ភ្នំពេញៈ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP) សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ផ្តល់​ស្បៀង​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ២០ ​ម៉ឺន​នាក់ ដែលជា​គ្រួសារ​ក្រីក្រ ងាយ​រងគ្រោះ​ (IDPoor) ​និង​មានកូន​ចុះឈ្មោះ​ចូលរៀន​នៅតាម​សាលា ដោយមាន​ការគាំទ្រ​ពី​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន​ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ៥ ​ខេត្ដ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ម្សិលមិញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បានឱ្យដឹងថា ថ្ងៃទី​ ២៩ ខែមិថុនា កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ ចែក​ស្បៀង ដល់​ក្រុមគ្រួសារ​ងាយ​​រងគ្រោះ​ចំនួន ៣៩ ៦៥០ ​គ្រួសារ ដែល​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​សរុប​ដែល​ទទួល​បាន​ជំនួយ​នេះ​ប្រមាណ ២០០ ០០០ ​នាក់ ​ក្នុង​ខេត្ត​គោលដៅ​ចំនួន ៥ ​ខេត្ត​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា​៖ «​ការផ្ដល់​ជំនួយ​នេះ សម្រាប់​ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​ដែល​អាជ្ញាធរ​កំណត់ថា ជា​គ្រួសារ​ងាយ​រងគ្រោះ​មាន​បណ្ណ​អត្តសញ្ញាណ គ្រួសារ​ក្រីក្រ និង​មានកូន​ចុះឈ្មោះ​ចូលរៀន​នៅតាម​សាលា​ដែលមាន​ការគាំទ្រ​ពី​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​ក្រសួង​អប់រំ​»​។

លោកស្រី ក្លែរកូណាន់ តំណាង WFP ប្រចាំ​នៅ​កម្ពុជា ថ្លែងថា ក្នុងអំឡុងពេល​មាន​តម្រូវការ​ខ្ពស់ ជំនួយ​ស្បៀង​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​ក្រសួង​អប់រំ គឺជា​ការរួមចំណែក​បំពេញ​បន្ថែម​ដល់​ជំនួយ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ ជំនួយ​នេះ​នឹង​រួមចំណែក​ក្នុងការ​បំពេញ​តម្រូវការ​របស់​ក្រុមគ្រួសារ​ងាយ​រងគ្រោះ ជាពិសេស និង​ធានាថា កុមារ នឹង​មាន​អាហារ​ទទួលទាន​ក្នុងពេល​មាន​វិបត្តិ​។

លោកស្រី​ថ្លែងថា​៖ «​យើងខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដៃគូ​ទាំងអស់​ដែល​បានផ្ដល់​ការគាំទ្រ ជាពិសេស ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​»​។

បើតាម​លោកស្រី ក្លែរ កូណាន់ នេះ​គឺជា​ការចែក​ស្បៀង​ជុំ​ទី​៤ ​ក្នុង​គោលបំណង​កាត់បន្ថយ​ផលប៉ះពាល់​របស់​ជំងឺ​កូវីដ​ ១៩ ទៅលើ​សេដ្ឋកិច្ច​គ្រួសារ​ងាយ​រងគ្រោះ​។ ការចែក​ស្បៀង​ត្រូវបាន​ធ្វើឡើង​តាមរយៈ​បណ្តាញ​សាលារៀន ដោយមាន​ការគាំទ្រ​ពី​មន្ទីរអប់រំ រដ្ឋបាល​សាលារៀន អាជ្ញាធរ​ភូមិ​ឃុំ និង​ដៃគូ​អង្គការ​មិនមែន​រដ្ឋាភិបាល​។

លោកស្រី​ឱ្យដឹងថា របប​ស្បៀង​នេះ រួមមាន អង្ករ​ ២៥ ​គីឡូក្រាម ត្រីខកំប៉ុង និង​ប្រេងឆា​។ ក្រៅពីនេះ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ និង​ដៃគូ​ដទៃទៀត ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន និង​អគារសិក្សា​ដែលជា​វិធាន​ការត្រៀម​សម្រាប់ ការចូល​រៀន​វិញ​ប្រកបដោយ​សុវត្ថិភាព​។

