ប.មានជ័យ/ឧត្តរមានជ័យៈ មន្ត្រី​បសុពេទ្យ​នៅ​ខេត្តបន្ទាយមានជ័យ និង​ឧត្តរមានជ័យ​កំពុង​ចុះ​ព្យាបាល​ជំងឺ​ដុំពកស្បែក​គោ ក្របី ជាង​ ៥០០ ​ក្បាល ដែល​កំពុង​កើតមាន​រាយប៉ាយ​ដោយ​កន្លែង ព្រមទាំង​ធ្វើការ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យមាន​ការយល់ដឹង​ពី​វិធី​ការពារ កុំឱ្យ​ជំងឺ​នោះ​មាន​ការឆ្លង​បន្ត​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​។

លោក​ ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា មន្ត្រី​បសុពេទ្យ​ខេត្ត​បន្ទាយមានជ័យ​កំពុង​ម្នីម្នា​ចុះទៅ​ជួយ​ព្យាបាល​សត្វ​គោក្របី​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​កូនត្រី ឃុំ​កូប ស្រុក​អូរជ្រៅ ព្រមទាំង​តាមដាន​ស្ថានភាព​ជំងឺ​ដុំពកស្បែក​គោ​ដែល​កំពុង​កើត​មាននៅ​ដោយ​កន្លែង​។

លោក​បាន​ថ្លែងថា​៖ «​និយាយ​រួម​ទៅ​ជំងឺ​ហ្នឹង​វា​ឈឺ​រប៉េះរប៉ោះ​។ បើ​យើង​ព្យាបាល​នៅ​ភូមិ​មួយ​ជា​អ៊ីចឹង វា​លោត​ទៅ​ភូមិ​មួយ​ផ្សេងទៀត យើង​ក៏​តាម​ទៅ​ព្យាបាល​នៅ​ទីនោះ​ទៀត​អ៊ីចឹងទៅ​»​។

បើតាម​លោក​ ហ៊ុយ ទូច ជំងឺ​ដុំពកស្បែក​គោក្របី ដែល​កើតមាន​នៅ​ខេត្តបន្ទាយមានជ័យ​បាន​កើតមាន​រាយប៉ាយ​នៅ​ចំនួន​ ៤ ​ស្រុក គឺ​នៅ​ស្រុក​អូរជ្រៅ ថ្មពួក ព្រះនេត្រព្រះ និង​ស្រុក​ភ្នំស្រុក ក្នុងនោះ​មាន​សត្វ​គោ​ឈឺ​ចំនួន​ជាង​ ២០០ ​ក្បាល ដែល​បាន​ព្យាបាល​ឱ្យ​ជា​ឡើងវិញ​ស្ទើរ​ទាំងអស់​។ លោក​ថា​ជំងឺ​ស្បែក​គោក្របី​នេះ​មិនទាន់​មាន​ថ្នាំ​វ៉ាក់សាំង​នៅឡើយ​ទេ ប៉ុន្តែ​មន្ត្រី​បសុពេទ្យ​អាច​ព្យាបាល​បាន​ក្នុងករណី​ទើប​កើតឡើង​ភ្លាមៗ​។

លោក​ ហ៊ុយ ទូច បញ្ជាក់ថា ការព្យាបាល​ជំងឺ​ដុំពកស្បែក​គោក្របី​នេះ​មិនមាន​ជា​បញ្ហាលំបាក​អ្វី​ឡើយ ប្រសិនបើ​ប្រជាពលរដ្ឋ រាយការណ៍​ទាន់ពេលវេលា​។ ប៉ុន្តែ​អ្វី​ជា​បញ្ហា​បារម្ភ​នោះ គឺ​នៅពេល​មាន​សត្វ​ឈឺ ដូចជា​គោ ក្របី ជាដើម​នេះ តែងមាន​ឈ្មួញកណ្តាល​ចុះមក​បង្អាប់ និង​បន្ថោក​តម្លៃ កុហក​បោកប្រាស់​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​ដើម្បី​លក់​សត្វ​គោក្របី​ឱ្យទៅ​ពួកគេ​។

លោក​ទូច​បាន​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ កាលណា​គាត់​ចាញ់បោក​ពួកហ្នឹង គាត់​ខាត​ហើយ​។ ឧបមា​ថា គោ​ ១ ​ក្បាល​ថ្លៃ​ ៥ ​លាន​រៀល ដល់ពេល​ឈឺ​បន្តិចបន្តួច​ពួក​នោះមក​បង្អាប់​គាត់​លក់​បានតែ​ ៧០ ​ម៉ឺន ឬ​ ៨០ ​ម៉ឺន​រៀល​អាហ្នឹង​ជា​បញ្ហា​មួយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៅក្នុង​សង្គម​គ្រួសារ​របស់គាត់​»​។

