ឧត្តរមានជ័យៈ ឈើ​ធ្នង់ ដែល​ជា​ប្រភេទ​ឈើ​កម្រ​ប្រមាណ​ជាង​ ១០ ​ដើម ដែលមាន​ទំហំ​មុខកាត់ ៣០ ​សង់ទីម៉ែត្រ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃរុក្ខវន្ត ស្ថិតនៅ​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​គេ​លួច​កាប់ និង​ជញ្ជូនចេញ​ពី​ព្រៃ​នៅក្នុង​ខែមិថុនា និង​ឈើ​ប្រមាណ​ជាង​ ៤០ ​ដើម​ត្រូវបាន​គេ​លួច​កាប់​នៅក្នុង​ខែឧសភា ដោយ​ការកាប់​ទាំងនេះ​កើតឡើង​នៅ​ចន្លោះពេល​នៃ​ការដើរល្បាត​នៅក្នុង​តំបន់​អភិរក្ស​។

លោក ប៊ុន សាលួត ប្រធាន​សហព័ន្ធ​សហភាព​សហគមន៍​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវន្ត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១ នេះ ថា បច្ចុប្បន្ននេះ ក្រុមការងារ​សហព័ន្ធ​ និង​មន្ត្រី​នៃ​ឧទ្យានុរក្ស ដែល​ការពារ​តំបន់​អភិរក្ស​នេះ​បាន​កំពុង​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​ដែល​បាន​បំពាន​ច្បាប់​។

លោក​ ប៊ុន សាលួត បាន​ថ្លែង​ដោយ​បានដាក់​ការសង្ស័យ​បឋម​ទៅលើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ដែនជម្រកសត្វព្រៃ​រុក្ខ​វន្ត ព្រោះ​ធ្លាប់មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​លួច​ចូល​ទៅមក​កាប់​ឈើ​នៅក្នុង​តំបន់​ហាមឃាត់​នេះ​។

លោក សាលួត ថ្លែងថា​៖ «​យើង​សង្ស័យ តែ​ជន​ដដែលៗ គឺ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ព្រៃ​នេះ​។ ខ្ញុំ​កំពុង​ធ្វើ​ផែនការ​ថ្មី ខ្ញុំ​ស្នើសុំ មន្ត្រី​ទាហាន​ចំនួន ៥ នាក់​ទៀត​ឱ្យ​មកជួយ​ការពារ និង​ដាក់​តាម​គោលដៅ​។ ​បើ​មិន​ដូច្នោះ​ទេ វា​អស់​ឈើ​ពី​ព្រៃ​»​។

លោក ប៊ុន សាលួត បាន​អះអាងថា អ្នក​ដែល​ចូលទៅ​កាប់​ឈើ​នេះ សុទ្ធតែ​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន ព្រោះ​នៅ​កន្លែង​ឈើ​ដែល​ត្រូវបាន​គេ​កាប់​នេះ​បន្សល់ទុក​សុទ្ធ​គ្រឿងញៀន​។

លោក​ថ្លែងថា​៖ «​បើសិន មាន​ព្រះសង្ឃ ឬ​អ្នកការពារ​មាន​ចំនួន​តិច​នឹងមិន​រួចខ្លួន​ពី​ពួកវា​នោះទេ (​អាច​គ្រោះថ្នាក់​ដោយសារ​ពួកវា​)»​។

លោក ប៊ុន សាលួត ថ្លែងថា នៅក្នុង​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវន្ត​នេះ​មាន​ឈើ​ធ្នង់​ច្រើន បើ​ធៀប​ទៅនឹង​តំបន់​ផ្សេងទៀត នៅក្នុង​ប្រទេស​កម្ពុជា ហើយ​តំបន់​នេះ​ជា​តំបន់​ដែល​ទទួលបាន​ពានរង្វាន់​នៅលើ​ពិភពលោក និង​ជា​តំណាងឱ្យ​ពិភពលោក ដូច្នេះ​ត្រូវតែមាន​ការចូលរួម​ការការពារ​ពី​គ្រប់​មជ្ឈដ្ឋាន បើ​មិន​ចង់ឱ្យ​បាត់បង់​។

លោក ភួង លីណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ​បាន​ឱ្យដឹងថា មន្ត្រី​បរិស្ថាន​ក្នុង​មូលដ្ឋាន​កំពុងតែធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស​។

លោក ភួង លីណា ថ្លែងថា ការលួចកាប់​ឈើ​ធ្នង់​នៅក្នុង​តំបន់ហាមឃាត់​នេះ​ក្រុម​ជនល្មើស​បាន​ប្រើប្រាស់​មធ្យោបាយ​ថ្មី​ដោយ​ប្រើ​រណារ​ដៃ​កាត់​ផ្ដួលរំលំ និង​កាត់​ជា​កង់​សម្រាប់​ដាក់​ស្ពាយ​នៅលើ​ខ្នងមនុស្ស ដែល​ពីមុន​ពួកគេ​ប្រើ​រណារយន្ត​ និង​មធ្យោបាយ​ដឹកជញ្ជូន​ដោយ​គោយន្ត​ដែល​បង្កឱ្យមាន​សំឡេង​អាច​ឮ​ដល់​ក្រុម​ល្បាត​។

លោក ភួង លីណា ថ្លែងថា​៖ «​ព្រៃ​រុក្ខវន្ត​នេះ យើង​បាន​អភិរក្ស​បានល្អ ដែល​មាន​ឈើ​ប្រណីត និង​ប្រភេទ​ឈើ​លេខ ១ នៅសល់ វា​មិន​ច្រើន​ទេ ប៉ុន្តែ បើ​ធៀប​ជាមួយ​នឹង​តំបន់​ផ្សេង​នៅ​ទូទាំង​ប្រទេស គឺ​នៅ​តំបន់​នេះ ហើយ​ដែល​នៅសល់​ច្រើន​ជាង​គេ​។ ប៉ុន្តែ​ខ្ញុំ​ក៏​នៅតែ​បារម្ភ​ការ​លួច​ចូលទៅ​កាប់​នៅតែ​បន្ត​កើតមាន ដោយសារ​កម្លាំង​ចុះ​ល្បាត​មាន​មិន​គ្រប់គ្រាន់​»៕