កំពង់ចាមៈ ស្ត្រី​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ក្នុង​ហេតុការណ៍​អគ្គីភ័យ​ឆេះ​កា​រ៉ា​សាំងស្ថិតក្នុង​ភូមិព​ព្រេង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម កាលពី​យប់​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ ដែល​ក្នុង​គ្រោះថ្នាក់​នេះ សមត្ថកិច្ច​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន ៨ គ្រឿង។

លោក យ​ន ឌី​ន នាយការិយាល័យ​នគរបាល​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ចាម​ឱ្យ ​ភ្នំពេញ ​ប៉ុស្តិ៍​ ដឹង​នៅ​រសៀល​ថ្ងៃទី ៣០ មិថុនា​ថា ស្ត្រី​រងគ្រោះ​ស្លាប់​ឈ្មោះ អឿន រដ្ឋា អាយុ ៣០ ឆ្នាំ​ ត្រូវជា​កូន​របស់លោក ជី​ម រី​ន ភេទ ប្រុស អាយុ ៥៥ ឆ្នាំ​ ជា​ម្ចាស់កា​រ៉ាសសាំង​ឆេះ។ ចំពោះ​មូល​ហេតុដែល​បណ្តាលឱ្យមាន​គ្រោះ​អគ្គីភ័យ​នេះ​កើតឡើង​ដោយសារ​ស្ត្រី​រងគ្រោះ​ចាក់​ប្រេងសាំង​​ចូល​ពីដុង។

លោក​ប្រាប់ថា៖ «ពេលនោះ​ ស្ត្រី​រងគ្រោះ​បើក​ប្រេងសាំង​ពី​ម៉ា​ស៊ិន​បាញ់​ចូល​ពី​ដុង តែ​ចៃដន្យ​យប់​ងងឹត​ហើយក៏​បើក​ប៉ា​រ៉ែត​ភ្លើង។ ប្រហែល​ពេល​បើក​ប៉ា​រ៉ែត​ភ្លើង​មាន​អណ្តាតភ្លើង​ទើប​ឆាបឆេះ​ទៅ»។

បើតាម​លោក យ​ន ឌី​ន បាន​រៀបរាប់​ប្រាប់​តាម​សម្តី​បុរស​ឈ្មោះ ជី​ម រី​ន ជា​ឪពុក​របស់​ស្ត្រី​រងគ្រោះ​ថា នៅ​មុនពេល​កើតហេតុ​នៅវេលា​ម៉ោងជាង ៨ យប់​ថ្ងៃទី ២៩ មិថុនា​ កូនស្រី​របស់គាត់​បាន​បូម​ប្រេងសាំង​ពី​កា​រ៉ា​ស​បញ្ជូន​ទៅក្នុង​ពីដុង​តែ​ពេលនោះ​ងងឹត​ទើប​កូនស្រី​របស់គាត់ (ស្ត្រី​រងគ្រោះ) លូកដៃ​កាច់​បារ៉ែត​ភ្លើង​ស្រាប់តែ​ឆាបឆេះ​ចេញ​ជា​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​តែម្តង។ពេល​ភ្លើង​កំពុង​ឆាបឆេះ​ស្រាប់តែ​ស្ត្រី​រងគ្រោះ​រត់​ចូលទៅក្នុង​ផ្ទះ​ជាន់​ក្រោម (ឈើ​លើ​ថ្ម​ក្រោម) ដែល​នៅក្បែរ​កា​រ៉ា​សសាំង​បំណង​យក​កូនសោ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ៣៣០ ដើម្បី​ទៅ​បើករថយន្ត​ចេញ​កុំឱ្យ​ភ្លើង​ឆេះ​រថយន្ត។

លោក​បន្តទៀតថា ​តែ​ពេលនោះ​ឪពុកម្តាយ​របស់​ស្ត្រី​រងគ្រោះ​នាំគ្នា​ឃាត់​កុំ​ឱ្យចូល​ផ្ទះ​ព្រោះ​ភ្លើង​ឆេះ​ខ្លាំង​តែ​គាត់​នៅតែ​រត់​ចូលក្នុង​ផ្ទះ។ ពេលនោះ​ភ្លើង​បាន​ឆាបឆេះ​ពេញបន្ទុក​រាល​ចូលទៅ​ក្នុងផ្ទះ​ធ្វើឱ្យ​ស្ត្រី​រងគ្រោះ​មិនអាច​រត់​ចេញមកក្រៅ​វិញ​បាន​ក៏​រត់​ចូលទៅក្នុង​បន្ទប់ទឹក​ ហើយ​ប្រហែលជា​គាត់​ឈ្លក់​ផ្សែងភ្លើង​អាច​សន្លប់​នៅក្នុង​បន្ទប់ទឹក និង​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​តែម្តង។ ចំពោះ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ភ្លើង​ឆេះ​រួមមាន៖ ផ្ទះ​សង់​អំពី​ឈើ ប្រក់​ក្បឿង ជ​ញ្ជាំ​ក្ដារ និងជាន់​ក្រោម​ថ្ម​ទំហំ ៧ ម៉ែ​ត្រ × ៩ ម៉ែត្រ កា​រ៉ា​ស់​សាំង ១ ត្រូវ​ឆេះ​អស់រថយន្ត ម៉ាក​លុច​ស៊ី​ស ៣៣០ ១ គ្រឿង ម៉ូតូសេ ១២៥ ១ គ្រឿង ប្រាក់ដុល្លារ ប្រាក់រៀល​ចំនួន​ទៀត៕