ភ្នំពេញៈ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​ (NPMEC) កំពុង​បំពាក់បំប៉ន​ជំនាញ​បន្ថែម​ដល់​កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា​លើ​បច្ចេកទេស​ចាក់ និង​រក្សាទុក​វ៉ាក់សាំង​ការពារ​មេរោគ​កូវីដ​ ១៩ និង​ការ​តាមដាន​ស្ថានភាព​ក្រោយ​ការចាក់​វ៉ាក់សាំង ដើម្បី​ចាក់​ជូន​ដល់​កម្លាំង​រក្សា​សន្ដិភាព និង​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​គោលដៅ​នៃ​បេសកកម្ម​។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​មជ្ឈមណ្ឌល​នេះ​កាលពី​ថ្ងៃទី​ ២៨ មិថុនា​។

លោកស្រី កុសល ម៉ាលីនដា មន្ត្រី​នាំពាក្យ NPMEC ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា បច្ចុប្បន្ន កងកម្លាំង​មួកខៀវ​របស់​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​នៅតាម​បណ្តា​ប្រទេស​នានា ដែល​អង្គការ​សហប្រជាជាតិ​ (UN) ​បានស្នើ​សុំ​នោះ គឺ​បាន​ចូលរួម​ចាក់​វ៉ាក់សាំង​គ្រប់គ្នា​រួចហើយ​។

ពួកគេ​ក៏បាន​ចូលរួម​បេសកកម្ម​ចាក់​វ៉ាក់សាំង​ដល់​កម្លាំង​ផ្សេងទៀត​ឈរជើង​នៅ​តំបន់​ដែល​កម្លាំង​របស់​កម្ពុជា​កំពុង​បំពេញបេសកកម្ម​ផងដែរ​។ តាម​ការជូន​ដំណឹង​បឋម​របស់ UN កម្ពុជា​គ្រោង​ប្ដូរ​វេន​កងកម្លាំង​មួក​ខៀវ​ទៅ​ប្រទេស​ម៉ាលី​នា​ខែកញ្ញា​ខាងមុខ​។ បើសិនជា​មិនមាន​ករណី​ប្រែប្រួល​ទេ គឺ​រក្សា​ការប្ដូរវេន​នៅពេល​នេះ​ដដែល ព្រោះ​គ្រប់​រយៈពេល​ ១ ​ឆ្នាំ​ល្មម​សម្រាប់​កងកម្លាំង​ដែល​បាន​ចេញទៅ​បំពេញ​បេសកកម្ម​កាលពី​ខែកញ្ញា ឆ្នាំ​ ២០២០​។

លោកស្រី​ថ្លែងថា​៖ «​សម្រាប់​ប្រទេស​ម៉ាលី​យើង​មាន​កងកម្លាំង​ ២​ ក្រុម​សរុប​ទៅ​មាន​កងកម្លាំង​ចំនួន​ ២៩៨ ​នាក់ ដែល​យើង​ត្រូវ​ប្ដូរ​វេន​នៅ​ខែកញ្ញា​ខាងមុខ​»​។

លោកស្រី​បញ្ជាក់ថា​គ្រប់​កងកម្លាំង​មួក​ខៀវ​ដែល​បាន​ចូលរួម​បេសកកម្ម​ស្ថិតនៅក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ គឺ​តម្រូវឱ្យ​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូវីដ​ ១៩ ​គ្រប់គ្នា​ទាំងអស់​មុននឹង​ធ្វើដំណើរ​បេសកកម្ម​។ លោកស្រី​ ម៉ាលីនដា ថ្លែងថា ទាក់ទង​នឹង​កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា ក្នុងការ​ត្រៀម​ប្ដូរ​វេន​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្ដិភាព គឺ​ NPMEC បាន​បណ្ដុះបណ្ដាល​បន្ថែមទៀត​លើ​ការចាក់​វ៉ាក់សាំង និង​ការ​រក្សាទុក​វ៉ាក់សាំង ព្រោះ​ជា​តម្រូវការ​នៃ​របត់​ថ្មី​ ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​បន្តថា ការចូលរួម​របស់​កងកម្លាំង​កម្ពុជា​ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ គឺ​ដើម្បី​ដកបទពិសោធ​បន្ថែម​នៅពេលដែល​ប្ដូរ​វេន​ក្នុង​បេសកកម្ម​នាពេលខាងមុខ​។ ការ​អនុវត្ដ​ការចាក់​វ៉ាក់សាំង​នេះ កងកម្លាំង​ទទួលបាន​ជំនាញ​បន្ថែម​ក្នុងការ​រក្សាទុក​វ៉ាក់សាំង ការចាក់​វ៉ាក់សាំង សម្រាប់​ត្រៀម​នៅពេលដែល​អង្គការសហប្រជាជាតិ​ស្នើឱ្យ​កងកម្លាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​។

