ភ្នំពេញៈ រដ្ឋបាល​រាជធានី-ភ្នំពេញ​បាន​ឱ្យដឹងថា ប្រតិបត្តិករ​ប្រមូល​សំរាម​ថ្មី​ចំនួន​ ៣ នឹង​ចាប់ផ្តើម​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅតាម​តំបន់​ចំនួន ​៣ នៃ​ខណ្ឌ​ទាំង​ ១៤ ដោយឡែក​ពីគ្នា ចាប់ពី​ថ្ងៃទី​ ១ ខែ កក្កដា ឆ្នាំ​ ២០២១ តទៅ ដែល​ការផ្លាស់ប្តូរ​ប្រតិបត្តិករ​ចាស់​ទៅ​ថ្មី​បែបនេះ អាច​ប្រឈម​ជាមួយ​នឹង​បញ្ហា​រអាក់រអួល​ខ្លះៗ​។

សេចក្តី​ជូនដំណឹង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី ៣០ មិថុនា បាន​ឱ្យដឹង​ទៀតថា ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited នឹងត្រូវ​ផ្តល់​សេវា​ក្នុង​តំបន់​ទី​១ ដែល​មាន​ ៥ ​ខណ្ឌ គឺ​ខណ្ឌ​ទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌ​សែនសុខ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែកព្នៅ​។

ចំណែក​ក្រុមហ៊ុន Mizuda Group Co, Ltd នឹងត្រូវ​ផ្តល់​សេវា​ក្នុង​តំបន់​ទី​២ ដែលមាន​ ៥ ​ខណ្ឌ គឺ ខណ្ឌដូនពេញ ខណ្ឌ​៧មករា ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​កំបូល ខណៈ​ក្រុមហ៊ុន CINTRI (Cambodia/Everbright (China) នឹងត្រូវ​ផ្តល់​សេវា​ក្នុង​តំបន់​ទី​៣ ដែល​មាន ៤ ​ខណ្ឌ គឺ ខណ្ឌ​ចំការមន ខណ្ឌ​បឹងកេងកង ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារអំពៅ​។

សេចក្ដី​ជូនដំណឹង​ដដែល​នេះ​បាន​បញ្ជាក់ថា​៖ «​ក្នុងដំណាក់កាល​អន្តរកាល​នៃ​ការផ្ទេរ​ការផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​ពី​ប្រតិបត្តិករ​ចាស់ ទៅ​ប្រតិបត្តិករ​ថ្មី គឺ​អាច​នឹងមាន​ភាពរអាក់រអួល​ខ្លះៗ​នៃ​ការផ្តល់សេវា ជាពិសេស​នៅ​តំបន់​ដែល​ទទួលខុសត្រូវ​ដោយ​ប្រតិបត្តិករ​ថ្មី​»​។

ដូច្នេះ​រដ្ឋបាល​រាជធានីភ្នំពេញ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ មេត្តា​វេចខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម សំណល់​រឹង​របស់ខ្លួន តាម​ការកំណត់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​ថែរក្សា​អនាម័យ និង​បរិស្ថាន​នៅ​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ស្អាត​ល្អ​ជានិច្ច និង​មេត្តា​យោគយល់​ចំពោះ​ភាពរអាក់រអួល​នៃ​ការចាប់ផ្តើម​​ដំបូង​នេះ​។

លោក ពៅ តារា ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​តំបន់​ភ្នំពេញ​ថ្មី​រំពឹង​ថា ដំណើរការ​ថ្មី​នៃ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ទាំង​ ៣ នេះ​នឹង​ធ្វើឱ្យ​បញ្ហា​ជុំវិញ​សំរាម លែង​សូវ​កើតមាន​។

