The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សំណុំរឿង​កកស្ទះ​នៅតាម​តុលាការ​ជាង​ ១០ ​ម៉ឺន ​ត្រូវបាន​ដោះស្រាយ​ក្នុង​យុទ្ធនាការ​ជាង​ ១ ​ឆ្នាំ




សំណុំរឿង​កកស្ទះ​នៅតាម​តុលាការ​ជាង​ ១០ ​ម៉ឺន ​ត្រូវបាន​ដោះស្រាយ​ក្នុង​យុទ្ធនាការ​ជាង​ ១ ​ឆ្នាំ

Content image - Phnom Penh Post
រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក​ កើត រិទ្ធ ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ២៨ មិថុនា​។ រូបថត ក្រសួង​យុត្តិធម៌

សំណុំរឿង​កកស្ទះ​នៅតាម​តុលាការ​ជាង​ ១០ ​ម៉ឺន ​ត្រូវបាន​ដោះស្រាយ​ក្នុង​យុទ្ធនាការ​ជាង​ ១ ​ឆ្នាំ

ភ្នំពេញៈ ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃទី​ ២៩ ខែមិថុនា បានប្រកាស​បិទ​បញ្ចប់​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត ក្រោយ អនុវត្ដ​រយៈពេល​ ១ ​ឆ្នាំ ១ ​ខែ គិតពី​ថ្ងៃទី​ ១៨ ខែឧសភា​ឆ្នាំមុន ដោយបាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​កកស្ទះ​សរុប​ជាង​ ៣៧ ៩០០ ​សំណុំរឿង និង​សំណុំរឿង​ព្រហ្មទណ្ឌ​ចូល​ថ្មី​ជាង​ ៦២ ៨០០ ​សំណុំរឿង​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្ដិធម៌​អំពី​លទ្ធផល និង​ការបិទបញ្ចប់​យុទ្ធនាការ​នេះ​ឱ្យ​ដឹងថា ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ ១ ​ខែ គិតពី​ថ្ងៃទី​ ១៨ ខែ​ឧសភា ឆ្នាំ​ ២០២០ ដែលជា​ថ្ងៃ​ប្រកាស​បើក​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលា​ដំបូង​រាជធានី-ខេត្ត​ រហូត​ដល់​ថ្ងៃទី​ ១៧ មិថុនា ឆ្នាំ​ ២០២១ តាមរយៈ​យុទ្ធនាការ​នេះ​បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​កកស្ទះ ទាំង​ដំណាក់កាល​អយ្យការ ទាំង​ដំណាក់កាល​ស៊ើបសួរ និង​ទាំង​ដំណាក់កាល​ជំនុំជម្រះ​មាន​ចំនួន​សរុប​ជាង​ ៣៧ ៩០០ ​រឿង ស្មើនឹង​ ៩៦% នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កកស្ទះ​សរុប​ជាង ៣៩ ៥០០ រឿង​។ សំណុំរឿង​ដែល​ត្រូវបាន​ជំនុំជម្រះ​រួច​មាន​ចំនួន​ជាង​ ១២ ៦០០​ រឿង ស្មើនឹង ៩៧% នៃ​ចំនួន​សំណុំរឿង​សរុប​ជាង​ ១៣ ០០០ ​រឿង​ក្នុង​ដំណាក់កាល​ជំនុំជម្រះ​។

ក្រសួង​ឱ្យដឹងថា សាលាដំបូង​រាជធានី-ខេត្ត​ទូទាំងប្រទេស​ក៏បាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ចូល​ថ្មី​បាន​ចំនួន​ជាង​ ៦២ ៨០០ ​រឿង​ស្មើនឹង​ជាង​ ៧៨ % នៃ​ចំនួន​សំណុំរឿង​ចូល​ថ្មី​សរុប​ជាង​ ៨០ ៤០០ ​រឿង​ផងដែរ​។

បើតាម​ក្រសួង​យុត្ដិធម៌ ផ្អែកលើ​លទ្ធផល​ដែល​សម្រេចបាន​នេះ បើ​ទោះបី​ជា​កម្ពុជា​បាននិង​កំពុង​ស្ថិតក្នុង​កាលៈទេសៈ​ដ៏លំបាក​នៃ​ការប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ ២០២១ ក៏ដោយ ក៏​សាលាដំបូង​រាជធានី-ខេត្ត​ចំនួន​ ២២ ក្នុងចំណោម​សាលាដំបូង​សរុប​ទាំងអស់​ចំនួន​ ២៤ ​បាន​ប្រកាស​ជា​បន្តបន្ទាប់​នូវ​ជោគជ័យ​របស់ខ្លួន​ក្នុង​ការអនុវត្ត​យុទ្ធនាការ​។

