ភ្នំពេញៈ តំណាងប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍លើវិស័យសកម្មភាពមីន តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលក្នុងគោលដៅបញ្ចប់ការគំរាមកំហែង ដោយសារមីននៅកម្ពុជានៅត្រឹមឆ្នាំ ២០២៥ បានសាទរ និងគាំទ្រចំពោះអាជ្ញាធរមីនដែលអនុវត្តគម្រោងបោសសម្អាតមីនដោយជោគជ័យ។
ការសាទរនេះ ខណៈអាជ្ញាធរមីនបានបញ្ជាក់ថា គិតពីដើមឆ្នាំមកត្រឹមខែមិថុនានេះ បានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីបានចំនួន ២ ២២១ គីឡូម៉ែត្រការ៉េដោយរកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្ស បានជាង ១,១ លានគ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២ ៥៦០៣ គ្រាប់ និងសំណល់ជាតិផ្ទុះជាង ២,៩ លានគ្រាប់ ដោយផ្ដល់ផលដល់ពលរដ្ឋជាង ៣,៣ លានគ្រួសារស្មើនឹងជាង ៧,១ លាននាក់។
នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី ៤ តាមរយៈប្រព័ន្ធវីដេអូកាលពីម្សិលមិញ ដើម្បីពិនិត្យលើលទ្ធផលសម្រេចបានក្នុងឆមាសទី ១ និងផែនការសកម្មភាពការងារក្នុងឆមាសទី ២ ឆ្នាំ ២០២១។
កិច្ចប្រជុំនេះដឹកនាំដោយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន តំណាងរាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍នានារួមមាន អង្គការ UNDP ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃសាធារណរដ្ឋកូរ៉េ (KOICA) និងប្រទេសនូវែលសេឡង់។
កិច្ចប្រជុំនេះធ្វើឡើងក្នុងបំណងពិនិត្យលើលទ្ធផលសម្រេចបានក្នុងឆមាសទី១ និងផែនការសកម្មភាពការងារក្នុងឆមាសទី២ ឆ្នាំ ២០២១ នៃការអនុវត្តគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤។
លោក លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ នេះ និងបានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍លើវិស័យសកម្មភាពមីននៅកម្ពុជា។
លោកបានថ្លែងថា៖ «តាមការវិភាគលទ្ធផលនៃការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ (NMAS) គឺផែនការរយៈពេល ៣ ឆ្នាំដំបូងបានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវភាពចាំបាច់ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងកៀរគរធនធានបន្ថែម និងការបង្កើតឱ្យមានក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សាលើវិធីសាស្ត្របោសសម្អាត និងការរំដោះផ្ទៃដីប្រកបដោយសុវត្ថិភាព និងលឿនជាងមុន។ លទ្ធផលដំបូងនេះបានក្លាយជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តផែនការរយៈពេល ៣ ឆ្នាំលើកទី ២ របស់យើងចាប់ពីឆ្នាំ ២០២១-២០២៣»។
លោកទេសរដ្ឋមន្ត្រីថ្លែងទៅកាន់អង្គប្រជុំអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើការរៀបចំគោលការណ៍ភូមិអស់ការគំរាមដោយសារមីន (Mine Free Village Guideline) ដែលនឹងត្រៀមរៀបចំសាកល្បងនៅក្នុងខេត្តកែប ហើយលទ្ធផលនេះនឹងត្រូវបង្ហាញនៅចុងឆ្នាំនេះព្រមទាំងនឹងត្រូវដាក់ចេញឱ្យអនុវត្តនៅទូទាំងប្រទេសផងដែរ។
