តាកែវៈ លោក ញឹក រតនពេជ្រ ប្រធាន​មជ្ឈមណ្ឌល​សួនសត្វ​ភ្នំ​តាម៉ៅ​ឱ្យដឹងថា សត្វ​តោឈ្មោល​មួយ​ក្បាល​ដែល​ទើបត្រូវ​បាន​ដកហូត​នឹង​ត្រូវ​ដាក់ឱ្យ​រស់នៅ​ជាមួយ​សត្វតោ​ចំនួន​ ៤ ​ក្បាល​ផ្សេងទៀត​ក្នុង​មជ្ឈមណ្ឌល បន្ទាប់ពី​វា​អាច​បន្ស៊ាំ​ខ្លួន​រស់នៅ​ក្នុងព្រៃ​បាន​ក្នុង​ពេលខាងមុខ ខណៈ​ម្ចាស់​សត្វតោ​ដែលជា​ជនជាតិ​ចិន​មាន​ចេតនា​ចង់​ស្នើសុំ​ចិញ្ចឹមសត្វ​តោ​នេះ ដោយ​ស្របច្បាប់​វិញ​។

កាលពី​ថ្ងៃទី ២៧ ខែ មិថុនា ​ឆ្នាំ ២០២១ អាជ្ញាធរ​ចម្រុះ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អង្គការ Wildlife Alliance បាន​រឹបអូស​សត្វ​តោ​ចិញ្ចឹម​ ១ ​ក្បាល នៅក្នុង​ផ្ទះ​វីឡា​ ១ ​កន្លែង ស្ថិតនៅ​ផ្ទះ​លេខ​ ២២ ​ផ្លូវ​ ៣០៦ ​ភូមិ​ ៧ ​សង្កាត់​បឹងកេងកង​ ១ ​រាជធានី​ភ្នំពេញ​។

សត្វតោ​នោះ​មាន​អាយុ ១៨ ខែ​ និង​ទម្ងន់ ៧០ គីឡូក្រាម ​ហើយ​ក្រោយ​ការដកហូត ក្រុម​ជួយសង្គ្រោះ​បាន​បញ្ជូន​សត្វ​តោ​នេះ​ទៅ​កាន់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​។

ស្របពេល​មាន​ការជជែក​គ្នាច្រើន​នៅតាម​បណ្តាញ​សង្គម​ជុំវិញ​បញ្ហា​នេះ មាន​គណនី​ហ្វេសប៊ុក​មួយ​ដែល​ឈ្មោះថា Qi Xiao ដែល​ទំនងជា​ម្ចាស់​សត្វ​តោ​បាន​សរសេរ​បង្ហោះ​កាលពី​ថ្ងៃទី ២៩ មិថុនា​ថា រូបគេ​នឹង​ទទួលយក​ការពិន័យ​ដែល​រដ្ឋ​ដាក់ពិន័យ ចំពោះ​អំពើ​ល្មើស​ក្នុង​ការចិញ្ចឹម​សត្វព្រៃ ដោយ​គ្មាន​ការអនុញ្ញាត​។ ប៉ុន្តែ​រូបគេ​នឹង​សុំ​សិទ្ធិ​ចិញ្ចឹម​ដោយ​ស្របច្បាប់​ដោយ​គ្រាន់តែ​សង្ឃឹមថា រដ្ឋាភិបាល​អាច​បើក​ចិត្ត និង​អនុញ្ញាត​ឱ្យ​លោក​បាន​ទទួលយក​តោ​របស់​ខ្លួន​មក​ចិញ្ចឹម​វិញ​។

គណនី​នេះ​បញ្ជាក់ថា​៖ «​ខ្ញុំ​គ្រាន់តែ​ស្រឡាញ់​សត្វ​ប៉ុណ្ណោះ​មិនមែន​ត្រឹមតែ​ជា​សត្វតោ និង​ឆ្កែ​ទេ នៅមាន​សត្វ​ពពែ​ទៀត​ចិញ្ចឹម​ជាមួយ​សត្វ​តោ​ជាមួយគ្នា​។ ដើម្បី​កុំឱ្យ​សត្វ​តោ​បំភ័យ​ប្រជាជន ខ្ញុំ​បានធ្វើ​របង​រនាំង​ខ្ពស់​បាំង ហើយ​វា​មាន​សុខភាព​ល្អ មិនដែល​ត្រូវបាន​គេ​ធ្វើបាប​រំលោភបំពាន​»​។

