The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី កបប ចុះ​ហាមឃាត់​ការដាក់​លក់​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ




មន្ត្រី កបប ចុះ​ហាមឃាត់​ការដាក់​លក់​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ

Content image - Phnom Penh Post
មន្ត្រី ក.ប.ប ចុះ​ត្រួតពិនិត្យ​តាម​ឱសថស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​កន្លងមក​។ រូប ក.ប.ប

មន្ត្រី កបប ចុះ​ហាមឃាត់​ការដាក់​លក់​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ

ភ្នំពេញៈ មន្ដ្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប) នៅ​ថ្ងៃទី​ ២៩ ខែមិថុនា បាន​បើក​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ និង​ត្រួតពិនិត្យ​ហាមឃាត់ ការដាក់​លក់​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ​នៅ​តាម​ទីផ្សារ ឱសថស្ថាន​នានា​នៅ​រាជធានី​ភ្នំពេញ ក្រោយពី​​ក្រសួង​សុខាភិបាល មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ និង​ដាក់លក់​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​នេះ​។

លោក ហេង មាលី ប្រធាន​សាខា ក.ប.ប រាជធានី​ភ្នំពេញ​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ នា​ថ្ងៃទី​ ៣០ ខែមិថុនា​ថា ក្នុងពេល​ចុះ​អនុវត្ដ​យុទ្ធនាការ​ផ្សព្វផ្សាយ និង​ត្រួតពិនិត្យ​ហាមឃាត់​ការដាក់​លក់​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ​កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា ឱសថស្ថាន​ចំនួន​ ៨៦ ក្នុង​ខណ្ឌ​ចំនួន​ ៣ នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ចុះ​ផ្សព្វផ្សាយ និង​ត្រួតពិនិត្យ​ហាម​ដាក់លក់​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ការអនុវត្ដ​យុទ្ធនាការ​នេះ គឺ​មន្ត្រី​ជំនាញ​បាន​ចុះ​ផ្សព្វផ្សាយ និង​ត្រួតពិនិត្យ​ការដាក់​លក់​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ​យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ និង​ដាក់លក់​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ​លើ​ទីផ្សារ​ទេ​»​។

ឱសថស្ថាន​ដែលមាន​ទីតាំង​ស្ថិតនៅ​ម្តុំ​ផ្សារ​អូឡាំពិក និង​ផ្សារ​តាប៉ាង ដែលមាន​ឱសថស្ថាន​ចំនួន ៨៦ ក្នុង​ខណ្ឌ​ចំនួន​ ៣ ក្នុងនោះ​មាន​ខណ្ឌ​បឹងកេងកង ខណ្ឌ​ ៧ ​មករា និង​ខណ្ឌ​ដូនពេញ​ត្រូវបាន​មន្ដ្រី​ជំនាញ​ចុះ​អនុវត្ដ​យុទ្ធនាការ​។

លោក មាលី បញ្ជាក់ថា​៖ «​ជា​លទ្ធផល ឱសថស្ថាន​ទាំងអស់​នោះ​ពុំមាន​ដាក់លក់ និង​ពុំដែល​ធ្លាប់មាន​លក់​ឧបករណ៍​តេស្ត​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ឡើយ និង​បាន​ណែនាំ​ឱសថស្ថាន​ទាំង​ ៨៦ ​ទីតាំង មិនឱ្យ​មានការ​ដាក់លក់​បើ​មិនមាន​ការអនុញ្ញាត និង​ទទួល​ស្គាល់​ពី​ក្រសួងសុខាភិបាល​»​។

លោក​បន្តថា​៖ «​ក្រោយ​ការស៊ើបអង្កេត និង​សាកសួរ ជា​លទ្ធផល​យើង​អាច​សនិ្នដ្ឋាន​បាន​ថា នៅលើ​ទីផ្សារ​ធំៗ ជាពិសេស​ឱសថស្ថាន គឺ​មិន​មានការ​ដាក់តាំង​លក់​ឧបករណ៍​តេស្ត​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ​ទេ​»​។