លោក Nick Beresford តំណាងអង្គការ UNDP ប្រចាំកម្ពុជាបានសាទរចំពោះអាជ្ញាធរមីនដែលបានអនុវត្តដោយជោគជ័យនូវគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដោយបានសហការយ៉ាងជិតស្និទ្ធជាមួយ UNDP ក្នុងរយៈពេលជាង ១៥ ឆ្នាំកន្លងមក។
លោកថ្លែងថា៖ «តាមរយៈកិច្ចសហការនេះគឺដើម្បីរួមគ្នាបន្តដំណើរជួយសង្គ្រោះជីវិត និងរំដោះដីសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយអង្គការ UNDP នៅតែបន្តតាំងចិត្តយ៉ាងមុតមាំ និងឈរជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥»។
លោក Ryan Tierney លេខាទូតទី១ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានគាំទ្រចំពោះការដាក់ចេញនូវគ្រប់សកម្មភាពក្នុងផែនការអនុវត្តគម្រោង។
លោកជឿជាក់លើសមត្ថភាពរបស់អាជ្ញាធរមីនក្នុងការអនុវត្តគម្រោងរហូតដល់ឆ្នាំ ២០២៥ និងការសម្របសម្រួលពីដៃគូ UNDP ក្នុងគម្រោងបោសសម្អាតមីនដំណាក់កាលទី ៤ នឹងទទួលជោគជ័យតាមផែនការដែលបានឯកភាព។
រីឯលោកស្រី JI Yea Kyung នាយករងប្រចាំប្រទេសនៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ KOICA នៅកម្ពុជាបានទទួលស្គាល់ថា រាល់សកម្មភាពដែលបានដាក់ចេញក្នុងផែនការវិស័យសកម្មភាពមីននៅកម្ពុជាពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងគាំទ្រដែលគម្រោងបានផ្តោតលើខេត្តអាទិភាព។
លោកស្រីថ្លែងថា៖ «រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េមានសេចក្តីសប្បាយរីករាយដែលបានធ្វើជាដៃគូ និងជាមិត្តល្អជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីជាប្រយោជន៍ដល់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាក្នុងនោះការចូលរួមគាំទ្រដល់ការងារបោសសម្អាតមីនមិនមែនគ្រាន់តែដើម្បីថែរក្សាសន្តិភាពប៉ុណ្ណោះទេគឺដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់ភាពរុងរឿងរបស់ប្រទេសកម្ពុជា»។
ចំណែកលោក Elliott Kirton តំណាងស្ថានទូតប្រទេសនូវែលសេឡង់ប្រចាំនៅប្រទេសថៃក៏បានសម្តែងការពេញចិត្តចំពោះការគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី ៤ នេះផងដែរ។
បើតាមអាជ្ញាធរមីន អង្គប្រជុំនេះបានឯកភាពគ្នាលើចំណុចមួយចំនួនក្នុងនោះរួមមាន ១- អាជ្ញាធរមីន និង UNDP រៀបចំធ្វើបច្ចុប្បន្នភាពឯកសារគម្រោង (Project Document) ដើម្បីបន្ថែមសកម្មភាពចាំបាច់មួយចំនួន បន្ទាប់ពីការវាយតម្លៃនានាក្នុងការអនុវត្តកន្លងមក ២- បន្តសកម្មភាពគម្រោងតាមផែនការឆមាសទី ២ ឆ្នាំ ២០២៣ ឯកភាពលើដំណើរទស្សនកិច្ចពិនិត្យប្រតិបត្តិការបោសសម្អាតមីននៅទីវាល និងពិនិត្យតម្រូវការនានារបស់ប្រជាជន បន្ទាប់ពីទទួលដីសុវត្ថិភាព។
អាជ្ញាធរមីនបញ្ជាក់ថា ផ្ទៃដីដែលបានបោសសម្អាតមីនរួចត្រូវបានយកមកប្រើសម្រាប់វិស័យកសិកម្ម ៨៧ ភាគរយ និងផ្ទៃដីនៅសល់ត្រូវបានប្រើសម្រាប់គោលបំណងផ្សេងទៀតដូចជា សាងសង់លំនៅឋានសាលារៀន មណ្ឌលសុខភាពហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយគ្រោះថ្នាក់ជាដើម៕