
កិច្ចពិភាក្សារវាងមន្ត្រីក្រសួងយុត្តិធម៌ និងអ្នករាយការណ៍ពិសេស។ រូប ក្រសួងយុត្តិធម៌
ភ្នំពេញៈ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌នៅថ្ងៃទី ២៩ ខែមិថុនា បានដឹកនាំមន្ដ្រីជាន់ខ្ពស់ ជួបពិភាក្សាការងារជាមួយលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា តាមប្រព័ន្ធវីដេអូអនឡាញពាក់ព័ន្ធនឹងវិស័យយុត្ដិធម៌នៅកម្ពុជា។
លោក ជិន ម៉ាលីន បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ក្រោយបញ្ចប់កិច្ចប្រជុំនេះ កាលពីម្សិលមិញថា ជំនួបពិភាក្សានេះក្រុមការងាររបស់ក្រសួងយុត្ដិធម៌ និងលោក Vitit Muntarbhorn បានជួបពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើរបៀបវារៈសំខាន់ៗមួយចំនួនទាក់ទងនឹងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌។
លោកបានថ្លែងថា៖ «ជំនួបនេះ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើរបៀបវារៈសំខាន់ចំនួន ៤ គឺ ១ កម្មវិធីអាទិភាពនៃកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ ២ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ។ ៣ កម្មវិធីជំនួយផ្នែកច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង ៤ សិទ្ធិសេរីភាព និងការអនុវត្តច្បាប់នៅកម្ពុជា»។
លោក Vitit Muntarbhorn ត្រូវបានតែងតាំងជាផ្លូវការជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាជំនួសលោកស្រី Rhona Smith ដែលត្រូវបានចប់អាណត្តិកាលពីពេលថ្មីៗនេះ។
មន្ត្រីកម្ពុជាបានស្វាគមន៍ការមកទទួលតួនាទីរបស់អ្នករាយការណ៍ពិសេសថ្មីគឺលោក Vitit Muntarbhorn ដែលជាជនជាតិថៃដោយរំពឹងថា សាស្ត្រាចារ្យរូបនេះនឹងបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោក Vitit Muntarbhorn បានចាប់ផ្តើមបម្រើតួនាទីរបស់លោកចាប់ពីថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១៕