ក្រសួង​បញ្ជាក់ថា​៖ «​លទ្ធផល​ដែល​សម្រេចបាន​នេះ​គឺ​កើតឡើង​ជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង​របស់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី-ខេត្ត ប្រកប​ដោយ​ឆន្ទៈ និង​ការទទួល​ខុសត្រូវ​ខ្ពស់ និង​ដោយមាន​ការគាំទ្រ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​»​។

បើតាម​ក្រសួង​យុត្ដិធម៌ សាលាដំបូង​ចំនួន​ ២ ​ទៀត​គឺ​សាលាដំបូង​រាជធានី-ភ្នំពេញ និង​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​ជា​សាលាដំបូង​មាន​សំណុំរឿង​ច្រើនជាងគេ និង​មាន​ទីតាំង​ស្ថិតក្នុង​តំបន់​បិទខ្ទប់ និង​រង​ផលប៉ះពាល់​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ គឺ​មិនទាន់​អាច​សម្រេច​គោលដៅ និង​ប្រកាស​អំពី​ជោគជ័យ​នៃ​ការអនុវត្ត​យុទ្ធនាការ​នេះ​ទេ​។

ក្រសួង​បញ្ជាក់ថា យោងតាម​ផែនការ​ការងារ​ និង​ថវិកា​រយៈពេល​ ១ ​ឆ្នាំ​សម្រាប់​អនុវត្ត​យុទ្ធនាការ​នេះ​ និង​បន្ទាប់ពី​បាន​ប្រជុំពិភាក្សា​ជាមួយ​សាលាដំបូង​នៅ​ទូទាំង​ប្រទេស​រួចមក ក្រសួង​យុត្តិធម៌​សម្រេច​ប្រកាស​បិទ​បញ្ចប់​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី-ខេត្ត​។

រំសាយ​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ត​ (​គយកស​) ​ដើម្បី​បង្កលក្ខណៈ​ឱ្យ​ក្រុមការងារ​យុទ្ធនាការ ដែល​បាន​ចុះ​ធ្វើ​ការងារ​ជាប់​ជាប្រចាំ​ជាមួយ​សាលាដំបូង​កន្លងមក អាច​ប្រមូលផ្ដុំ​ការយកចិត្ត​ទុកដាក់​លើ​ការងារ​អាទិភាព​ផ្សេងទៀត​របស់​ក្រសួងយុត្តិធម៌​។

«គ.យ.ក.ស ក៏មាន​សង្ឃឹម​ជឿជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាដំបូង​ខេត្ត​ព្រះសីហនុ នឹង​បន្ត​ខិតខំ​ដោះស្រាយ​សំណុំរឿង​នៅក្នុង​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​ច្រើន​បន្ថែមទៀត ស្រប​តាម​គោលការណ៍​អនុវត្ត​ដែល​មាន​នៅក្នុង​យុទ្ធនាការ​កន្លងមក ហើយ​ឈាន​ទៅ​ប្រកាស​ជោគជ័យ​នាពេល​ដ៏ខ្លី​ខាងមុខ​នេះ​»​។

លោក​​ អំ សំអាត នាយករង​អង្គការ​សិទ្ធិមនុស្ស លីកាដូ បាន​សង្កេតឃើញ​ចាប់ពី​ខែ​ឧសភា ឆ្នាំ​ ២០២០ ក្រសួង​យុត្តិធម៌​បើក​យុទ្ធនាការ​ពន្លឿន​នីតិវិធី​នៅតាម​សាលាដំបូង​រាជធានី-ខេត្ត ដើម្បី​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​។ ក្រសួង​បាន​ជំរុញ​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង និង​ចូលរួម​ដោះស្រាយ​មួយផ្នែក​ទៅលើ​ភាពចង្អៀតណែន​នៃ​ជន​ជាប់ឃុំ​តាម​ពន្ធនាគារ​។

លោក​ថ្លែងថា​៖ «​ទោះជា​យ៉ាងណា ក៏​ភាពចង្អៀតណែន​នៃ​ជន​ជាប់ឃុំ​មិនអាច​កាត់បន្ថយ​បានដែរ ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការរីករាលដាល​កូវីដ​ ១៩ ហើយ​ពន្ធនាគារ​មួយចំនួន​ក៏បាន​រីករាលដាល​កូវីដ​ ១៩ ដែលជា​ការព្រួយបារម្ភ​មួយទៀត​»​។