លោក​ សូត្រ ស៊ីសុខឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ដ​ឧត្ដរមានជ័យ​ថ្លែងថា មាន​សត្វ​គោ​ចំនួន​ជាង ៣០០ ​ក្បាល កើត​ជំងឺ​ស្បែកពក ស្ថិតនៅ​ដោយ​កន្លែង​ក្នុងស្រុក​អន្លង់វែង និង​សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង​។ សត្វ​គោ​ទាំងនោះ​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ស្ទើរតែ​ទាំងអស់​ព្រមទាំង​គ្រប់គ្រង់​ស្ថានភាព​បាន​យ៉ាង​ល្អ​។

លោក​ប្រធាន​មន្ទីរ​ថ្លែងថា​៖ «​យើង​ព្យាបាល​ជា​ជិត​អស់ហើយ នៅសល់​តិចតួច ប៉ុន្តែ​សល់​តិចតួច​ហ្នឹង​មិនមែន​វា​ស្ងាត់​លែងមាន​ជំងឺ​ហ្នឹង​ទេ​។ យើង​ខ្លាច​វា​មានការ​ចម្លង​តាមរយៈ​សត្វ​មូស សត្វ​របោម និង​សត្វ​ចៃ​អីហ្នឹង ព្រោះ​ការ​រាលដាល​ក្នុង​ពេល​ឥឡូវ​មិន​ដូច​មុន​ទេ ពីមុន វា​រាលដាល​ពី​សត្វ​មួយ​ទៅ​សត្វ​មួយទៀត​ដោយសារ​វា​នៅក្នុង​ហ្វូង​ហើយ​ពលរដ្ឋ​លែង​វា​ចោល តែ​ឥឡូវ​ម្ចាស់​គេ​គ្រប់គ្រង​នៅក្នុង​ក្រោល​ត្រឹមត្រូវ​»​។

លោក​ ស៊ីសុខឃាង ​បញ្ជាក់ថា មន្ត្រី​បសុពេទ្យ​បាន​ចុះទៅ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​បាញ់​ផ្សែង​សម្លាប់​មូស​ដើម្បី​ការពារ​កុំឱ្យ​មានការ​ចម្លងជំងឺ​។ ប៉ុន្តែ​ទោះបីជា​មានការ​បាញ់ផ្សែង​ការពារ​ក៏ដោយ គោក្របី​អាច​ឆ្លង​នៅពេល​លែងគោ​ឱ្យ​ស៊ី​ស្មៅ ពិសេស​ពេល​ពលរដ្ឋ​យក​គោ​ទៅ​ឃ្វាល​។

ក្រៅពីនោះ​មន្ត្រី​បសុពេទ្យ​ក៏បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​រាយការណ៍​ឱ្យបាន​លឿន​បំផុត ដើម្បី​ឆាប់​ទទួលបាន​ការព្យាបាល កុំឱ្យ​សត្វ​គោ​ឈឺ​ធ្ងន់​ដែល​មិនអាច​សង្គ្រោះបាន​។ លោក​បញ្ជាក់ថា ជំងឺ​ដុំពកស្បែក​គោ​នេះ កើតឡើង​តែ​លើ​គោក្របី​តែប៉ុណ្ណោះ មិន​ចម្លង​ដល់​មនុស្ស​ឡើយ​។ ភាគច្រើន​កើត​មាននៅ​រដូវវស្សា ដែលមាន​សត្វល្អិត​ជា​ភ្នាក់ងារ​ចម្លង​។

លោក​ មុត រ៉េន ប្រជាពលរដ្ឋ​នៅ​ឃុំ​បត់ត្រង់ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​ថ្លែងថា លោក​កំពុងមាន​ការព្រួយបារម្ភ​ពី​ការចម្លង​ជំងឺ​នេះ​មកលើ​សត្វ​គោ​របស់​លោក ទោះជា​ពេលនេះ​មិនទាន់​មាន​ការឆ្លង​រាលដាល​ដល់​ភូមិ​ឃុំ​ដែល​លោក​រស់នៅ​ក៏ដោយ​។

លោក​ រ៉េន ​និយាយថា​៖ «​ខ្ញុំ​បាន​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​ដើម្បី​ទទួលបាន​ការណែនាំ និង​ជួយ​អន្តរាគមន៍ ទោះបី​ពេលនេះ​គោ​ខ្ញុំ​មិនទាន់​ឈឺ​អី​ក៏ដោយ ប៉ុន្តែ​បើ​មាន​វ៉ាក់សាំង​ការពារ​កាន់តែ​ល្អ​»៕