ភ្នំពេញៈ មាន​មនុស្ស​ ៤ ​នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ក្នុង​គ្រោះ​អគ្គិភ័យ​មួយ​កាលពី​វេលា​ម៉ោង​ ៤:២០ ​នាទី​ព្រឹក​ថ្ងៃទី​ ២៩ ខែ​មិថុនា ឆ្នាំ​ ២០២១ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ ២០០ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។

លោក​ ព្រំ យ៉ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថ្លែងថា ទីតាំង​ដែល​ឆេះ​នោះ​គឺជា​អគារ​ផ្ទះល្វែង​កម្ពស់​ ៣ ​ជាន់​ដែលជា​ហាង​ ឬ​សិប្បកម្ម​ផលិត​សាច់​ប៉ាតេ​។ ក្រោយ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ត្រូវបាន​បញ្ចប់ ក្រុម​សមត្ថកិច្ច​បាន​រុករក​ឃើញ​សព​ជនរងគ្រោះ​ចំនួន​ ៤ ​នាក់​។ លោក​ថា​៖ «​ក្រុមការងារ​យើង នៅ​មិនទាន់​បានដឹង​អំពី​មូលហេតុ​ដែល​នាំឱ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​ដ៏អាក្រក់​នេះ​នៅឡើយ​ទេ​»​។

ក្រៅពី​បង្ក​ឱ្យ​មនុស្ស​ចំនួន​ ៤ ​នាក់​ស្លាប់ គ្រោះ​អគ្គិភ័យ​នេះ​ក៏​បាន​បង្ក​ការខូចខាត​ទាំងស្រុង​នូវ​សំណង់​អគារ​ផ្ទះ​ជាន់​ផ្ទាល់​ដី ទំហំ​ ៩ ​ម៉ែត្រ​គុណ​ ៣០ ​ម៉ែត្រ និង សម្ភារ​ក្នុងផ្ទះ​មួយចំនួន​ទៀត ព្រមទាំង​មធ្យោបាយ​ដឹកជញ្ជូន ដែល​រួមមាន​រថយន្ត Ford Ranger Wildtrak១ ​គ្រឿង​រថយន្ត Lexus ៣៣០ ពណ៌​ស ១ ​គ្រឿង និង​ម៉ូតូ​សរុប​ចំនួន​ ៧ ​គ្រឿង ប៉ុន្តែ​មិន​បង្ក​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​ឡើយ​។

លោក​បន្តថា ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ មាន​មន្ត្រី​កងពន្លត់​អគ្គិភ័យ​ម្នាក់ ឈ្មោះ ម៉ូច សីហា អាយុ​ ២៤ ​ឆ្នាំ​បាន​រងរបួស​ស្រាល​។ សមត្ថកិច្ច​បាន​ប្រើពេល​ជាង​ ១ ​ម៉ោង​ទើប​អាច​ពន្លត់​អគ្គិភ័យ​នោះបាន​សម្រេច ដោយបាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ ៣៩ ​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់ ១៦៤ ​ម៉ែត្រគុប​។

លោក​ ប៊ុន ប្រុស នាយ​នគរបាល​ប៉ុស្តិ៍​បឹងរាំង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ​សមត្ថកិច្ច​បាន​កំណត់​អត្តសញ្ញាណ​របស់​ជនរងគ្រោះ​ទាំង​ ៤ ​នាក់ ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នោះ​ហើយ ដែល​ជនរងគ្រោះ​ទាំងអស់ គឺជា​បុរស និង ជា​កម្មករ​ធ្វើការ​ឱ្យ​សិប្បកម្ម​នេះ​។

ជនរងគ្រោះ​ទាំងនោះ​មាន​ ៣ ​នាក់​មាន​លំនៅ​ភូមិ​តាអុង ឃុំ​ពាមឧកញ៉ាអុង ស្រុក​ល្វាឯម ខេត្តកណ្តាល រួមមាន​ឈ្មោះ ខុន ដាវី អាយុ​ ១៩ ​ឆ្នាំ​, ខុន ដាវីត អាយុ​ ១៨ ​ឆ្នាំ​អ្នក​ទាំង​ ២ ​ជា​បងប្អូន​បង្កើត​នឹង​គ្នា និង​ម្នាក់ទៀត​ឈ្មោះ សម្បត្តិ បញ្ញា អាយុ​ ១៨ ​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត​ត្រូវបាន​សាច់ញាតិ​បញ្ជាក់​អត្តសញ្ញាណ​ត្រឹម​ឈ្មោះ​ហៅ​ក្រៅ​ថា លី អាយុ​ ១៨ ​ឆ្នាំ​មាន​លំនៅ​ឃុំ​កំពង់ត្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង​។