ការរំពឹង​យ៉ាង​ដូច្នេះ ក៏​ព្រោះតែ​លោក​យល់ថា​៖ «​បើ​ពីមុន​យើង​មានតែ​ក្រុមហ៊ុន​ស៊ីនទ្រី​ ១ ដល់​ពេល​ឥឡូវ យើង​មាន​ក្រុមហ៊ុន ២ បន្ថែម​ទៀត អ៊ីចឹង​យើង​មាន​ការប្រកួតប្រជែង​។ នៅពេល​ខាង​ក្រុមហ៊ុន​មាន​តែ​ម្នាក់​មាន​តែឯង មិនសូវ​ជា​គិតគូរ​ប៉ុន្មាន​ទេ និង​មានការ​ខ្វះចន្លោះ​ច្រើន ដល់ពេល​មាន​ដៃគូ​ប្រកួតប្រជែង​បែបនេះ ខ្ញុំ​គិតថា នឹង​ល្អប្រសើរ​ជាង​មុន​»​។

ក្រៅពី​ភាពល្អប្រសើរ​នៃ​ការប្រមូល​សំរាម​លោក ពៅ តារាសង្ឃឹម​ថា ការប្រកួតប្រជែង​បែបនេះ​នឹង​ចូលរួម​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​បុគ្គល​ប្រមូល​សំរាម​ឱ្យ​ពួកគាត់​មាន​កម្លាំងចិត្ត កាន់តែខ្លាំង​ក្នុង​ការបំពេញ​ការងារ​របស់​ពួកគាត់​។

ជាមួយ​នឹង​ការប្រកាស​ពី​ប្រតិបត្តិការ​ថ្មី​នេះ ក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា​ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយនឹង​ក្រសួងបរិស្ថាន ជុំវិញ​កិច្ចសហប្រតិបត្តិការ​កិច្ចគាំពារ​បរិស្ថាន និង​ការផ្គត់ផ្គង់​រថយន្ត​ដឹក​សំរាម​នៅ​កម្ពុជា​។

លោក ជា ស៊ីណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​បាន​និយាយថា ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ដើម្បី​បង្កើត​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ ២ ​លើ​ការពង្រឹង​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ដោយមាន​ការបញ្ជា​ទិញ និង​ផ្គត់ផ្គង់​រថយន្ដ​ដឹក​សំរាម​ផងដែរ​។

បន្ថែម​ពីនេះ​លោក​ថា ភាគី​ទាំង​ ២ ​ក៏​ធ្វើការ​រួមគ្នា​ក្នុង​ការលើកកម្ពស់​អនាម័យ សោភណភាព បរិស្ថាន​ចូលរួម​លើកកម្ពស់​ផលិតផល ដែល​ផលិត​ក្នុងស្រុក ជំរុញ​លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​មានការ​ស្នេហា​ជាតិ​ទៀតផង​។

ក្រុមហ៊ុន អិលវីអិមស៊ីហូលឌីង គឺជា​ក្រុមហ៊ុន​តំណាង​ចែកចាយ​ផ្តាច់មុខ​រថយន្ត SsangYong ដែលជា​រថយន្ត​ស៊េរី​ទំនើប​មានដូចជា រថយន្ត​ SUV, Compact SUV, រថយន្ត PickUp ដែល​ពេញនិយម​នៅ​កម្ពុជា​។

លោកស្រី ម៉ៅ គន្ធា ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​ អិលវីអិមស៊ី ហូលឌីង បាន​និយាយថា ក្រុមហ៊ុន​ខ្លួន​ក៏​ធ្វើការ​ចែកចាយ​ផ្គត់ផ្គង់​រថយន្ត​ដឹក​សំរាម​ដែល​ដំឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​ផ្ទេរ​បច្ចេកវិទ្យា ព្រមទាំង​ជំនាញ​ក្នុង​ការដំឡើង​រថយន្ដ និង​ទទួលខុសត្រូវ​ក្នុង​ការផ្គត់ផ្គង់​គ្រឿងបន្លាស់ ការធានា និង​សេវាកម្ម​ជួសជុល​ផងដែរ​៕

វីដេអូ៖