កោះកុងៈ ប្រធាន​មន្ទីរពេទ្យ​ខេត្តកោះកុង​លោក​ ហៃ ឡៃសុន បានធ្វើការ​ពន្យល់​ពី​ការធ្វើ​តេស្ត​រហ័ស សម្រាប់​រក​មេរោគ​កូវីដ-១៩ (Rapid Antigen test COVID-19) ដែលមាន​ប្រជាពលរដ្ឋ​មួយចំនួន​មាន​ការយល់ច្រឡំ​ថា អ្នកមាន​ជំងឺ​ផ្តាសាយ​ធម្មតា ប្រើ​តេស្ត​រហ័ស​នេះ​ក៏​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវីដ​ដែរ​។

លោក ហៃ ឡៃសុន បានធ្វើការ​បកស្រាយ​នូវ​ការភាន់ច្រឡំ​នេះ​ថា​៖ «​ខ្ញុំ​សូម​បង្ហាញ​ឡើងវិញ​អំពី​ការធ្វើ​តេស្ត​រហ័ស​សម្រាប់​រក​មេរោគ​កូវីដ​ ១៩ ដោយសារ​បងប្អូន​យើង​មួយចំនួន មិនទាន់​យល់ច្បាស់​អំពី​សារៈសំខាន់​របស់​វា​ដោយមាន​ការភាន់ច្រឡំ​ថា​តេស្ត​រហ័ស​នេះ​ ទោះបីជា​អ្នកជំងឺ​ផ្តាសាយ​ធម្មតា​ក៏​អាច​មើលឃើញ​លទ្ធផល​វិជ្ជមាន​ដែរ​»​។

លោក​បញ្ជាក់ថា ការយល់​បែបនេះ​គឺជា​ការយល់ច្រឡំ​ខុស​ទាំងស្រុង​ដោយសារ​ជំងឺ​ផ្តាសាយ​បង្កដោយ​វីរុស​ប្រភេទ​ផ្សេង​ពី​វីរុស​កូវីដ​ ១៩ ដូចជា វីរុស rhinovirus, adenovirus និង​វីរុស influenza ជាដើម ចំណែក​ជំងឺ​កូវីដ​ ១៩ វិញ បង្កដោយ​វីរុស​កូរ៉ូណា​ ( coronavirus )​។

លោក ហៃ ឡៃសុន បន្ថែមថា តេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩ (Rapid Antigen test COVID-19) គឺជា​ប្រភេទ​តេស្ត​មើល​មេរោគ​កូវីដ​ ( Antigen) ​រហ័ស​ពោលគឺ​លទ្ធផល​ត្រូវការ​រយៈពេល​តែ​ ១៥ ​នាទី ហើយ​ប្រសិទ្ធភាព​តេស្ត​នេះ​ប្រហាក់ប្រហែល ៩៥ ភាគរយ​។

លោក​ថា​៖ «​វា​ងាយស្រួល​ធ្វើ ដោយ​យើង​អាចធ្វើ​ដោយ​ខ្លួនឯងបាន ដោយ​ត្បារ​រន្ធ​ច្រមុះ (nasopharyngeal or nasal swab specimens )​ជម្រៅ ២ សង់ទីម៉ែត្រ ដោយ​បង្វិល​ ៥ ជុំ​។ វា​មាន​ប្រសិទ្ធភាព​ខ្ពស់ ( sensitivity)​ប៉ុន្តែ​ទាប​ជាង​មើល​សំណាក PCR test»​។

ប្រសិទ្ធភាព​របស់​តេស្ត​នេះ គឺ​ឆាប់​រក​មេរោគ​ឃើញច្បាស់​ល្អ ភាគច្រើន​នៅពេល​មាន​រោគសញ្ញា​ដូចជា ក្អក ផ្តាសាយ ឈឺបំពង់ក ក្តៅខ្លួន ពោលគឺ​ចាប់ពី​ចន្លោះ​ថ្ងៃទី​ ៥ ទៅ​ថ្ងៃទី​ ៩ ​ក្រោយ​ពី​ឆ្លង​ (​ដំណាក់​មេរោគ​មាន​ច្រើន​នៅក្នុង​សំណាក​)​។

លោក​បន្ថែមថា​៖ «​តេស្ត​នេះ​គេ​ប្រើប្រាស់​ក្នុងពេល​មាន​ការផ្ទុះ​រាលដាល​ក្នុង​សហគមន៍​ជា​ប្រភេទ​ប្រមូលផ្តុំ (outbreak settings ) ដើម្បី​ស្រាវជ្រាវ បែងចែក ញែក​អ្នកដែល​វិជ្ជមាន​ឱ្យបាន​ឆាប់ ប៉ុន្តែ​ទោះជា​អ្នក​វិជ្ជមាន​ ឬ​អវិជ្ជមាន​ក៏ដោយ​ក៏ត្រូវ​មើល​សំណាក PCR test បន្ថែម​បញ្ជាក់​ទៀត​ប្រសិនបើ​មាន​ករណី​សង្ស័យ​ ឬ​មាន​រោគសញ្ញា ឬ​ស្ថិតក្នុង​តំបន់​ប្រឈម​ខ្ពស់ (Serial screening in congregate settings)»​។

