ភ្នំពេញៈ ​មនុស្សម្នា​ក់បាន​ស្លាប់ និង ២​ នាក់​ទៀត​រងរបួស​ក្នុង​គ្រោះធម្មជាតិ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ កាលពី​រសៀល​ថ្ងៃទី​ ២៨ ខែ មិថុនា ឆ្នាំ​ ២០២១ នៅក្នុង​ខេត្ត​ចំនួន​២ គឺ​ខេត្តបាត់ដំបង និង​ខេត្តតាកែវ​។​ នេះ​បើតាម​ការអះអាង​ពី​អាជ្ញាធរ​មូលដ្ឋាននៅថ្ងៃទី ២៩ មិថុនា​។​

លោក ឡុង យោធា​វី​រះ អធិការ​ស្រុក​ឯក​ភ្នំ នៃ​ខេត្តបាត់ដំបង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​កាលពី​រសៀល​ថ្ងៃទី​ ២៨ ខែ មិថុនា ឆ្នាំ ២០២១ បាន​បក់បោក​លើ​ឃុំ​ចំនួន​បី​រួមមាន​ឃុំ​ព្រែក​ខ្ពប​, ឃុំ​ព្រែក​នរិន្ទ និងឃុំ​ព្រែក​ហ្លួង បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ពិន ឈូក អាយុ​ ៦៧​ ឆ្នាំ បាន​ស្លាប់ និងប្ដី​របស់គាត់​ឈ្មោះ ញឹម រតនា អាយុ​ ៦៨ ​ឆ្នាំ បាន​រងរបួស​ស្រាល​ដោយសារ​បាក់​ផ្ទះ​សង្កត់​លើ​។​

លោក​បាន​បញ្ជាក់ថា​៖ «​ស្ត្រី​រងគ្រោះ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន និងអ្នកភូមិ រកឃើញ​ស្លាប់​នៅក្រោម​គំនរ​ឈើ នៃ​ផ្ទះ​បាក់បែក ​និង​ដួលរលំ​ដោយ​ខ្យល់​កន្ត្រាក់​។ សព​របស់គាត់​បាន​កៀប​ជាប់​នឹង​ធ្នឹម​ផ្ទះ និង​មាន​កំណាត់ឈើ​ជាច្រើន​ទៀត​សង្កត់ជាប់​ពីលើ​ទ្រូង ហើយ​ឆ្អឹងខ្នង​របស់គាត់​បាន​បាក់​។ ចំណែក​ប្ដី​របស់គាត់​បាន​កៀប​ជាប់​និង​រត​ផ្ទះ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះទេ គឺ​ត្រឹមតែ​គ្រិច​ចង្កេះ​ប៉ុណ្ណោះ​»​។​

លោក យោធា​វី​រះ បាន​បន្តថា​ ក្រៅពី​បង្ក​ការស្លាប់​និង​របួស​មនុស្ស បាតុភូត​ភ្លៀង​និង​ខ្យល់​កន្ត្រាក់ នា​រសៀល​ថ្ងៃនោះ​ក៏បាន​បង្ក​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ​៣២ ​ខ្នង​ផងដែរ ដែល​ក្នុងនោះ​ផ្ទះ ​២ ​ខ្នង​បាន​បាក់​រលំ​រៀប​ដល់​ដី និង​ ១៥ ​ខ្នង​ទៀត​ខូចខាត​មធ្យម និង ១៥ ​ខ្នង​ផ្ទះ​ទៀត បាន​រង​ការខូចខាត​ស្រាល​។

ចំណែក​លោក ឌុ​ក ធី​យ៉ា អធិការ​ស្រុក​ត្រាំកក់ នៃ​ខេត្តតាកែវ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ករណី​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ កាលពី​រសៀល​ថ្ងៃ​ ២៨ ខែ មិថុនា ឆ្នាំ​ ២០២១ បាន​បង្ក​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​ស្រាល និង​បណ្ដាល​ឲ្យ​ផ្ទះ​ចំនួន​ ៧៩ ​ខ្នង ​រង​ការខូចខាត​ទាំងស្រុង និង ៣២៣ ​ខ្នង​ទៀត បាន​រង​ការខូចខាត​មធ្យម​។

លោក​ ធី​យ៉ា បាន​បញ្ជាក់ថា​៖ «​ក្រៅពី​ករណី​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ បាតុភូត​រន្ទះបាញ់​ក៏បាន​កើតឡើង​ផងដែរ នៅ​រសៀល​ថ្ងៃនោះ ដោយបាន​បណ្ដាល​ឲ្យ​ងាប់​គោ​ចំនួន ​៣​ ក្បាល​»​។​

ជុំវិញ​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ ​និង​ផ្គរ​រន្ទះ​នេះ​ផងដែរ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​ ២៩ ខែ មិថុនា ​ឆ្នាំ ២០២១ បាន​ព្រមាន​នៅក្នុង​សេចក្ដីជូនដំណឹង​របស់​ខ្លួន​ថា បាតុភូតធម្មជាតិ​ទាំងនេះ នឹង​បន្ត​កើតមាន​កាន់តែ​ច្រើនឡើង ពិសេស​នៅក្នុង​តំបន់​វាលទំនាប​កណ្ដាល​ដែល​ទាមទារ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។​

តាមរយៈ​សេចក្ដីជូនដំណឹង​នេះ ក្រសួង​ធនធានទឹក និងឧតុនិយម បាន​គូសបញ្ជាក់ថា នៅពេលនេះ កម្ពុជា​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ខ្យល់មូសុង​នីរ​តី ​(​ខ្សោយ​និង​មធ្យម​) និងជ្រលង​សម្ពាធ​ទាប​ពី​ប្រទេស​ចិន បានធ្វើ​ឲ្យ​បណ្ដា​ខេត្ត​មួយចំនួន ដែល​ស្ថិតនៅក្នុង​តំបន់​វាលទំនាប​កណ្ដាល ជួរ​ភ្នំ​ដង​រែង និង ខ្ពង់រាប​ឦ​សាន្ត មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន និង មាន​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង ព្រមទាំង​មាន​ផ្គរ​រន្ទះ​កើតមាន​ច្រើន​ផងដែរ ពិសេស​ចាប់ពី​ថ្ងៃទី​ ៣-៦ ខែម​កក្កដា​ខាងមុខនេះ​។

ចំណែក​តំបន់​មាត់សមុទ្រ ក៏មាន​បាតុភូត​ទាំងនេះ​កើតមាន​ផងដែរ ដែល​អាច​បង្ក​ឲ្យ​មានការ​ជន់​លិច​ដោយ​អន្លើ​នៅក្នុង​ផ្នែក​ខ្លះ ហើយ​រលក​សមុទ្រ​អាច​នឹងមាន​កម្ពស់​ដល់ ​២​ ម៉ែត្រ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​កម្សាន្ត​តាម​សមុទ្រ និង អ្នក​ប្រក​បរបរ​នេសាទ​សមុទ្រ​៕