ភ្នំពេញៈ រំហូរ​ទឹក​ទន្លេ​មេគង្គ​មាន​កម្រិត​ទាបក្នុង​រដូវប្រាំង ​ធ្វើឲ្យ​កម្រិត​ទឹក​ទន្លេសាប​ក្នុង​ប្រទេស​កម្ពុជា ​ធ្លាក់ចុះ​ ដែល​ចំណុច​នេះ​គណៈ​កម្ម​ការ​ទន្លេមេគង្គ​ (MRC) ជំរុញ​ឱ្យ​ប្រទេស ​ជា​សមាជិក​ទន្លេ​មេគង្គ​ទាំងអស់​គ្រប់​គ្រង​អាងទាំង​មូល​ឱ្យបាន​ល្អ​ប្រសើរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់ ​MRC ​នា​ថ្ងៃទី ៣០​ មិថុនា។

គណៈកម្មការ​ទន្លេមេគង្គ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ទឹក​ទន្លេមេគង្គ​ឆ្នាំ​នេះ ​ដែលហូរ​​ទាបជាង​ក្នុង​អំឡុង​ពេល​រដូវ​វស្សា​កាល​ពី​ឆ្នាំ ២០១៩ ​និង​ឆ្នាំ ២០២០ ​បានធ្វើ​ឲ្យ​ធ្លាក់ចុះ​នូវរំហូរ​ទឹក​ត្រឡប់ ​និង​តំបន់​លិច​ទឹក​តាម​រដូវ​នៃ​បឹង​ទន្លេ​សាប ​ដែល​ប្រជាជន​កម្ពុជា​បាន​ពឹង​អាស្រ័យ​យ៉ាង​ច្រើន​សម្រាប់​ការចិញ្ចឹម​ជីវិត។

យោង​តាម​របាយការណ៍​គណៈកម្មការ​ទន្លេ​មេគង្គឱ្យ​ដឹងថា ​ស្ថានភាព​នេះ​បង្កឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ផលិត​​ភាព​កសិកម្ម​តុល្យភាព​អេកូឡូស៊ី ​ការកាត់​បន្ថយ​នូវ​ការប្រមូល​ផ្តុំ​ល្បាប់​ដែល​មាន​ជីវជាតិ ​និង​ការ​ដឹកជញ្ជូន​ ក៏ដូចជា​ការថម​ថយ​ចុះ​នៃ​ទិន្នផល​នេសាទ​សម្រាប់​គ្រួសារ​ក្នុង​តំបន់​បឹង​ទន្លេ​សាប​ផង​ដែរ។

គណៈកម្មការ​ទន្លេមេគង្គ​បានជំរុញ​ឲ្យ​ប្រទេស ​ដែល​ជា​សមាជិក​ទន្លេមេគង្គ​ ធ្វើ​ការដោះដូរ​ទិន្នន័យ ​និង​ព័ត៌​មាន​កាន់តែ​ទូលំ​ទូលាយ​ជាងមុន ​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ការគ្រប់គ្រង​ធនធាន​ទឹក​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម។

របាយការណ៍​ដែល​មាន​កម្រាស់ ​១៨ ទំព័រ​ បាន​ជំរុញ​ដល់​ប្រទេស​ជាសមាជិក​ទាំងនេះ ​និង​ដៃគូ​សន្ទនា​របស់​គណៈកម្មការ​ទន្លេមេគង្គ​ចែក​រំលែក​ទិន្នន័យ​ប្រតិបត្តិការ ​ដើម្បី​ប្រមូល​ផ្តុំ​ការស្វែងយល់​ឲ្យកាន់តែ​ស៊ី​ជម្រៅ​នៃការ​ប្រែប្រួល​ថ្មីៗ​ក្នុង​លំនាំ​រំហូរ​ទឹក​ក្នុង​ទន្លេ​មេគង្គ​មេ ​និង​ដោះស្រាយ​រាល់​ផលប៉ះពាល់​ដែល​អាច​កើត​មាន​លើ​សហគមន៍​តាម​អាង​ទន្លេ​នេះ។

លោក ​អាន ពេជ្រហត្ថដា ​នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ​ថ្លែងក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា ​ដើម្បី​ធ្វើឲ្យ​ការគ្រប់​គ្រង​អាង​ទន្លេនេះ​កាន់តែ​ប្រសើរ ​និង​មានកិច្ច​សហប្រតិបត្តិការ​ល្អ ​ទាំង​ប្រទេស​ជាសមាជិក​និង​ប្រទេស​ចិន​គួរតែ​ជូនដំណឹង​អំពី​ការប្រែប្រួល​សំខាន់ៗ​ដែល​បានគ្រោង​ទុក​ក្នុង​ប្រតិបត្តិការ​នៃ​គម្រោង​ទំនប់​វារី​អគ្គិសនី​ និង​ចែក​រំលែក​ព័ត៌មាន​ទាំងនេះ​ជាមួយ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ។

លោក​ថ្លែងថា​៖ «កិច្ចការ​នេះ​មាន​សារៈសំខាន់​ណាស់ ​ខណៈ​ពេល​ដែល​ប្រតិបត្តិការ​ទាំងនេះ​អាច​ធ្វើឲ្យ​កម្រិត​ទឹក​កើន​ឡើង​និង​ធ្លាក់​ចុះ​ខុស​ប្រក្រតី»។

លោក ​សូ សុភ័ទ្ទ ​អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ​មិន​អាច​ទាក់ទង​បាន​ដើម្បី​សុំ​ការ​បញ្ជាក់​បាន​ទេ​ នា​ថ្ងៃទី​ ៣០ ខែ​មិថុនា។