បើតាម​ WFP ​ប្រចាំ​កម្ពុជា ជាធម្មតា កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​ក្រសួង​អប់រំ បាន​ផ្តល់នូវ​អាហារ​សុខភាព និង​មាន​ជីវជាតិ​ដល់​កុមារ​ ២២៣ ០០០​ នាក់​នៅ​តាម​សាលា​គោលដៅ​ចំនួន ៩០៨ ក្នុង​ខេត្ត​ចំនួន ​៥ គឺ ខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​។

WFP បញ្ជាក់ថា អាហារូបត្ថម្ភ​ល្អ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​ផ្លូវចិត្ត និង​រាងកាយ​របស់​កុមារ​។ ការសិក្សា​បាន​បង្ហាញថា ការផ្ដល់​អាហារ​តាម​សាលារៀន​ជួយ​ឱ្យ​សិស្ស​ផ្តោត​អារម្មណ៍ និង​រៀនសូត្រ​ឆាប់​ចេះ​ចាំ រួមចំណែក​ឱ្យមាន​លទ្ធផល​នៃ​ការអប់រំ​ប្រសើរឡើង ព្រមទាំង​ជួយ​សម្រាល​បន្ទុក​សេដ្ឋកិច្ច​របស់​ក្រុមគ្រួសារ​សិស្ស​ផងដែរ​។

ចាប់តាំងពី​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ការផ្អាក​ដំណើរការ​សាលារៀន សិស្ស​មិនបាន​ទទួលទាន​អាហារ​ពេលព្រឹក ដែលមាន​ជីវជាតិ​ទៀត​ទេ​។ បញ្ហា​នេះ​បាន​ជះឥទ្ធិពល​ដល់​កុមារ​មកពី​គ្រួសារ​ក្រីក្រ​បំផុត​ដែល​ភាគច្រើន​រង​ការលំបាក​ដោយសារ​ការបាត់បង់​ចំណូល និង​ការងារ​។

WFP ​អះអាងថា កម្មវិធី​ផ្តល់​ស្បៀង​អាហារ​តាម​សាលារៀន​នៅ​កម្ពុជា និង​ជំនួយ​ស្បៀង​ពិសេស​នេះ​អាច​ប្រព្រឹត្ត​ទៅបាន​ដោយមាន​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ជប៉ុន ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (KOICA) ​និង​ក្រសួង​កសិកម្ម​នៃ​សហរដ្ឋអាមេរិក​ (USDA)​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ថ្លែង​ពី​ម្សិលមិញ​ថា អាហារូបត្ថម្ភ​ល្អ ចូលរួម​លើកកម្ពស់​គុណភាព​រៀន និង​បង្រៀន ថែមទាំង​បណ្តាលឱ្យ​គុណភាព​ជីវិត​រឹតតែ​ប្រសើរ​។

លោក​ថា​៖ «​សូម​អបអរសាទរ​ជាមួយ​អង្គការ​ស្បៀងអាហារ​ពិភពលោក​ដែល​បាន​បន្ត​លើកកម្ពស់​អាហារូបត្ថម្ភ​។ ក្រសួងអប់រំ​បន្ត​លើកកម្ពស់​ជីវភាព​មាតាបិតា និង​កុមារ​តូច ជាពិសេស​ដើម្បី​ដោះស្រាយ​កង្វះ​អាហារូបត្ថម្ភ​កុមារ​មួយចំនួន​តូច​ដោយ​ធ្វើការ​អនុវត្ត​ប្រកាស​អន្តរក្រសួង ស្តីពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម​ ២ ​ឆ្នាំ​នៃ​គ្រួសារ​មាន​បណ្ណ​សមធម៌​ ឬ​បណ្ណ​អាទិភាព​»៕