ភ្នំពេញៈ មន្ត្រី​អគ្គនាយកដ្ឋាន ក.ប.ប ជាង ១ ០០០ នាក់​នឹង​ចាប់ផ្តើម​អនុវត្ត​វិធានការ​បន្ថែម​ដោយ​ធ្វើការ​ផាកពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់ ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ដោយ​ពុំមាន​ការលើកលែង​ឡើយ ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា តទៅ​។

ការចុះអនុវត្ត​វិធានការ​នេះ​ធ្វើឡើង បន្ទាប់ពី​ក្រសួងពាណិជ្ជកម្ម ក្រសួងយុត្តិធម៌​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានចេញ​ប្រកាស​អន្តរក្រសួង​ស្ដីពី​នីតិវិធី​ពិន័យ​អន្តរការណ៍​លើ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់​កាលពី​ថ្ងៃទី​ ៣ ខែមិថុនា​។

ជាមួយ​នឹង​ប្រកាស​ថ្មី​នេះ គណៈកម្មាធិការ​ជាតិ​ការពារ​អ្នក​ប្រើប្រាស់ មន្ត្រី​ស៊ើបអង្កេត​របស់​អគ្គនាយកដ្ឋាន ក.ប.ប ដែល​ទទួលបាន​នីតិសម្បទា ជា​នគរបាល​យុត្តិធម៌​ត្រូវ​បានផ្តល់​សិទ្ធិអំណាច​ក្នុងការ​អនុវត្ត​វិធានការ​ផាកពិន័យ​ចំពោះ​អំពើ​ល្មើស​ដែលមាន​ជាធរ​មាននៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០២១ តទៅ​។

លោក​ ផាន អូន ​ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៩ មិថុនា​ថា អគ្គនាយកដ្ឋាន ក.ប.ប បានតែងតាំង​ជា​មន្ត្រី​ស៊ើបអង្កេត​ចំនួន ៦២៧ ​រូប​ និង​មន្ត្រី​ចំនួន​ ៥២៧ ​រូប​ត្រូវ​បានផ្តល់​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​ ដើម្បី​ចូលរួម​អនុវត្ត​វិធានការ​ថ្មី​នេះ​ទូទាំង​ប្រទេស​។

លោក​បញ្ជាក់ថា​៖ «​មន្ត្រី​មាន​សមត្ថកិច្ច​នឹង​អនុវត្ត​នីតិវិធី​នេះ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ទៅតាម​លទ្ធភាព​ស្ថានភាព​ និង​កាលៈទេសៈ​ជាក់ស្ដែង​។ ព្រមទាំង​ចាប់ផ្តើម​អនុវត្ត​វិធានការ​បន្ថែមទៀត​គឺ​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ដោយ​ពុំមាន​ការលើកលែង​ឡើយ​»​។

បើតាម​លោក​ ផាន អូន កន្លងមក អគ្គនាយកដ្ឋាន កបប បាន​អនុវត្ត​នូវ​សកម្មភាព​មួយចំនួន​ដើម្បី​ត្រៀម​អនុវត្ត​ប្រកាស​អន្តរក្រសួង​ថ្មី ដោយបាន​បើក​វគ្គ​បណ្តុះបណ្តាល​អំពី​វិធានការ ដែល​ត្រូវអនុវត្ត​ និង​នីតិវិធី​នៃ​ការពិន័យ​អន្តរការណ៍​ដល់​មន្ត្រី​ក្រោមឱវាទ​។

បន្ថែម​ពីនេះ កបប ក៏បាន​បើក​វគ្គ​ផ្សព្វផ្សាយ​អំពី​អំពើ និង​ការមិន​សុចរិត​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​ទោសប្បញ្ញត្តិ ដែល​កំណត់ដោយ​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ទៅដល់​ផលិតករ ពាណិជ្ជករ អាជីវករ​នៅតាម​បណ្តា​រាជធានី ខេត្ត មុន​ឈាន​ទៅ​ដល់​ការអនុវត្ត​វិធានការ​ពិន័យ​ផងដែរ​។

លោក​រៀបរាប់​ថា​៖ «​កន្លងមក អគ្គនាយកដ្ឋាន ក.ប.ប បាន​អនុវត្ត​តួនាទី និង​ភារកិច្ច​អនុវត្ត​ច្បាប់​ដែល​រួមមាន​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ​និង​សេវា ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងទៀត បើទោះបីជា​ប្រកាស​អន្តរក្រសួង​លេខ​ ៣៣៨ មិនទាន់បាន​ដាក់ឱ្យ​អនុវត្ត​ក៏ដោយ​»​។

វិធានការ​មួយចំនួន​ក៏ត្រូវ​បាន​យកមកអនុវត្ត​រួចហើយ​ផងដែរ ដូចជា ការព្រមាន​ជា​លាយលក្ខណ៍អក្សរ ការដកហូត​មក​កម្ទេចចោល ឬ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ជាដើម​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ថ្លែងថា ការអនុវត្ត​វិធានការ​ថ្មី​នេះ គឺ​មិន​ត្រឹមតែ​ចូលរួម​ការពារ​សារប្រយោជន៍​ដល់​អ្នកប្រើប្រាស់​ទូទៅ​នោះទេ​សូម្បីតែ​អ្នក​ផលិត និង​អ្នក​នាំចូល​ផលិតផល​នានា​នៅ​ទូទាំងប្រទេស ក៏បង្ក​ភាពងាយស្រួល និង​នាំឱ្យ​ពួកគេ មាន​ការប្រយ័ត្នប្រយែង ចៀសវាង​មានការ​ក្លែងបន្លំ​ផលិតផល​ដើម ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​។

ដោយសារ​តែ​ការអនុវិធានការ​នេះ​ដំបូងៗ លោក​មើលឃើញ​ថា វា​អាច​នឹងមាន​ការពិបាក​ច្រើន ដែល​ទាមទារ​ឱ្យមាន​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ហើយ​ត្រូវការ​ការអនុវត្ត​ប្រកប​ដោយ​​សុចរិតភាព​ និង​តម្លាភាព​។ លោក​យល់ថា មន្ត្រី​អ្នកអនុវត្ត​ច្បាប់​ដែល​ត្រូវបាន​តែងតាំង​ឱ្យ​អនុវត្ត​វិធានការ​នេះ​គឺ​ត្រូវ​ទាមទារ​ឱ្យមាន​ការយល់ដឹង​ខ្ពស់ អមដោយ​ឧបករណ៍​ ឬ​វិធីសាស្ត្រ​ទំនើប​ដើម្បី​ឱ្យ​ស្របតាម​សម័យកាល​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា លឿន និង​រហ័ស​។

លោក ហុង វណ្ណៈ ថា​៖ «​សុំឱ្យ​យើង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​ធ្វើ​ការងារ​នេះ​ជា​បណ្តើរៗ​ និង​មុតមាំ កុំ​ឱ្យមាន​អំពើពុករលួយ​នៅក្នុង​នីតិវិធី ព្រោះ​កិច្ចការ​អស់នេះ​ប្រយ័ត្ន​មន្ត្រី​មួយចំនួន គាត់​ច្រើនតែ​ឆ្លៀតឱកាស​ធ្វើឱ្យ​ការទប់ស្កាត់​ទំនិញ​ក្លែងក្លាយ និង​កិច្ចការពារ​អ្នកប្រើប្រាស់​ក៏​មិន​ប្រាកដ​»៕