទៅ​ហើយ ​បាន​ឆ្លង​ជំងឺ​កូ​វីដ ១៩ នៅ​ក្នុង​ប្រទេស​នេះ ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ពលករ​ខ្មែរ​ដទៃ​ទៀត​មាន​ការ​បារម្ភ​ និង​ភ័យខ្លាច​ ខណៈ​ស្ថាន​ភាព​ឆ្លង​ជំងឺ​កូ​វីដ ១៩​ នៅ​ប្រទេស​ថៃ ​បាន​ផ្ទុះ​ឡើង​ជាថ្មី ​ដោយ​ក្នុង​មួយថ្ងៃៗ​ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ ១៩​ ដល់​ទៅ​ជាង​ ៥ ០០០​ នាក់ ចំណែក​ចំនួន​អ្នក​ស្លាប់​ក៏​មាន​ច្រើន​ផង​ដែរ​។

អ្នក​ស្រី​ គៀង​ ម៉ៅ ​អាយុ​ជាង​ ៤០​ ឆ្នាំ​ ដែល​​កំពុង​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​ខេត្ត​សមុទ្រ​ប្រា​កាន​ និង​មាន​កម្មករ​ខ្មែរ​ជាង​ ៣០០​ នាក់​ កំពុង​ធ្វើការ​ទីនោះ ​បាន​ប្រាប់ ​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៩​ មិថុនា​ថា​ អ្នក​ស្រី ​និង​កម្មករ​ដទៃ​ទៀត ​មិន​ត្រូវ​បាន​ឲ្យ​កម្មករ​ចេញពី​ការដ្ឋាន​នោះទេ។ ​

អ្នក​ស្រី​បន្ត​ថា​ ជា​មួយនឹ​ង​វិធាន​ការ​ថ្មី​នេះ​ គឺ​កម្មករ​ខ្មែរ​ភាគ​ច្រើន បាន​ចូល​រួម​អនុវត្ត​តាម ​ប៉ុន្តែ​ក៏មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​ផងដែរ​ ខណៈ​ក្នុង​ពេលនេះ​ កម្មករ​ គឺ​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​ច្បាស់​លាស់​នោះ​ទេ​។​

អ្នកស្រី​បាន​រៀបរាប់​ថា​៖​ «‍​ថៅកែ​គេ​មិនបាន​ប្រាប់​អ្វី​ច្រើន​នោះទេ ​គឺ​គេ​គ្រាន់តែ​ឲ្យ​ស្នាក់​នៅ​ហ្នឹង​កន្លែង​ ហើយ​ផុត​ ១​ ខែ​ហ្នឹង​ បាន​មាន​ការងារ​ធ្វើ​វិញ ​ហើយ​រឿង​ប្រាក់​ខែ​ ឬ​ប្រាក់​ឧបត្ថម្ភ​អី​នោះ ​មិនទាន់​ទទួល​បាន​ដំណឹង​អ្វី​ច្បាស់​ទេ។​ នៅ​ពេល​នេះ ​យើង​មិន​សូវ​អី​ទេ​ គ្រាន់​តែ​តទៅ​មុខ​ទៅ​បារម្ភ​ដែរ​ ព្រោះ​មិន​ដឹង​យ៉ាង​ណា ​កំពុង​តែ​ដេក​គិត​ដែរ​»​។​

អ្នក​ស្រី គៀង​ ម៉ៅ ​ថ្លែង​ថា​ នៅក្នុង​ខេត្ត​សមុទ្រ​ប្រា​កាន គឺ​មិនទាន់​ទទួល​បាន​ព័ត៌មាន​ថា ​មាន​ពលករ​ខ្មែរ​ឆ្លង​ជំងឺ​កូ​វីដ​ ១៩ នេះ​នៅ​ឡើយ​ទេ ​ខណៈ​នៅ​ខេត្តជិតៗ​នោះ​ គឺ​មាន​ពលករ​ខ្មែរ បាន​ឆ្លង​រួចទៅ​ហើយ​ ដោយ​អ្នក​ស្រី​ រំពឹង​ថា​ ពល​រក​ខ្មែរ នឹង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ នៅ​ពេល​ឆ្លង​ជំងឺ​កូ​វីដ ១៩​ នេះ​៕​​

វីដេអូ៖