ក្រោយ​ត្រួតពិនិត្យ មន្ដ្រី​ជំនាញ​បាន​ធ្វើការ​ណែនាំ​ទៅដល់​អាជីវករ និង​ឱសថស្ថាន​ទាំងអស់​បើសិនជា​ទទួល​បាន​ព័ត៌មាន ឬ​ឃើញ​មាន​ការលក់ដូរ ឧបករណ៍​តេស្ត​រក​អង់ទីគ័​ការពារ​ជំងឺ​កូវីដ​ ១៩ ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ ឬ​ក្រសួង​សុខាភិបាល ដើម្បី​ចាត់វិធានការ​ច្បាប់ ចំពោះ​ជន​លក់ដូរ​ឧបករណ៍​តេស្ត​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ​នេះ​។

ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ២១ ខែមិថុនា​បានប្រកាស​ហាមឃាត់​ការចែក​ចាយ​លក់ និង​ធ្វើតេស្ត​រហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ​ដោយ​ប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ដែល​គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល​។ ក្រសួង​ក៏បាន​ព្រមាន​ចាត់វិធានការ​តឹងរ៉ឹង ចំពោះ​សេវា​សុខាភិបាល​ឯកជន​ណា​ដែល​នៅតែ​ឆ្លៀត​ប្រើប្រាស់​ឧបករណ៍​ជាប់​បម្រាម​ទាំងនេះ​។

ការប្រកាស​ហាមឃាត់ និង​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​គណនី​ហ្វេសប៊ុក​ចំនួន​ ៤ ​គឺ​ ១ ​បងប្រុស​ទី​ពីរ​,២ LengKuchnika Pol,៣Srey Nit,៤TMS-Trust Medical Services បាននិង​កំពុង​ផ្សព្វផ្សាយ​លក់​ឧបករណ៍​តេស្ដ​រហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​ ១៩ ​ទាំងនេះ ដោយ​គ្មាន​ចុះ​លេខ​បញ្ជិកា និង​ពុំមាន​ការទទួល​ស្គាល់​ពី​ក្រសួងសុខាភិបាល​។ ក្រសួង​បានឱ្យ​ដឹងថា ក៏មាន​សេវា​សុខាភិបាល​ឯកជន​មួយចំនួន​ទៀត​ក៏​កំពុង​យក​ឧបករណ៍​ទាំងនេះ​ទៅ​ធ្វើ​តេស្ត​ជូន​ពលរដ្ឋ​យ៉ាង​អនាធិបតេយ្យ​ផងដែរ​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​៖ «​តេស្ត​រហ័ស​រក​អង់ទីគ័រ​ការពារ​កូរីដ​ ១៩ ​ដែល​កំពុង​ចរាចរ​ខាងលើនេះ​គឺ​ពុំមាន​ការចុះ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​នៅឡើយ ហើយក៏​ពុំទាន់​មាន​ការទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ​នៅឡើយ​ដែរ ហើយ​លទ្ធផល​ដែល​បានមកពី​ការប្រើប្រាស់​តេស្ត​ទាំងនេះ គឺ​មិនអាច​ជឿជាក់​បានឡើយ​»​។

លោកស្រី លី អៃឡែន តំណាង​អង្គការ WHO ប្រចាំ​កម្ពុជា ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា​ថា គ្មាន​ការចាំបាច់​ទេ​ក្នុង​ការធ្វើតេស្ដ​រក​អង់ទីគ័រ ក្រោយពេល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​រួច​ ដោយសារ​រហូតមក​ដល់ពេលនេះ​អង្គការ WHO មិនបាន​ផ្ដល់​អនុសាសន៍​ឱ្យ​អនុវត្ដ​វិធីសាស្ដ្រ​ស្វែងរក​អង់ទីគ័រ​បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​នេះ​ទេ​។

លោកស្រី​ថ្លែងថា គ្រប់​វ៉ាក់សាំង​ដែល​បាន​ប្រើប្រាស់​រហូតមកដល់​ពេលនេះ គឺ​សុទ្ធតែ​បានទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ដែលជា​វ៉ាក់សាំង​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅក្នុង​គ្រាអាសន្ន និង​បានធ្វើ​តេស្ដ​បញ្ជាក់​តាម​លក្ខណៈ​វិទ្យាសាស្ដ្រ​ និង​ឆ្លងកាត់​ការបញ្ជាក់​ជាច្រើន​ទាក់ទង​ទៅនឹង​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