បន្ទាយមានជ័យៈ បុរស​ចំនួន​ ១០ ​នាក់ ដែល​នាំ​ពលករ​ទៅធ្វើការ​នៅ​ថៃ ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​ចោទប្រកាន់​ពីបទ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លងដែន ហើយ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃទី​ ២៩ ​មិថុនា ៣ ​ថ្ងៃ​បន្ទាប់ពី​ចាប់ខ្លួន នៅ​ក្រុង​ប៉ោយប៉ែត​ ខណៈ​បុរស​ជា​ពលករ​ចំនួន​ ៥ ​នាក់​ (​ជនជាតិ​ថៃ​ម្នាក់​) ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក​។

លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៩ ​មិថុនា​ថា បុរស​ត្រូវ​ចោទ​ចំនួន​ ១០ ​នាក់​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​លោក ​ឃ្លោក ពិសិដ្ឋ ​សម្រេច​ចេញ​ដីកាឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ២៩ ​មិថុនា​។

ការឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​ ១០ ​នាក់​នេះ​គឺធ្វើឡើង​បន្ទាប់ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ធ្វើការ​សាកសួរ​ពេញ ១​ ថ្ងៃទី​ ២៨ ​មិថុនា​។ លោក សុខុន ថ្លែងថា​៖ «​ជន​ត្រូវ​ចោទ​ទាំង​ ១០ ​នាក់​ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ពីបទ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លងដែន​តាម​មាត្រា ១១ នៃ​ច្បាប់​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​»​។

បទ​ចោទ​តាម​មាត្រា​ ១១ នៃ​ច្បាប់​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​នេះ បើ​តុលាការ​រកឃើញ​ថា​ពួកគេ​ពិតជា​មាន​ទោស​តាម​បទ​ចោទ​មែន​នោះ​ត្រូវ​ប្រឈម​នឹង​ការផ្តន្ទាទោស​ជាប់ពន្ធនាគារ​ពី ៧ ​ទៅ ១៥ ​ឆ្នាំ​។

ជុំវិញ​ការឃាត់ខ្លួន​មេខ្យល់​នេះ នៅ​ថ្ងៃទី​ ២៩ ​មិថុនា ភ្នំពេញ​ ប៉ុស្តិ៍ បាន​ទាក់ទង​លោកស្រី​ ឌី សុជាតិ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​តាម​ទូរស័ព្ទ​ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម តែ​លោកស្រី​ប្រាប់ថា ជាប់​ប្រជុំ​។

ប៉ុន្តែ​លោកស្រី ឌី សុជាតិ ប្រាប់​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាលជាតិ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ២៨ ​មិថុនា​ថា ជនសង្ស័យ​ទាំង​ ១០ ​នាក់ និង​ម៉ូតូ​ ៥ ​គ្រឿង​ត្រូវបាន​កម្លាំង​នគរបាល​វរសេនាតូច​ការពារ​ព្រំដែន​លេខ​ ៩១១ បានធ្វើការ​ឃាត់ខ្លួន​ក្នុង​ ២ ​ករណី​ផ្សេងគ្នា​តែ​នៅ​ថ្ងៃទី​ ២៦ ខែ មិថុនា ឆ្នាំ​ ២០២១ ​ក្នុង​ថ្ងៃ​តែ​ ១​។

ការឃាត់ខ្លួន​មេខ្យល់​ទាំង​ ១០ ​នាក់​នេះ គឺ​បន្ទាប់ពី​កម្លាំង​នគរបាល វរសេនាតូច ការពារ​ព្រំដែន​លេខ​ ៩១១ ​ឈរជើង​នៅ​ក្រុង​ប៉ោយប៉ែត បានធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់​បាន​ក្រុម​ជនសង្ស័យ​ជា​បន្តបន្ទាប់​ក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ បន្ទាប់មក​នគរបាល​វរសេនាតូច ការពារ​ព្រំដែន​លេខ​ ៩១១ ​បានប្រគល់​ក្រុម​ជនសង្ស័យ​បន្ត​មកឱ្យ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

បើតាម​លោកស្រី សុជាតិ បញ្ជាក់ថា ទន្ទឹមនឹង​ការឃាត់​បាន​ក្រុម​មេខ្យល់​ ១០ ​នាក់​ហើយ​នោះ កម្លាំង​សមត្ថកិច្ច​ក៏បាន​បន្ត​ទប់ស្កាត់​បុរស​ជា​ពលករ​ខ្មែរ​បាន​ចំនួន​ ៤ ​នាក់ និង​បុរស​ជនជាតិ​ថៃ​ម្នាក់​ផង​។ ពលករ​ទាំង​ ៥ ​នាក់​នេះ​គឺ​ក្រុម​ជនសង្ស័យ​បម្រុង​លួច​នាំ​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​ ២៨ ​មិថុនា​។

ចំពោះ​បុរស​ជា​ពលករ​ទាំង​ ៥ ​នាក់ (​ជនជាតិ​ថៃ​ម្នាក់​) ​ត្រូវបាន​សមត្ថកិច្ច​ឱ្យធ្វើ​កិច្ចសន្យា និង​អប់រំ ហើយ​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ពួកគេ​វិល​ទៅផ្ទះ​វិញ ក្រោយពី​ពួកគេ​ធ្វើ​ចត្តាឡីស័ក​រួច​។ រីឯ​បុរស​ជនជាតិ​ថៃ​ម្នាក់​នឹង​ត្រូវ​ប្រគល់​ទៅឱ្យ​អាជ្ញាធរ​ថៃ បន្ទាប់ពី​បានធ្វើ​ចត្តាឡីស័ក​៕