ភ្នំពេញៈ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​រំឭក​ពី​សមិទ្ធផល​ «​ដ៏អស្ចារ្យ​» ​និង​ការរកឃើញ​មាគ៌ា​អភិវឌ្ឍន៍​ដែល​កើតចេញពី​ទំនាក់​ទំនង​ជា​មិត្ត​ដែកថែប​រវាង​ប្រទេស​ទាំង​ ២ ហើយ​លោក​ក៏បាន​ឌឺដង​ដល់​ប្រទេស​មួយចំនួន​ចំពោះ​ភាពបរាជ័យ​ក្នុងការ​បំបែកបំបាក់​ចំណងមិត្តភាព​នេះ​ផងដែរ​។

នៅក្នុង​សំណេរ​អត្ថបទ​ដែល​ដាក់​ចំណងជើង​ថា​ «​ចងចាំ​ប្រវត្តិសាស្ត្រ​ដ៏ត្រចះត្រចង់​ ១០០ ​ឆ្នាំ បើក​ទំព័រ​ថ្មី​សម្រាប់​ចំណងមិត្តភាព​ចិន​ និង​កម្ពុជា​» ​ចេញផ្សាយ​ពី​ម្សិលមិញ​លោក វ៉ាង ​វិនធាន ​បាន​លើកឡើងថា​នៅលើ​ពិភពលោក​តែងមាន​មនុស្ស​ដែល​មិន​ចូលចិត្ត​ឃើញ​ប្រទេស​ដទៃ​ដែលមាន​ប្រព័ន្ធគ្រប់គ្រង និង​ទ្រឹស្តី​ខុសគ្នា​មាន​​ការអភិវឌ្ឍ​ខ្លាំង​នោះទេ ហើយ​តែង​បារម្ភ​​ពេលដែល​ប្រជាជន​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​មាន​ជីវភាព​ល្អ​ប្រសើរឡើង​។

លោក​បន្តថា ពួកគេ​តែង​លាប​ពណ៌​លើ​ប្រទេស​ចិន​ និង​គណបក្ស​កុម្មុយនីស្ត​ចិន​ឥតឈប់ឈរ ចង់​បំបែកបំបាក់​​ទំនាក់ទំនង​រវាង​គណបក្ស​កុម្មុយនីស្ត​ចិន និង​ប្រជាជន​ចិន​ក៏ដូចជា ចង់​បំផ្លាញ​ទំនាក់ទំនង​មិត្តភាព​រវាង​ចិន​ និង​កម្ពុជា ប៉ុន្តែ​វា​ត្រូវបាន​វិនាស​។

លោក វ៉ាង ថ្លែងថា​៖ «​ពាក្យពេចន៍​គំរាមកំហែង​ និង​ផ្តួល​រលំ​ចិន​តាម​គ្រប់ទម្រង់​ត្រូវបាន​វិនាស​បរាជ័យ​យូរមកហើយ​»​។

ចំណង​មិត្តភាព​ដែកថែប​រវាង​ចិន​ និង​កម្ពុជា​មិនអាច​បំបែក​បានឡើយ​ហើយ​សហគមន៍​វាសនា​រួម​រវាង​ប្រទេស​ទាំង​ ២ ​មុតមាំ​ជាងមាស​»​។

លោក​បន្តថា​៖ «​យើង​មិនអាច​បំភ្លេច​បានឡើយ​ថា នាគ្រា​ដំបូង​នៃ​ការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​កូវីដ​ ១៩ ​កាលពី​ឆ្នាំ​ ២០២០ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​មិន​បិទ​ជើងហោះហើរ​ជាមួយ​ចិន មិន​រើសអើង​ប្រជាជន​ចិន​និង​មិន​ជម្លៀស​អ្នកការទូត និង​និស្សិត​ខ្មែរ​ចេញពី​ចិន​»​។

លោក វ៉ាង សរសេរថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី​នរោត្តម មុនិនាថ​សីហនុ បាន​ព្រះរាជទាន​ជំនួយ​ដល់​ភាគី​ចិន ហើយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​ទៅ​ចិន​ជាបន្ទាន់​ក្នុង​ដំណើរ​បញ្ច្រាស​។

លោក​សរសេរថា បន្ទាប់ពី​កម្ពុជា​ផ្ទុះ​ជំងឺ​វីរុស​កូវីដ​ ១៩ រដ្ឋាភិបាល​ និង​យោធា​ចិន​បាន​ចាត់​បញ្ជូន​ក្រុមគ្រូពេទ្យ​មក​កម្ពុជា​មុនគេ បានផ្តល់​សម្ភារ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​តាម​គ្រប់​មធ្យោបាយ​ជាច្រើន​។ ​ទោះបីជា​ប្រទេស​ចិន​មាន​តម្រូវការ​វ៉ាក់សាំង​សន្ធឹកសន្ធាប់​ក្នុងប្រទេស​ខ្លួន​ក្ដី ក៏​នៅតែ​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​ទិសដៅ​អាទិភាព​សម្រាប់​ប្រគល់​វ៉ាក់សាំង​ដែល​ស្មើនឹង​ ៩៥ ​ភាគរយ​នៃ​ចំនួន​វ៉ាក់សាំង​កូវីដ​សរុប​ដែល​កម្ពុជា​ទទួលបាន​។

លោក​ វ៉ាង បានលើកឡើង​ទៀតថា​ស្ថិតក្រោម​លក្ខខណ្ឌ​នៃ​ជំងឺ​វីរុស​កូវីដ​ពាណិជ្ជកម្ម​ចិន និង​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ បន្ត​កើនឡើង ទោះបីជា​ជួបនឹង​ឧបសគ្គ​ជំងឺ​វីរុស​ក៏ដោយ​ដែលមាន​ចំនួន​ទឹកប្រាក់​សរុប​ជាង​ ៩,៥៦ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