យោង​តាម​នីតិវិធី​របស់​គណៈកម្មការ​ទន្លេមេគង្គ​សម្រាប់​រក្សា​រំហូរ​ទឹក​លើ​ទន្លេមេ​ប្រទេស​ជាសមាជិក ​មាន​កាតព្វកិច្ច​ធ្វើ​ឲ្យ​រំហូរ​ទឹក​បញ្ច្រាស់​តាម​ធម្មជាតិ​ដែល​អាច​ទទួល​យកបាន​នៃ​ទន្លេ​សាប​ កើតមាន​ក្នុង​អំឡុង​រដូវវស្សា​និង​ទប់ស្កាត់​រំហូរ​ទឹក​ខ្លាំង​បំផុត​ដែលបង្ក​ដោយ​មនុស្ស ​ដែល​រំហូរ​ទឹក​ទាំងនេះ​មិនបាន​កើតឡើង​តាម​ធម្មជាតិ​នា​អំឡុង​រដូវ​ទឹក​ជំនន់​នោះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​ បរិមាណ​ភ្លៀងធ្លាក់​ក្នុង​ខែមេសា ​និង​ឧសភា ​មាន​កម្រិត​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​កំណត់​ត្រា​សម្រាប់​អំឡុង​ពេលនេះ​ក្នុង​រយៈពេល​១៨ឆ្នាំ​ចុង​ក្រោយ។ ទឹក​ភ្លៀង​ធ្លាក់​ខ្លាំង​ជាពិសេស​នៅ​ផ្នែក​កណ្តាល​នៃ​តំបន់​អាង​ទន្លេ​មេគង្គ​ក្រោម​នៃ​ប្រទេស​ថៃ​និង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា។

ប្រភព​ដដែល​បញ្ជាក់ថា​៖ «ប៉ុន្តែ​ជារួម​ការ​ហូរ​នៃ​ទឹក​ទន្លេ​មិនបាន​កើនឡើង​គួរឲ្យ​កត់​សម្គាល់​ឡើយ។ ការប្រែប្រួល​កម្រិត​ទឹក​យ៉ាង​រហ័ស​នៅក្នុង​រំហូរ​បណ្តាល​មកពី​ប្រតិបត្តិការ​ទំនប់​វារី​អគ្គិសនី​នៅផ្នែក​ខាងលើ​ទន្លេ​មេគង្គ ​ដែលបាន​បន្ត​ក្នុង​ឆ្នាំ ២០២១»។

របាយ​ការណ៍​បញ្ជាក់ថា ​ការប្រែប្រួល​ទាំងនេះ​អាច​នឹង​ប៉ះពាល់​ដល់​នាវា​ចរណ៍ ​ប្រព័ន្ធ​អេកូឡូស៊ី​ទន្លេ ​និង​ស្ថិរភាព​ច្រាំង​ទន្លេ​ទោះបីជា​គេ​ត្រូវ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​ចង្អុល​បង្ហាញ​ពី​ប្រភេទ​និង​វិសាលភាព​នៃ​ផលប៉ះពាល់​ទាំង​នេះ​ក្តី។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «ដូច​ដែល​បាន​កើតឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​របាយការណ៍​បង្ហាញថា​ការបញ្ចេញ​ទឹក​ពី​ទំនប់​ស្តុក​បានធ្វើ​ឲ្យ​រំហូរ​រដូវ​ប្រាំង​កើនឡើង​លើស​ពី​កម្រិត​មធ្យម​រយៈពេល​វែង​សម្រាប់​រដូវប្រាំង​ភាគច្រើន​ ដែល​បង្កឲ្យ​មាន​ទាំង​ផល​ប៉ះពាល់​វិជ្ជមាន​និង​អវិជ្ជមាន។ កំណើន​ក្នុង​រំហូរ​រដូវប្រាំង​អាច​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ផលិត​ភាព​កសិកម្ម​ និង​នាវា​ចរណ៍ ​និង​ជួយ​ទប់ស្កាត់​ការហូរ​ចូល​ទឹក​ប្រៃ​ទៅក្នុង​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ»។

​គណៈកម្មការ​ទន្លេ​មេគង្គ​ បានដក​ស្រង់​របាយការណ៍​អាជ្ញាធរ​ជាតិ​មហា​សមុទ្រ ​និង​បរិយាកាស ​(NOAA) ​និង​មជ្ឈ​មណ្ឌល​សហភាព​អឺរ៉ុប​សម្រាប់​ព្យាករ​អាកាស​ធាតុ​កម្រិត​មធ្យម ​បាន​ឱ្យដឹង​ថា ​បរិមាណ​ភ្លៀងធ្លាក់​ជាមធ្យម​មាន​កម្រិត​ខ្ពស់​ជាង​ក្នុង​ខែ​មិថុនា​ ឆ្នាំ​ ២០២១ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០១៩ ​និង​ឆ្នាំ ២០២០។

របាយ​ការណ៍​ដែល​ត្រូវបាន​ដកស្រង់​នេះ​បញ្ជាក់ថា​៖ «ប៉ុន្តែ​គេ​រំពឹង​ថា ​វា​នឹង​មាន​ស្ថានភាព​ស្ងួត​ជាង​ធម្មតា​ក្នុង​ខែ​កក្កដា ​និង​សីហា​ នៅតាម​ផ្នែក​ខ្លះ​នៃ​អាង​ទន្លេ។ នៅខែ​កក្កដា​ប្រទេស​កម្ពុជា​ខ្ពង់​រាប​កណ្តាល​នៃ​ប្រទេស​វៀតណាម​ និងភាគ​ខាង​ត្បូង​ប្រទេស​ឡាវ​ អាច​នឹង​ទទួលបាន​បរិមាណ​ភ្លៀង​ធ្លាក់​តិច​ជាង​ធម្មតា»៕