ភ្នំពេញៈ ​អតិថិជន​របស់​ក្រុមហ៊ុន GoldFX បាន​បដិសេធ​ទទួល​យក​ដំណោះស្រាយ​ដែល​ក្រុមហ៊ុន​ផ្តល់​សំណង​ឱ្យ​ពួកគេ​ប្រមាណ​ពី ២០% ទៅ ៣០ % ប៉ុណ្ណោះ នៃ​ចំនួន​ប្រាក់​ដែល​ពួកគេ​បានដាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​។ ពួកគេ​បាន​ប្តេជ្ញា​នឹង​បន្ត​តវ៉ា​ទាមទារ​យកប្រាក់​របស់​ពួកគេ​វិញ​ឱ្យបាន ១០០% ឬ យ៉ាងហោចណាស់​ ៨០%​។

លោក ហឿន ទិត្យ ដែលជា​ជនរងគ្រោះ និង​ជា​តំណាង​អតិថិជន​ផ្សេងទៀត បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣០ ខែមិថុនា ថា​លោក​មិន​យល់​ទាល់តែសោះ ចំពោះ​ក្រុមហ៊ុន​ដែល​ផ្តល់​សំណង​ត្រឹមតែ​ ២០ ទៅ ៣០ % ជូន​អតិថិជន​របស់ខ្លួន ខណៈ​អតិថិជន​បានដាក់​ប្រាក់​វិនិយោគ​ ១០០ % ជាមួយ​ក្រុមហ៊ុន​។

លោក​បាន​បញ្ជាក់ថា អតិថិជន​របស់​ក្រុមហ៊ុន​នេះ​នឹង​នៅតែ​បន្ត​តវ៉ា ឱ្យ​ផ្តល់​សំណង​ឱ្យបាន ១០០ % ឬ​យ៉ាងហោចណាស់​ក៏បាន ៨០ % ដែរ​។ បើតាម​លោក ហឿន ទិត្យ បច្ចុប្បន្ននេះ ក្រុមហ៊ុន​បាន​ផ្តល់ឱ្យ​អ្នក​ដាក់​លុយ​វិនិយោគ​មាន​ចំនួន​ចាប់ពី ៥ ០០០ ​ដុល្លារ​ចុះក្រោម ដើម្បី​បំបែក​សំឡេង​កុំឱ្យ​មាន​ការប្រមូលផ្តុំ​តវ៉ា​ច្រើន​ថែមទៀត ខណៈ​អ្នក​ដែល​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ចាប់ពី ៥ ០០០ ​ដុល្លារ​ឡើង គឺ​ខាង​ភាគី​ក្រុមហ៊ុន មិនទាន់​កោះ​ហៅ​ដោះស្រាយ​នោះទេ​។

លោក ហឿន ទិត្យ ថ្លែងថា​៖ «​ពួកខ្ញុំ​ស្នើសុំ ទៅខាង​ក្រុមហ៊ុន ដើម្បី​ចរចា​ទៀត​ឱ្យបាន​ខ្ពស់ជាង​ហ្នឹង​ទៀត​យ៉ាងហោចណាស់​ក៏បាន ៨០ ទៅ ៩០ % ដែរ បើ​មិនបាន ១០០ % ​នោះ ប៉ុន្តែ​មកដល់​ពេល​នេះ គាត់​អត់​ព្រម​ចេញមុខ​មកជួប​ពួកខ្ញុំ​ទេ គាត់​ប្រើតែ​មេធាវី ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​បាន​គំរាមថា បើ​មិន​យក ២០ ទៅ ៣០ % នេះ ទេ​អ្នក​ក្រោយ គឺ​មិន​ទទួលបាន​នោះទេ​»​។

បើតាម​លោក​ ហឿន ទិត្យ រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​មិនទាន់​មានការ​ឆ្លើយតប​ ឬ​ផ្តល់​ដំណោះស្រាយ​នៅឡើយ​ទេ ខណៈដែល​អតិថិជន​ក៏​បាន​ដាក់​លិខិត​ទៅ​ក្រុមហ៊ុន GoldFX នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និយតករ​មូលបត្រ​កម្ពុជា និង​ក៏បាន​ដាក់ជូន​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឱ្យជួយ​អន្តរាគមន៍​ផងដែរ​។