គណនី​នេះ​បាន​សរសេរ​បន្តទៀត​ថា​សត្វតោ​នេះ​បាន​ស៊ី​សាច់គោ​ឆ្អិន ៦ ​គីឡូក្រាម​ក្នុង​ ១ ​ថ្ងៃ ទឹកដោះគោ ១ ​គីឡូក្រាម​។ «​វា​ត្រូវបាន​ខ្ញុំ​ចិញ្ចឹម​តាំងពី​នៅ​តូច​ហើយ​ក៏មាន​មនោសញ្ចេតនា​»​។

ភ្នំពេញ ​ប៉ុស្តិ៍​ បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកបកប្រែ​របស់​ម្ចាស់​តោ​ដែលជា​ជនជាតិ​ចិន ប៉ុន្តែ​ត្រូវបាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។

ចំណែក​លោក គាំ សីហា នាយករង​ខណ្ឌ​ទទួលបន្ទុក​រួម​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ដូចគ្នា​ថា ពួកលោក​សុំ​ពេល​ធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ​ជាមុនសិន​។

លោក ញឹក រតនពេជ្រ ប្រធាន​មជ្ឈមណ្ឌល​សួនសត្វ​ភ្នំ​តាម៉ៅ​ថ្លែង​ពី​ម្សិលមិញ ដោយ​ប្រាប់​ពី​ស្ថានភាព​ការវិវឌ្ឍ​ថ្មីៗ​នៃ​សត្វ​តោ​នោះ​។ លោក​បញ្ជាក់ថា​៖ «​យើង​មើល​ទឹកមុខ​វា​គឺ​វា​បង្ហាញ​ពី​ការមិន​សប្បាយចិត្ត​អ៊ីចឹង​ហើយ​នៅពេល​បាន​ម្ចាស់​វា ទៅលេង​ គឺ​បាន​បន្ថយ​សម្ពាធ​ខ្លះ​ដល់​វា​។ តែ​ពេលវេលា​នឹង​ធ្វើឱ្យ​ការផ្លាស់ប្តូរ​របស់​វា ទៅ​តាម​លក្ខខណ្ឌ​ធម្មជាតិ និង​អាច​រស់នៅ​ក្នុងព្រៃ​បាន​វិញ​ឆាប់ៗ​»​។

លោក ញឹក រតនពេជ្រ នៅតែ​យល់ថា សត្វតោ​នេះ​គួរតែ​ត្រូវបាន​ត្រឡប់មក​រស់នៅ​ក្នុងព្រៃ​ជាមួយ​សត្វព្រៃ​ដទៃទៀត​ឱ្យ​ស្របតាម​ស្ថានភាព​ជីវសាស្ត្រ​នៃ​សត្វព្រៃ​វិញ​ព្រោះ​វា បាន​រងគ្រោះ​ដោយ​ការបន្សុំា ដើម្បី​មក​រស់នៅ​ដូច​សត្វស្រុក​ម្តង​រួចមកហើយ​។

លោកបាន​រៀបរាប់ថា​៖ «​ពី​ក្នុង​ដំណាក់កាល​ពី​ការរស់នៅ​ក្នុងព្រៃ មក​រស់នៅ​ជាមួយ​មនុស្ស គឺ​វា​មាន​ការលំបាក​ ១ ​ហើយ ដែលជា​បញ្ហា​ក្នុង​ជីវិត​របស់​វា ធ្មេញ​ត្រូវ​កាត់ ក្រញាំ​ត្រូវ​ដក​។ នៅពេល​វា​ផ្លាស់ប្តូរ​ពី​ការរស់នៅ​ជាមួយ​មនុស្ស មក​រស់ក្នុង​ព្រៃ​វិញ​វា​ក៏​ជួប​ការពិបាក​ម្តងទៀត​ហើយ​។ ដូច្នេះ​យើង​ទាមទារ​ឱ្យ​វា​ត្រឡប់មក​រស់នៅ​ និង​ស៊ីសាច់​ស្រស់​ជា​អាហារ​តាម​ធម្មជាតិ​របស់​វា​វិញ​»​។

បើតាម លោក​ រតន ​ពេជ្រ នៅពេល​សត្វ​តោ​ ១ ​ក្បាល​នេះ​ អាច​បន្សុំា​ទៅនឹង​ធម្មជាតិ​បាន​ហើយ នោះ​មន្ត្រី​នឹង​បញ្ជូន​វា​ឱ្យទៅ​រស់នៅ​ជាមួយ​សត្វតោ​ចំនួន​ ៤ ​ក្បាល​ផ្សេងទៀត ដើម្បី​ឱ្យ​វា​មានជីវិត​រស់នៅ​ជា​សត្វព្រៃ​តាម​បែប​ធម្មជាតិ​៕

វីដេអូ៖