លោក ហៃ ឡៃសុន ក៏បាន​លើកឡើង​ពី​ចំណុចខ្សោយ​របស់​តេស្ត​រហ័ស រក​មេរោគ​កូវីដ​ ១៩ ​នេះដែរ គឺ​តេស្ត​នេះ​ចាប់​មេរោគ​មិនឃើញ​មុនពេល​អ្នកជំងឺ​ស្តែងចេញ​រោគសញ្ញា (asymptomatic phase) ​ទេ ពោលគឺ​មុន​ថ្ងៃទី​ ៣ នៃ​ការឆ្លង​។

តេស្ត​រហ័ស​នេះ​នឹង​បង្ហាញ​អវិជ្ជមាន​នៅពេល​មេរោគ​ក្នុង​សំណាក​ចុះ​ទាប (low virus) ចាប់ពី​ថ្ងៃទី​ ១១ ​ទៅ ហើយ​ដំណាក់កាល​នេះ​កម្រិត​នៃ​ការឆ្លង​ក៏​ថមថយ​ចុះ​ផងដែរ​ជា​ដំណាក់កាល​លែង​មាន​ការគំរាមកំហែង​នៃ​ការឆ្លង​ទៀតហើយ ( no longer threat)​។

ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ១ ​រូប​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា លោក​បានធ្វើ​តេស្ត​រហ័ស​នេះ នៅពេលដែល​លោក​មាន​អាការ​ក្អក និង​ហៀរ​សំបោរ ប៉ុន្តែ​វា​មិន​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ​នោះទេ​។

លោក​បាន​ប្រាប់ថា​៖ «​ខ្ញុំ​ដំបូង​ក៏មាន​ការច្រឡំ​ថា អ្នក​ផ្តាសាយ​ក៏​តេស្ត​ជាមួយ​នឹង​ឧបករណ៍​តេស្ត​រហ័ស​នេះ​ឃើញ​មាន​វិជ្ជមាន​កូវីដ​ដែរ ប៉ុន្តែ​ជាក់ស្តែង​វា​មិន​ពិត​នោះទេ ខ្ញុំ​ផ្តាសាយ​តែ​ខ្ញុំ​ធ្វើតេស្ត​ជាមួយ​ឧបករណ៍​នេះ បែរ​ជាមាន​លទ្ធផល​អវិជ្ជមាន​»​។

ចំណែក​លោក​ ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ដែល​បានធ្វើ​តេស្ត​រហ័ស​នេះដែរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ ខែមិថុនា ថា អ្នកមាន​ជំងឺ​ផ្តាសាយ​មិនអាច​តេស្ត​ឃើញ​មាន​វិជ្ជមាន​កូវីដ​ ១៩ ដូចដែល​មាន​ជន​មួយចំនួន​បាន​យល់ឃើញ​នោះឡើយ​។

លោក​បាន​ប្រាប់ថា៖ «​ដំបូង​ឡើយ ខ្ញុំ​ និង​កម្មករ​ជាច្រើន​មាន​ការបារម្ភ ដោយ​បានឮ​តៗ​គ្នា​ថា ឧបករណ៍​តេស្ត​រហ័ស​នេះ​សូម្បីតែ​អ្នក​ផ្តាសាយ ក្អក ក៏​ពិនិត្យឃើញ​មាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ​ដែរ ប៉ុន្តែ​ការលើកឡើង​នេះ​គឺ​មិន​ពិត​ទេ ដោយសារ​ខ្លួន​ខ្ញុំ​ផ្ទាល់​គឺ​បាន​ជួប​ផ្ទាល់​តែម្តង​»​។

លោក​ ហ្វា សាលី ថា លោក​មាន​អាការ​ក្អក ឈឺក និង​ផ្តាសាយ​ធំ​រយៈពេល​ ១ ​សប្តាហ៍ លោក​មិន​ទុកចិត្ត​ក៏បាន​សម្រេច​ធ្វើតេស្ត​រក​វីរុស​កូវីដ​ ១៩ ​ជាមួយនឹង​ឧបករណ៍​តេស្ត​រហ័ស​នេះ ប៉ុន្តែ​ជា​លទ្ធផល​គឺ​អវិជ្ជមាន​។

លោក​បាន​បន្តថា៖ «​ដូចនេះ សូម​បងប្អូន​កុំ​ជឿ​ពាក្យ​ចចាមអារ៉ាម​នេះ​។ បើ​យើង​មិនមាន​មេរោគ​កូវីដ​ ១៩ ​ទេ គឺ​ការ​តេស្ត​ជាមួយនឹង​ឧបករណ៍​តេស្ត​រហ័ស​នេះ​ក៏​មិនមាន​ដែរ​»៕

វីដេអូ៖