គម្រោង​សំខាន់ៗ​នៃ​ខ្សែក្រវាត់​ និង​ផ្លូវ​ត្រូវបាន​ជំរុញ​យ៉ាង​រលូន​មានដូចជា គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីជនបទ និង​គម្រោង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ជាដើម​។

លោក​ វ៉ាង បាន​ថ្លែងថា​៖ «​យើង​រំឭក​ប្រវត្តិសាស្ត្រ​ដើម្បី​បូកសរុប​បទពិសោធ​ស្វែងយល់​អំពី​ច្បាប់ និង​បង្កើត​ភាពស្រស់ត្រកាល​សម្រាប់​អនាគត​»​។

លោក​ថា​៖ «​យើង​ជឿជាក់​ដោយមាន​ហេតុផល​ថា ស្ថិតក្រោម​សមិទ្ធផល​ដ៏អស្ចារ្យ​ជា​សតវត្សរ៍​ដែល​ប្រទេស​ចិន​ និង​កម្ពុជា​ក៏ដូចជា​ប្រជាជន​ទាំង​ ២ ​បាន​រកឃើញ​នូវ​មាគ៌ា​អភិវឌ្ឍន៍​ដែល​សមស្រប​ជាមួយ​ស្ថានភាព​របស់​ប្រទេសជាតិ​ខ្លួន និង​ស្ថិតក្រោម​ការកសាង​សហគមន៍​វាសនា​រួម​យើង​រួមគ្នា​ជួយ​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក​...»​។

លោក​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​​រាជរដ្ឋាភិបាល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជាគោលការណ៍​កម្ពុជា​ជ្រើសរើស​គោលការណ៍​នយោបាយ​​បរទេសមួយ​ដែល​មិន​ចូលបក្ស​សម្ព័ន្ធ​ខាង​ណា​ទេ ទោះបីជា​ជំនួយ​យ៉ាងណា​​ក៏ដោយ ហើយ​អធិបតេយ្យ​របស់​កម្ពុជា​​នៅតែ​ត្រូវបាន​គោរព និង​ថែរក្សា​។

លោក​ថ្លែងថា​៖ «​នៅក្នុង​រឿង​ហ្នឹង​គឺ​យើង​សុំ​ថ្លែងអំណរគុណ​ដល់​ចិន​ដែរ មិត្ត​ចិន​ដ៏ល្អ​ដែល​លោក​គោរព​នូវ​អធិបតេយ្យ​របស់​កម្ពុជា​នូវ​ឯករាជ្យ​របស់​កម្ពុជា​»​។

លោក ស៊ីផាន ថ្លែងថា ក្នុង​ទំនាក់ទំនង​ជា​មិត្ត​ដែកថែប បញ្ហា​របស់​កម្ពុជា​​គឺជា​បញ្ហា​របស់​ចិន​ហើយ​បញ្ហា​របស់​ចិន​គឺជា​បញ្ហា​របស់​កម្ពុជា​។ ទោះ​យ៉ាងណា​កម្ពុជា​ស្ថិតក្នុង​ក្របខ័ណ្ឌ​នៃ​ក្រម​សីលធម៌​របស់​អាស៊ាន ដោយសារ​អាស៊ាន​មាន​គោលការណ៍​ច្បាស់លាស់​។

លោក​ថ្លែងថា​៖ «​ចំពោះ​ទៅ​ថ្ងៃមុខ​ខ្ញុំ​ជឿថា​កម្ពុជា​នឹង​លូតលាស់​នៅក្នុង​វិស័យសេដ្ឋកិច្ច​ហើយ​មិនមែន​ត្រឹមតែ​លូតលាស់​កម្ពុជា​ជាមួយនឹង​ចិន​ទេ​គឺ​លូតលាស់​ទាំង​ ១០ ​ប្រទេស​នៅក្នុង​អាស៊ាន​របស់​យើង​។ ​នៅក្នុង​អាស៊ាន​យើង​កំពុងតែ​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​។ យើង​មិនមែន​ស្វែងរក​ដៃគូ​ភូមិសាស្ត្រ​នយោបាយ​នោះទេ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ដែរ​ថា សម្រាប់​អនាគត​វែងឆ្ងាយ​ទៅមុខទៀត​លោក​គិតថា​ទំនាក់ទំនង​កម្ពុជា-ចិន​នឹង​នៅ​បន្ត​រឹងមាំ រីកចម្រើន និង​ស៊ីជម្រៅ​ថែមទៀត​ពីព្រោះ​ប្រទេស​ទាំង​ ២ ​មាន​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​រួមគ្នា​ច្រើន​។

លោក​ថ្លែងថា​៖ «​ការប្រកួតប្រជែង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​រុញឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង ​២ ​ហ្នឹង​កាន់តែ​មាន​ការរីកចម្រើន​ថែមទៀត​ទៅ​ថ្ងៃ​អនាគត​ហើយ​អ្វីដែល​យើង​ឃើញ​​វា​ឈរលើ​មូលដ្ឋាន​បច្ចុប្បន្ន​ដែល​ប្រទេស​ទាំង​ ២ ​មាន​គឺ​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ទូលំ​ទូលាយ​ហើយ​ការជួយ​គ្នា​ទៅវិញទៅមក​ហ្នឹង​យើង​ឃើញថា វា​មាន​លក្ខណៈ​ស៊ីជម្រៅ​»៕