
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ។
ភ្នំពេញៈ ក្រសួងយុត្តិធម៌ថ្ងៃនេះ ប្រកាសបិទបញ្ចប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្តក្រោយអនុវត្ដរយៈពេល ១ឆ្នាំ ១ខែ គិតថ្ងៃទី១៨ ខែឧសភាឆ្នាំមុន ដោយដោះស្រាយបានសំណុំរឿងព្រហ្មទណ្ឌកកស្ទះសរុបជាង ៣៧ ៩០០ សំណុំរឿង និងសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីបានជាង ៦២ ៨០០ សំណុំរឿង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្ដិធម៌បានឱ្យដឹងថា នៅក្នុងរយៈពេល ១ឆ្នាំ ១ខែ គិតពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២០ ដែលជាថ្ងៃនៃការប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
តាមរយៈយុទ្ធនាការនេះសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេសបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះមានចំនួនសរុបជាង ៣៧ ៩០០ រឿង ស្មើនឹង ៩៦ % នៃសំណុំរឿង ព្រហ្មទណ្ឌដែលកកស្ទះសរុបជាង ៣៩៥០០ រឿង (សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១២ ៦០០ រឿង ស្មើនឹង ៩៧ % នៃចំនួនសំណុំរឿងសរុបជាង ១៣ ០០០ រឿង ក្នុងដំណាក់កាលជំនុំជម្រះ)។
ក្រសួងបានឱ្យដឹងថា បន្ថែមពីនេះ សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មី បានចំនួនជាង ៦២ ៨០០ រឿង ស្មើនឹងជាង ៧៨ % នៃចំនួនសំណុំរឿងចូលថ្មី សរុបជាង ៨០ ៤០០ រឿងផងដែរ។
ក្រសួងបញ្ជាក់ថា ផ្អែកលើលទ្ធផលដែលសម្រេចបាននេះ ជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ និងដោយមានការគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ បើទោះបីជាកម្ពុជា បាននិងកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១ ក៏ដោយ ក៏សាលាដំបូងរាជធានីខេត្តចំនួន ២២ ក្នុងចំណោមសាលាដំបូងសរុបទាំងអស់ចំនួន ២៤ បានប្រកាសជាបន្តបន្ទាប់នូវ ជោគជ័យរបស់ខ្លួនក្នុងការអនុវត្តយុទ្ធនាការ។
ទន្ទឹមនេះ សាលាដំបូងចំនួន ២ ទៀត គឺសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ ដែលជាសាលាដំបូងមានសំណុំរឿងច្រើនជាងគេ និងមានទីតាំងស្ថិតនៅក្នុងតំបន់បិទខ្ទប់ ដោយសារផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មិនទាន់អាចសម្រេចគោលដៅ និងប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការនេះនៅឡើយទេ។
យោងតាមផែនការការងារ និងថវិការយៈពេល ១ឆ្នាំ សម្រាប់អនុវត្តយុទ្ធនាការនេះ និងបន្ទាប់ពីបានប្រជុំពិភាក្សាជាមួយសាលាដំបូងនៅទូទាំងប្រទេសរួចមក ក្រសួងយុត្តិធម៌សម្រេចប្រកាសបិទបញ្ចប់ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត និងរំសាយគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គយកស) ដើម្បីបង្កលក្ខណៈឱ្យក្រុមការងារ យុទ្ធនាការដែលបានចុះធ្វើការងារជាប់ជាប្រចាំជាមួយសាលាដំបូងកន្លងមក អាចប្រមូលផ្ដុំការយកចិត្តទុកដាក់លើការងារ អាទិភាពផ្សេងទៀតរបស់ក្រសួងយុត្តិធម៌។
ជាមួយគ្នានេះ គ.យ.ក.ស ក៏មានសង្ឃឹមជឿជាក់ថា សាលាដំបូងរាជធានី ភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ នឹងបន្តខិតខំដោះស្រាយសំណុំរឿងនៅក្នុងសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្រើនបន្ថែម ទៀត ស្របតាមគោលការណ៍អនុវត្តដែលមាននៅក្នុងយុទ្ធនាការកន្លងមក ហើយឈានទៅប្រកាសជោគជ័យនាពេលដ៏ខ្លីខាងមុខនេះ៕