ភ្នំពេញៈ តុលាការ​ខេត្ត​តាកែវ​សម្រេច​ចេញ​ដីកាឃុំ​ខ្លួន​ជន​សង្ស័យ​ម្នាក់​នៅ​ថ្ងៃ​ទី ២៩ ​មិថុនា បន្ទាប់ពី​ចាប់ខ្លួន​បាន ២ ថ្ងៃ ពាក់ព័ន្ធ​ករណីលួច​ដាំ​ដើម​ក​ញ្ជា​ស្រស់​បាន​ចំនួន​ ៣២០​ ដើម ​នៅក្នុង​ភូមិ​សាស្ត្រ​ ឃុំគិរី​ចុង​កោះ ស្រុកគិរីវង់ ខេត្តតាកែវ តែត្រូវ​បាន​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ចុះ​កាប់​បំផ្លាញ​ចោល​។

លោក​ លឹម​ សុខន ​អ្នកនាំ​ពាក្យ​តុលាការ​ខេត្ត​តាកែវ​ប្រាប់​នៅ​ថ្ងៃទី​ ២៩​ មិថុនា​ថា បុរសរូបនេះ​ឈ្មោះ ​លា បុល អាយុ ៣៥ ឆ្នាំ​ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​ឃុំ​នៅក្នុង​ពន្ធនា​គារ​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​ ២៩​ មិថុនា។​​ ការឃុំខ្លួន​នេះ​ បន្ទាប់ពី​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​តាកែវ​បញ្ជូន​ខ្លួន​ដល់​តុលា​ការ​កាល​ពី​ថ្ងៃទី ២៨ ​មិថុនា។

លោក​មាន​ប្រសាសន៍​ថា៖ «ជន​ត្រូវ​ចោទ​ត្រូវបាន​លោកស្រី​ព្រះរាជ​អាជ្ញារង​ កែវ គ​ន្ធា ចោទ​ប្រកាន់​ពីបទដាំ​រុក្ខជាតិ​ដែលមាន​សារ​ធាតុ​ញៀន​ដែល​ច្បាប់​ហាម​ឃាត់​តាម​បញ្ញត្តិ​មាត្រា​៣៨​នៃ​ច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿង​ញៀន»។

ពាក់​ព័ន្ធ​នឹងការឃាត់​ខ្លួន​ជន​សង្ស័យ​រូបនេះ ​​លោក ង៉ែត ច​ន្ធី មេបញ្ជា​ការរង​ទទួល​ការងារ​យុត្តិធម៌នៃ​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​តាកែវឱ្យដឹង​នៅ​ថ្ងៃទី ២៩​ ខែមិថុនា​ថា ​ការចុះ​កម្ទេច​ដើម​ក​ញ្ជា​នៅទីតាំង​ដាំនេះ​ គឺ​អនុវត្ត​តាម​បញ្ជា​របស់​លោកឧ​ត្ត​ម​សេនីយ៍ត្រី ឡា ឡៃ មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្តតា​កែវនិង​មានការ​សម្រប​សម្រួល​នីតិ​វិធី​ផ្លូវច្បាប់​ពីលោក ជីវ ចាន់​ តារា​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្តតា​កែវ ។

លោក​បាន​បន្ត​ថា ការងារ​នេះដឹកនាំ​ដោយ​លោក អនុ​សេនីយ៍​ឯក អុល​ សំអឿន មេបញ្ជា​កា​ររង​ស្រុក​គិរីវង់ និង​ដោយ​សហ​ការ​ជាមួយ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ស្រុក​គិរីវង់​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ម្នាក់​ឈ្មោះ ​លា​ បុល​ អាយុ ៣៥ ឆ្នាំ ​រស់នៅ​ភូមិ​ចេក​ឃុំ​គិរី​ចុង​កោះ​ ស្រុក​គិរីវង់​ខេត្ត​តាកែវ​។

បើតាម​លោក ​ចន្ធី​៖ «ជន​ជាប់​ពាក់​ព័ន្ធ​បទ​ល្មើស​ដាំ​ក​ញ្ជា​នេះ​មិន​មែន​មាន​តែជន​សង្ស័យ​ម្នាក់​នេះ​ទេ ​នៅមាន​បក្ខ​ពួក​ជា​មេ​ខ្លោង​ផ្សេង​ទៀត​ ប៉ុន្តែ​យើង​ស្គាល់​អត្ត​សញ្ញា​ណា​ហើយ​»។

លោក​បញ្ជាក់​ប្រាប់ថា​ ការបង្ក្រាប​បទល្មើស​នេះ​កម្លាំង​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​របស់លោក​បាន​កម្ទេច​អាងទឹក​សម្រាប់​ស្តុក​ទឹក​ដាំ​ដើម​ក​ញ្ជា​បាន ១ ​កន្លែង ​នៅ​ចំណុច​ជួរ​ភ្នំ​ទទឹង ​ក្នុងភូមិ​សាស្ត្រ ​ឃុំគិរី​ចុង​កោះ​ស្រុក​គិរីវង់ និង​កាប់រំ​លំ​បំផ្លាញ​ដើម​ក​ញ្ជា​ស្រស់​បាន​ចំនួន​ ៣២០ ដើម ​លើ​ផ្ទៃដី​ ១៨៥​ ម៉ែត្រ​ការ៉េ​។

ពាក់​ព័ន្ធ​នឹង​ករណី​​ក​ញ្ជា​នេះ​ដែរ ​កាល​ពីព្រឹក​ថ្ងៃទី ​២៨ ​ខែ មិថុនា ឆ្នាំ ២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​សុខ ​សំណាង ស្នងការ​នគរ​បាល​ខេត្ត​តាកែវ​ បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​​នគរបាល​ស្រុក​គិរីវង់​និង​កម្លាំង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ឃុំ​ទាំង ១២ ឱ្យ​ឡើង​រុករក​និង​បានកាប់​ដុត​បំផ្លាញ​ដំណាំ​​កញ្ឆា​បាន​ចំនួន​ ១១​ ទីតាំង នៅ​ចំណុច​ដុប​ថ្ម​ចង្ក្រាន​ក្នុង​ភូមិ​សាស្ត្រឃុំ​ព្រះបាទ​ជាន់​ជុំ​ ស្រុក​គិរីវង់។នេះ​បើតាម​ការបង្ហោះ​លើហ្វេ​ស​ប៊ុ​ករបស់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ពីថ្ងៃ​២៨ ខែមិថុនា ។

ហ្វេស​ប៊ុកដដែល​ឱ្យដឹង​ថា ប្រតិ​បត្តិ​នេះ​សមត្ថ​កិច្ច​បាន​បំផ្លាញ​ដើម​ក​ញ្ជា​លើ​ផ្ទៃដី​ប្រមាណ ២ ៨១៨ ម៉ែត្រការ៉េ​ អាង​ស្តុ​កទឹក​សិប្ប​និម្មិត ​៩ អាង ​និង​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ជន​ល្មើស​ដែលលួច​ដាំ​ដំណាំ​កញ្ឆា​ ដើម្បី​យកមក​ផ្តន្ទា​ទោស​តាម​ច្បាប់ ៕