
ផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាមនៅខេត្តកំពង់ឆ្នាំង។ រូបថត ហ្វេសប៊ុក
កំពង់ឆ្នាំងៈ អាជ្ញាធរខេត្តកំពង់ឆ្នាំងបានផ្លាស់ទីផ្ទះបណ្តែតទឹក ៦១១ ខ្នងរបស់ជនជាតិវៀតណាម ចេញពីទន្លេសាប ក្នុងក្រុងកំពង់ឆ្នាំងអស់ជាស្ថាពរ កាលពីថ្ងៃទី ៣០ មិថុនា ចំណែកបែត្រីជាង ៣៧២ ទៀតក៏បានរុះរើដំបូលនិងជញ្ជាំងបែអស់ផងដែរ។
លោក ស្រ៊ន សំឬទ្ធី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំងថ្លែងថា អាជ្ញាធរឲ្យពួកគាត់ឈប់នៅលើទឹក ផ្លាស់ទៅនៅលើគោកវិញ ដើម្បីថែរក្សាសោភណភាពតាមដងទន្លេ និងធានាបាននូវបរិស្ថានស្អាត។ ចំណែកបែត្រីដែលពួកគាត់កំពុងចិញ្ចឹមនោះគឺនៅបន្តចិញ្ចឹមត្រីបានដដែលដោយតម្រូវឲ្យមានអ្នកចុះទៅដាក់ចំណីត្រីតែម្នាក់ឬ ២ នាក់ប៉ុណ្ណោះ។
មន្ត្រីនាំពាក្យរូបនេះបញ្ជាក់ថា នៅត្រើយខាងកើតមានចំនួន ១០១ គ្រួសារ ស្មើនឹង ១៧៩ បែ ចំណែកនៅត្រើយខាងលិចក្នុងក្រុងកំពង់ឆ្នាំងមាន ១៣០ គ្រួសារ ស្មើនឹង ១៩៣ បែត្រី សរុបចំនួន ២៣១ គ្រួសារ ស្មើនឹង ៣៧២ បែត្រី ដែលបានយល់ព្រម រុះរើដំបូល និងជញ្ជាំងបែអស់ហើយនៅថ្ងៃទី ៣០ ខែមិថុនានេះ។
លោកថ្លែងថា៖ «ដោយសារតែពួកគាត់វិនិយោគទៅលើការចិញ្ចឹមត្រីហើយ យើងសុំឲ្យគាត់បញ្ឈប់ឥឡូវក៏អត់កើតដែរ។ អ៊ីចឹងយ៉ាងហោចយើងត្រូវទុកពេលសមរម្យណាមួយដើម្បីឲ្យគាត់ប្រមូលផលត្រីនេះហើយ ចាំយើងឈប់ឲ្យគាត់ចិញ្ចឹម និងឲ្យគាត់រកទីតាំងដើម្បីធ្វើវារីវប្បកម្មដោយចិញ្ចឹមត្រីក្នុងស្រះវិញ។ អ៊ីចឹងទៅយើងធានាបាននូវបរិស្ថាន ទឹកស្អាតតាមដងទន្លេក៏ដូចជាសោភណភាពស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលឆ្លងកាត់ខេត្ត»។
លោក យិន សាវេន អភិបាលក្រុងកំពង់ឆ្នាំងថ្លែងថា ពលរដ្ឋវៀតណាមដែលនៅលើទឹកហើយត្រូវបានផ្លាស់ប្តូរមកនៅលើគោកវិញនោះ មួយចំនួនបានទៅរស់នៅលើដីសមាគមវៀតណាមដែលមានទំហំ ៤០ ហិកតា។ ចំណែកអ្នកមួយចំនួនផ្សេងទៀត ដែលមិនចង់ទៅនៅលើដីសមាគមនោះបានទៅជួលដីនៅតំបន់ខ្នងកោះមានចម្ងាយប្រមាណ ៥០ ម៉ែត្រ ទៅ ១០០ ម៉ែត្រពីមាត់ទន្លេ។
លោកថ្លែងថា៖ «យើងឲ្យគាត់ប្តូរទីតាំងពីនៅលើទឹកទៅនៅលើគោក ប៉ុន្តែយើងគ្រាន់តែមានទីតាំងជូនគាត់។ តែទីតាំងរបស់គាត់គឺគាត់ជាអ្នកជួល។ យើងអត់មានលទ្ធភាពរកដីជូនគាត់ឬ ទៅទិញទៅលក់អីឲ្យគាត់ទេ ព្រោះខ្មែរយើង យើងរកដីចែកជូនគាត់មិនចង់បានផង»។
លោកអភិបាលក្រុងបញ្ជាក់ថា ផ្ទះដែលរើឡើងមកនៅលើគោកអស់ហើយនោះមានចំនួន ៦១១ ខ្នងផ្ទះ។ អ្នកដែលទៅនៅលើដីសមាគមវៀតណាម៤០ហិកតា មានចំនួន២៤២ខ្នងផ្ទះ។ ចំណែកដីមាត់ទន្លេមាន៥ម្ចាស់ដែលមានទី១ គឺនៅលើដីលោក កែ រ៉ុន មាន ២០៣ ខ្នងផ្ទះ ទី២ ដីអង្គការរបស់គ្រីស្តបរិស័ទមាន ៩០ ខ្នងផ្ទះ ទី៣ ដីលោកស្រី សោម សុម៉ាលី មាន ១៦ ខ្នងផ្ទះ ទី៤ ដីលោក ហុង សុជាតិ មាន ៧ ខ្នងផ្ទះ និងទី៥ គឺដីនៅក្រោយផ្សារកំពង់ឆ្នាំងថ្មីមាន ៥៣ ខ្នងផ្ទះ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន ថ្លែងថា កន្លងមកអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ហាក់បីដូចជាមិនទាន់មានដំណោះស្រាយ ឬក៏ការដោះស្រាយកន្លងមកមិនទាន់មានឃើញប្រសិទ្ធភាពដូចការលើកឡើងរបស់ខ្លួននោះទេ។
លោកថ្លែងថា៖ «តាមការសង្កេតជារួម គឺចំនួនផ្ទះបណ្តែតទឹក និងការតាំងទីលំនៅគ្មានរបៀបរបបរាប់រយ ហើយវាអាចប៉ះពាល់ទាំងសន្តិសុខសុវត្ថិភាព និងបរិស្ថានតាមដងទន្លេនិងក្នុងទន្លេ ដែលបញ្ហានេះវាក្លាយទៅជាបញ្ហាវែកចក។ អ៊ីចឹងទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តច្បាប់»។
ឆ្លើយតបចំពោះការលើកឡើងនេះ អភិបាលក្រុងកំពង់ឆ្នាំង លោក យិន សាវេន ថ្លែងថា ការរៀបចំផ្ទះ គឺធ្វើឡើងដោយមានរបៀបរៀបរយ ហើយនៅពេលខាងមុខមិនអនុញ្ញាតឲ្យមានការចិញ្ចឹមត្រីក្នុងបែក្នុងទន្លេទៀតនោះទេ។ អាជ្ញាធរខេត្តកំពង់ឆ្នាំងក៏បានរៀបចំឲ្យមានប្រព័ន្ធទឹកស្អាតប្រើប្រាស់ ប្រព័ន្ធភ្លើង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរផងដែរ៕
វីដេអូ៖