លោក​បាន​បន្តថា​៖ «​ចំណុច​នេះ ទើប​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​បាន​ទទូច​ឱ្យ​តុលាការ​ពិនិត្យ​ពិចារណា​ក្នុង​ការដោះលែង​អ្នក​ជាប់ឃុំ​បណ្តោះអាសន្ន ដែល​ជាប់ចោទ​ពី​បទល្មើស​មជ្ឈិម​ និង​បទល្មើស​ផ្សេងទៀត​ដែល​លទ្ធភាព​តាមផ្លូវ​ច្បាប់​អាចឱ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​បាន​»​។

បើតាម​លោក​ សំអាត អង្គការ​សង្គម​ស៊ីវិល​ក៏បាន​ស្នើឱ្យ​មាន​ការពិនិត្យ​ផ្លូវច្បាប់​ និង​មធ្យោបាយ​ដោះលែង​ទណ្ឌិត​ដែល​ជិត​ផុត​ទោស អ្នក​ជាប់ឃុំ​ដែល​ងាយ​រងគ្រោះ ដូចជា​អ្នកមាន​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ អនីតិជន​ងាយ​រងគ្រោះ ជនពិការ​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ដែលមាន​កូន​តាម​ម្តាយ​ជាដើម​។

លោក​បន្តថា ចំណែក​ការចោទប្រកាន់​ និង​ការឃុំខ្លួន​បណ្តោះអាសន្ន​ជា​ជម្រើស​ចុងក្រោយ​ និង​មាន​លក្ខណៈ​ចាំបាច់​បំផុត​ត្រូវតែ​ពិនិត្យ​គោលការណ៍​សេរីភាព​នៃ​ជនជាប់ចោទ​។ ជាពិសេស​ករណី ដែល​មានការ​ចម្រូងចម្រាស​ពី​សហគមន៍​អន្តរជាតិ ដែល​លើកឡើង​ថា មិនគួរ​ត្រូវបាន​ឃុំខ្លួន​។ គេ​ចាត់ទុកថា ជា​សេរីភាព​ក្នុង​ការបញ្ចេញមតិ សេរីភា​ពជា​មូលដ្ឋាន ដែល​ត្រូវ​បាន​ធានា​ដោយ​បទដ្ឋាន​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស​ និង​រដ្ឋធម្មនុញ្ញ​។

ក្រសួង​យុតិ្ដធម៌​អះអាងថា ជាមួយ​នឹង​លទ្ធផល​ល្អប្រសើរ​ដូច​ការរំពឹងទុក និង​ជា​ទីមោទនៈ យុទ្ធនាការ​នេះ​មិន​ត្រឹមតែ​អាចជួយ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី-ខេត្ត និង​ចូលរួម​ចំណែក​ក្នុង​ការដោះស្រាយ​ភាពចង្អៀត​ណែន​នៅតាម​ពន្ធនាគារ​បាន​យ៉ាងច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យុទ្ធនាការ​នេះ​ក៏បាន​ជួយ​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​តុលាការ​ក្នុង​ការផ្តល់សេវា​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។

ក្រសួង​បញ្ជាក់ថា ក្នុង​រយៈពេល​អនុវត្ត​យុទ្ធនាការ​នេះ ចំណាត់ការ​សំណុំរឿង​ក្តី​ព្រហ្មទណ្ឌ​នៅ​គ្រប់​ដំណាក់កាល​នៅ​តាម​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី-ខេត្ត​ទទួលបាន​លទ្ធផល​ខ្ពស់ជាង​ ២ ​ដង​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ​និង​ឆ្នាំ​ ២០១៩ ​កន្លងទៅ​។

តាមរយៈ​បទពិសោធ​ល្អ​នៃ​ការអនុវត្ត​យុទ្ធនាការ​នេះ ក្រសួង​យុត្តិធម៌​មាន​ក្តីសង្ឃឹម​ និង​ជឿជាក់ថា បើទោះបីជា​យុទ្ធនាការ​ត្រូវបាន​បិទ​បញ្ចប់​នាពេលនេះ​ក្ដី ក៏​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី-ខេត្ត​ទាំងអស់​នឹង​នៅតែ​បន្ត​យកចិត្ត​ទុកដាក់ និង​ខិតខំ​ពន្លឿន​ការដោះស្រាយ​សំណុំរឿង​នៅតាម​អង្គភាព​របស់ខ្លួន​ឱ្យបាន​ឆាប់រហ័ស​ត្រឹមត្រូវ និង​ប្រកបដោយ​គុណភាព ដោយ​មិនឱ្យ​មានការ​កកស្ទះ​សំណុំរឿង​នៅក្នុង​អង្គភាព​របស់ខ្លួន​ឡើយ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