លោក​ ប៊ុន ប្រុស បញ្ជាក់ថា​៖ «​នៅពេល​នេះ សព​ជនរងគ្រោះ​ទាំង​ ៤ ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នាំយក​ទៅធ្វើ​កោសល្យវិច័យ​។ ចំណែក​មូលហេតុ​នៃ​ការឆេះ នៅ​មិនទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ​ហើយ​នគរបាល​ជំនាញ​កំពុង​បន្ត​នីតិវិធី​ស៊ើបអង្កេត​រក​ការពិត​»​។

លោក ហុក ពេជ្រហោះ ម្ចាស់​ទីតាំង​សិប្បកម្ម​ផលិត​សាច់ប៉ាតេ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ ចំណែក​សាច់ញាតិ​ជនរងគ្រោះ ក៏​មិនអាច​ស្នើសុំ​ការបំភ្លឺ​បានដែរ​ពី​ម្សិលមិញ​។ ទោះបី​បែបណា លោក ហុក ពេជ្រហឿន ដែលជា​បងប្រុស​បង្កើត​លោក ពេជ្រហោះ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅពេលនេះ លោក និង​ប្អូនប្រុស​របស់លោក​កំពុង​សហការ​ផ្ដល់​ចម្លើយ​ដល់​សមត្ថកិច្ច និង​កំពុង​ពិភាក្សា​ការផ្ដល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​ស្ថិតក្នុង​ហេតុការណ៍​នោះទេ ដូច្នេះ​ខ្ញុំ​មិនដឹងថា តើ​អគ្គិភ័យ​នោះ​ផ្ដើមចេញ​ពីអ្វី​នោះទេ​។ ឥឡូវនេះ​ខ្ញុំ​ក៏​កំពុង​រង់ចាំ​លទ្ធផល​ពី​មន្ត្រី​ជំនាញ​ដែល​កំពុង​ស្រាវជ្រាវ​លើ​ករណី​នេះដែរ​»​។

ការស្លាប់​របស់​ជនរងគ្រោះ​ទាំង​ ៤ ​នាក់​ខាងលើ​នេះ​បាន​ធ្វើឱ្យ​ចំនួន​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ភ្លើង​ឆេះផ្ទះ​ក្នុង​ឆ្នាំ​ ២០២១ គិត​ត្រឹម​ថ្ងៃទី​ ២៩ ខែមិថុនា​នេះ បាន​កើនឡើង​ដល់​ ១៤ ​នាក់ និង​របួស​កើន​ឡើង​ដល់​ ៣១ ​នាក់​។ នេះ​បើតាម​លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​នៃ​ក្រសួងមហាផ្ទៃ​។

លោក​ថ្លែងថា យោងតាម​របាយការណ៍​ឆមាស​ទី​ ១ ឆ្នាំ ២០២១ ដែល​គិត​ត្រឹម​ថ្ងៃទី​ ២០ ខែមិថុនា​គ្រោះ​អគ្គិភ័យ​បានកើតឡើង​នៅ​ទូទាំងប្រទេស​សរុប​ចំនួន ៤០៥១ ​លើក​បាន​បង្ក​ឱ្យ​មនុស្ស​ ១០ ​នាក់​ស្លាប់ និង​ ៣០ ​នាក់​ទៀត​រងរបួស​ព្រមទាំង​បាន​ឆេះ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ៣២៣ ​ខ្នង និង​តូប​លក់ដូរ​សរុប ៨៥ ​តូប​។

លោក​បញ្ជាក់ថា​៖ «​យោងតាម​ទិន្នន័យ​ដែល​នាយកដ្ឋាន​របស់​យើង​ទទួលបាន រាជធានី​ភ្នំពេញ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ច្រើនជាងគេ បន្ទាប់មក​គឺ​ខេត្តកណ្ដាល ស្ទឹងត្រែង បាត់ដំបង កំពង់ធំ និង​ខេត្ត​ព្រះសីហនុ​។ ចំណែក​ខេត្ត​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​តិចជាងគេ​បំផុត​នោះ​គឺ​ខេត្តសៀមរាប និង​ខេត្ត​កែប​»​។

យោងតាម​ការសិក្សា​ស្រាវជ្រាវ​គ្រោះ​អគ្គិភ័យ​ដែល​បាន​កើតឡើង​ភាគច្រើន​បណ្ដាល មកពី​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី ៣៩,៥៦ % ការប្រើ​ភ្លើង (​អុស​, ធ្យូង​, ចង្ក្រានហ្គាស​ និង​ធូប ទៀន​) ​សរុប ៣៧,៣១ % និង​ ២៣,១៣% ​ទៀត នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​៕