បើតាម​លោកស្រី ម៉ាលីនដា បច្ចុប្បន្ន កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា ដែល​ឈរជើង​អនុវត្ដ​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី មិន​ត្រឹមតែ​បាន​ចាក់​វ៉ាក់សាំង​ដល់​កងកម្លាំង​កម្ពុជា​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏បាន​ចាក់​ជូន​ដល់​កងកម្លាំង​ប្រទេស​ផ្សេងទៀត​ដែល​ឈរជើង​នៅ​តំបន់​នោះ​តាម​ការស្នើសុំ​របស់ អង្គការ​សហប្រជាជាតិ​។

លោកស្រី​បញ្ជាក់ថា​៖ «​គេ​ផ្ដល់​ថ្នាំ​មក​ខាងយើង ហើយ​ការរក្សា​ទុកដាក់​វ៉ាក់សាំង​នេះ ខាង​ក្រុមការងារ​អង្គការ​សហប្រជាជាតិ​បាន​បង្រៀន​ដល់​កងកម្លាំង​យើង​រួចហើយ​ដែរ​។ ដូច្នេះ​យើង​សិក្សា​រៀនសូត្រ​ពី​គាត់​ហើយ យើង​ចាក់​ជូន​កងកម្លាំង​យើង​ផង និង​ចាក់ជូន​ដល់​កងកម្លាំង​ប្រទេស​ផ្សេង​ទៀតផង ដែល​ឈរជើង​នៅក្បែរ​ទីតាំង​បេសកកម្ម​»​។

លោកស្រី​បាន​បន្តថា​៖ «​អង្គការ​សហប្រជាជាតិ​បានស្នើ​ឱ្យ​យើង​បង្កើន​ចំណេះ ជំនាញ​ផ្នែក​នេះ​ (​ការចាក់ និង​រក្សាទុក​វ៉ាក់សាំង​ការពារ​មេរោគ​កូវីដ​ ១៩) ហើយ​នៅពេលដែល​យើង​ចូលរួម​បេសកកម្ម គឺ​យើង​ចេះ​រក្សាទុក ចេះ​ចាក់​វ៉ាក់សាំង និង​ចេះ​អង្កេត​មើល​ពី​ស្ថានភាព​អ្នក​ដែល​បាន​ចាក់​រួចហើយនោះ​មាន​ការប្រែប្រួល​យ៉ាងណាខ្លះ​ជាដើម​»​។

លោក​ សែម សុវណ្ណនី អគ្គនាយក NPMEC បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២៦ ខែមិថុនា ថា ក្រុម​ពេទ្យ​យោធា​មួយចំនួន​ដែល​កំពុង​ស្ម័គ្រចិត្ត​ចុះ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ជូន​បណ្តា​ពលរដ្ឋ​ទូទៅ​នៅក្នុង​ស្រុក អាច​នឹង​ត្រូវបាន​ស្នើសុំ​ការស្ម័គ្រចិត្ត​បញ្ជូន​ចូលរួម​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​លើ​ការងារ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ជូន​កងកម្លាំង​មួក​ខៀវ និង​ពលរដ្ឋ​ស៊ីវិល​នៅតាម​ប្រទេស​គោលដៅ​។

លោក​ថ្លែងថា លោក​នឹង​ស្នើ​ប្រមុខ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ សុំ​រៀបចំ​ក្រុម​ពេទ្យ​យោធា​មួយចំនួន​ដែល​កំពុង​អនុវត្ត​ផ្ទាល់​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩ ​ជូន​ពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យចូល​រួម​បំពេញបេសកកម្ម​សកម្មភាព​មនុស្សធម៌​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩ ​នៅក្រៅ​ប្រទេស​។

បើតាម​លោកស្រី​ ម៉ាលីនដា បច្ចុប្បន្ន ទ័ព​មួក​ខៀវ​របស់​កម្ពុជា​ប្រមាណ​ ៧៨៧ ​នាក់​កំពុង​ឈរជើង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅតាម​បណ្តា​ប្រទេស​ចំនួន​ ៥ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង ប្រទេស​លីបង់ សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល និង​ប្រទេស​ម៉ាលី​៕