ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវ នឹងកសាងសំណុំរឿងបញ្ជូនក្រុមចោរប្លន់ ៤ នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៣០ មិថុនា ២ ថ្ងៃ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនពួកគេបាននៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ពាក់ព័ន្ធនឹងករណីប្លន់ម៉ូតូ។

លោក អ៊ីវ ឈុនផេង អធិការរងនគរបាលខណ្ឌឫស្សីកែវ ឱ្យដឹងនៅថ្ងៃទី ២៩ មិថុនាថា ជនសង្ស័យឈ្មោះ បឿន សុខហាង អាយុ ២៦ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះលេខ ៦ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ (មានផ្ទុកសារធាតុញៀន)។ ទី២ ឈ្មោះ នៅ ពៅ អាយុ ២៥ ឆ្នាំ គ្មាន មុខរបរ និងស្នាក់នៅផ្ទះជួលក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ ទី៣ ឈ្មោះ ឆោម រដ្ឋា អាយុ ២១ ឆ្នាំ មុខរបរជាសន្តិសុខឯកជន ស្នាក់នៅភូមិ-ឃុំផ្សារសាមគ្គី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (មានផ្ទុកសារធាតុញៀន) និងឈ្មោះ យាន វិរ័ត្នអាយុ ២២ ឆ្នាំ មានរបរជាងដែក ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានផ្ទុកសារធាតុញៀន)។

រីឯជនរងគ្រោះ ឈ្មោះ ប៉ិច ឧត្តម ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនជេធីអាយ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោកថ្លែងថា៖«ករណីនេះខ្ញុំបានបញ្ចប់នីតិវិធីសាកសួរក្រុមជនសង្ស័យទាំង៤នាក់ហើយ។ ហើយពួកគេខ្ញុំបញ្ជូនទៅតុលាការនៅថ្ងៃស្អែកនេះ»។

លោកបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះក្នុង គោលបំណងទៅធ្វើបុណ្យនៅឯខេត្តកំពង់ឆ្នាំង ពេលជិះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ៦នាក់ជិះម៉ូតូតាមពីក្រោយ ហើយធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ ឲ្យដួលរួចគំរាមវាយ ជនរងគ្រោះ ធ្វើឱ្យជន រងគ្រោះភ័យក៏ទុកម៉ូតូចោលរត់យករួចខ្លួន។

បន្ទាប់មកជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះត្រឡប់ក្រោយចូលភ្នំពេញវិញ។ ពេលមកដល់ចំណុចផ្លូវលេខ ១០០៣ ក្រុម ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ក៏ជួបគោលដៅកម្លាំងនគរបាលអធិការដ្ឋានឃាត់ត្រួតពិនិត្យ និងបានឃាត់ខ្លួនជនសង្ស័យ ២ នាក់ ព្រមទាំង ស្រាវ ជ្រាវឃាត់ខ្លួនបាន ២ នាក់បន្តទៀត។

លោកបន្តទៀតថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចរឹបអូសបានម៉ូតូចំនួន ៣ គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម C125 ១ គ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខភ្នំពេញ 1FN-7118។ ម៉ូតូម៉ាក SCOOPY ពណ៌ក្រហម ១ គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IR-5284 និងម៉ូតូម៉ាក SCOOPY ពណ៌ស ១ គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IR-8717៕