អតិថិជន​ម្នាក់ទៀត​ដែលជា​ជនរងគ្រោះ​ដែរនោះ​គឺ លោក សេង សុធារ៉ា ដែល​បានដាក់​ទុនវិនិយោគ​ជាមួយ​ក្រុមហ៊ុន​ជាង​ ៥ ​ម៉ឺន​ដុល្លារ​បានឱ្យ​ដឹងថា លោក​មិនអាច​ទទួល​យក​បាន​នោះទេ​ចំពោះ​សំណង​ដែល​ក្រុមហ៊ុន​ប្រកាស​សង​ប្រមាណ ២០ ទៅ​ ៣០% ជូន​អតិថិជន​នេះ ព្រោះ​លោក​បាន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ១០០ %​។

លោក សេង សុធារ៉ា បន្តថា លោក​កំពុង​រង់ចាំ​ខាង​ភាគី​ក្រុមហ៊ុន​កោះហៅ​ឱ្យ​ទទួលយក​សំណង និង​សួរ​ទៅខាង​ភាគី​ក្រុមហ៊ុន​វិញ​ថា «​ខ្ញុំ​មាន​កុងត្រា និង​ឯកសារ​គ្រប់គ្រាន់​ឱ្យ​ប៉ុណ្ណឹង​មកវិញ​យ៉ាងម៉េច គាត់​សំអាង​លើ​អ្វី​?»​។ បើ​ខាង​ក្រុមហ៊ុន​នៅ​តែ​បដិសេធ ហើយ​សម្រេច​ឱ្យនូវ​ចំនួន ២០ ​ទៅ​ ៣០ % នេះ​លោក និង​អតិថិជន​ផ្សេងទៀត​នឹង​បន្ត​ដាក់​ញត្តិ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ឱ្យជួយ​អន្តរគមន៍​ពី​បញ្ហា​នេះ​។

លោក សេង សុធារ៉ា ថ្លែងថា​៖ «​យើង​យកលុយ​ទៅ​ដាក់​រកស៊ី​ជាមួយ​គាត់ ហើយ​គាត់​ចេញ​លិខិតបញ្ជាក់​មួយ​ឱ្យមក​យើង​ធានាថា លុយ​មិន​បាត់បង់​ទេ​ ប៉ុន្តែ​មកដល់​ពេលនេះ គាត់​បែរជា​ពុំមាន​ការដោះស្រាយ​ជូន​ជនរងគ្រោះ ហើយ​ដោះស្រាយ​តែ ២០ ទៅ ៣០ % ទៀត​»​។

លោក ជា រ័ត្នសាវុធ មេធាវី​តំណាងឱ្យ​ក្រុមហ៊ុន GoldFX បានឱ្យ​ដឹងថា លោក ក៏​ជា​អ្នក​កាន់​សំណុំរឿង​របស់​ក្រុមហ៊ុន GoldFX នេះ ហើយ​ក្រុមហ៊ុន​បាន​ដោះស្រាយ​ជូន​ជនរងគ្រោះ​ពី ២០ ទៅ ៣០ % រួចហើយ ប៉ុន្តែ​រឿង​អតិថិជន​តវ៉ា​យ៉ាងម៉េច លោក អត់​ដឹង​ទេ ព្រោះ លោក កាន់តែ​សំណុំរឿង​នៅក្នុង​តុលាការ​ប៉ុណ្ណោះ​។

ទោះជា​យ៉ាងណា​លោក​មេធាវី​រូបនេះ​បញ្ជាក់​ថា ក្រុមហ៊ុន GoldFX មាន​ក្រុមការងារ​មួយក្រុម​ទៀត​ជា​អ្នកដោះស្រាយ​រឿងនេះ លោក មិន​ហ៊ាន​ឆ្លើយ​ជំនួស​គេ​នោះទេ​។ លោក​ ជា រ័ត្នសាវុធ ​ថ្លែងថា​៖ «​អ៊ីចឹង បើ​ខ្ញុំ​ឆ្លើយ​ទៅ វា​ខុស​គោលការណ៍​របស់គេ កុំឱ្យ​ខុសពី​ការពិត​»​។

លោក ប៉ាច បញ្ញារិទ្ធិ ដែលជា​អ្នកទទួលបន្ទុក​លើ​ការដោះស្រាយ​បញ្ហា​នេះ របស់​ក្រុមហ៊ុន Gold-FX បាន​ប្រាប់ថា មកដល់​ពេលនេះ ក្រុមការងារ​របស់លោក​បាន​ដោះស្រាយ​ជូន​អតិថិជន​បាន​ច្រើន​ហើយ ប៉ុន្តែ​លោក មិន​បាន​បញ្ជាក់​ពី​ចំនួន​អតិថិជន​មាន​ប៉ុន្មាន​ដែល​ទទួលបាន និង មូលហេតុ​ដែល​អតិថិជន​មួយចំនួន​បដិសេធ​ទទួល​យក​ដោយ​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​រង់ចាំ​មេធាវី​របស់ខ្លួន​ខល​មក​ប្រាប់​វិញ​។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី ១៨ ខែ​មិថុនា ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO., LTD.) បានឱ្យដឹងថា ស្របតាម​យន្តការ​ដំណោះស្រាយ​ដែល​បាន​ដាក់ចេញ​កន្លងមក និង​លុបបំបាត់​ព័ត៌មាន​មិន​ពិត​ផ្សេងៗ ក្រុមហ៊ុន​នឹង​ធ្វើការ​ណាត់ជួប​គ្រប់​អតិថិជន​ជា​ជនរងគ្រោះ​ទាំងអស់​ ដើម្បី​បន្ត​ជួបពិភាក្សា​រក​ដំណោះស្រាយ​រួមមួយ​ពី​ការខូចខាត​ដែល​កើតមាន​ពី​សកម្មភាព​ជួញដូរ​ចាប់ពី​ថ្ងៃទី​ ២១ ខែមិថុនា​ឆ្នាំ​ ២០២១ នេះ​តទៅ​។

ក្រុមហ៊ុន​ពន្យល់ថា ការអនុវត្ត​យន្ត​ការជួប​ជាមួយ​គ្រប់​អតិថិជន​ទាំងអស់ រក​ដំណោះស្រាយ​នេះ ខាង​ក្រុមហ៊ុន​នឹង​ធ្វើការ​ណាត់ជួប​ជាមួយ​អតិថិជន​ម្នាក់ៗ​តាម​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​របស់​អតិថិជន​ដែលមាន​ស្រាប់ ដើម្បី​អញ្ជើញ​អតិថិជន​មក​ទីស្នាក់ការ​ក្រុមហ៊ុន ឬ​អតិថិជន​ដែល​មានបំណង​ផ្តល់ព័ត៌មាន ឬ​សាកសួរ​ព័ត៌មាន​បន្ថែម​មក​ក្រុមហ៊ុន គឺ​អតិថិជន​អាច​ទំនាក់ទំនង​មក​ក្រុមហ៊ុន​រៀងរាល់​ម៉ោង​ធ្វើការ​។

ក្រុមហ៊ុន​ក៏បាន​អំពាវនាវ​ឱ្យ​អតិថិជន​ទាំងអស់​អត់ធ្មត់ និង​រង់ចាំ​ចំណាត់ការ​នៃ​យន្តការ​នេះ​របស់​ក្រុមហ៊ុន​ជា​បន្តបន្ទាប់ ព្រោះ​ក្នុងអំឡុង​ពេលនេះ​ទាំង​ក្រុមហ៊ុន និង​អតិថិជន​សុទ្ធតែ​ត្រូវគោរព​តាម​គោលការណ៍​គន្លង​ថ្មី​នៃ COVID19 ដើម្បី​សុវត្ថិភាព ស្របតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​។

ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន តាមរយៈ​យន្តការ​ដំណោះស្រាយ ដែល​បាន​ដាក់ចេញ ក្រុមហ៊ុន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទាំង​ក្រុមហ៊ុន​ផ្ទាល់ និង​អតិថិជន ដែលជា​ជនរងគ្រោះ​ដូចគ្នា ពិតជា​ទទួលបាន​នូវ​ដំណោះស្រាយ​មួយ​សមស្រប​ជាក់​ជាមិនខាន​ស្របតាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​​ធរមាន​៕

វីដេអូ៖