ភ្នំពេញៈ ក្រុមហ៊ុន​ Facebook និង​អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា​បានដាក់​ដំណើរការ​យុទ្ធនាការ​មួយ​ឈ្មោះថា #ReportItDontShareIt ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការកេងប្រវ័ញ្ច​កុមារ​តាម​អនឡាញ ដោយ​ត្រូវ​រាយការណ៍​ និង​កុំ​ចែករំលែក​។

អង្គការ​ APLE ​កម្ពុជា​បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា​ថា​៖ «​ប្រសិនបើ​កុមារ​ម្នាក់​ស្ថិតក្នុង​ហានិភ័យ​គេ​អាច​ទូរស័ព្ទ និង​រាយការណ៍​ករណីនេះ​ទៅកាន់​នគរបាល​តាមរយៈ​លេខ​សង្គ្រោះ​បន្ទាន់ ១២៨៨ ឬ​ទូរស័ព្ទ​ទៅកាន់​អង្គការ​ APLE​ ដែលមាន​លេខ​ ០៩២ ៣១១ ៥១១»​។

«​ប្រសិនបើ​នរណាម្នាក់​ឃើញ​រូបភាព​បែប​រំលោភបំពាន​កុមារ​នៅលើ​បណ្ដាញ​សង្គម Facebook ​ពួកគេ​អាច​រាយការណ៍​រូបថត​ ឬ​វីដេអូ​នោះ​ទៅកាន់​ក្រុមហ៊ុន​ហ្វេសប៊ុក និង​មន្ត្រី​អនុវត្ត​ច្បាប់ ដោយ​មិនត្រូវ​ចែករំលែក ទាញយក​ ឬ​បញ្ចេញមតិ​យោបល់​នៅលើ​មាតិកា​នោះឡើយ​»​។

យុទ្ធនាការ​នេះ​មាន​គោលបំណង​ ដើម្បី​អប់រំ​សាធារណជន​អំពី​គ្រោះថ្នាក់​ដែល​បង្កឡើង​ ដោយ​ការចែករំលែក​រូបភាព ឬ​វីដេអូ​រំលោភបំពាន​ផ្លូវភេទ​កុមារ និង​របៀប​រាយការណ៍​មាតិកាប្រភេទ​នេះ​ទៅ​កាន់​មន្ត្រី​អនុវត្តន៍​ច្បាប់ និង​ក្រុមហ៊ុន​ Facebook​។

អង្គការ​ APLE ​កម្ពុជា​បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា​ថា យុទ្ធនាការ​នេះ​បានទទួល​ការគាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រុមប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​កុមារ​។ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គឺជា​ក្រសួង​នាំមុខ​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​គិតគូរ​ពី​សុវត្ថិភាព​កុមារ​កម្ពុជា​លើ​ប្រព័ន្ធ​អនឡាញ ហើយ​បាន​ផ្តួចផ្តើម​រួចមក​នូវ​យុទ្ធនាការ​លើកកម្ពស់​ការយល់ដឹង​ក្នុងចំណោម​សាធារណជន​ពី​ហានិភ័យ​ដែល​អាច​កើតមាន​ឡើងលើ​បណ្តាញ​អ៊ីនធឺណិត​នាពេល​កន្លងមក​។

លោក សំលៀង សីលា នាយក​ប្រតិបត្តិ​អង្គការ APLE បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​យើង​មាន​ក្តីរីករាយ​យ៉ាងខ្លាំង​ដែល​បានធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​ Facebook ​ដើម្បី​ដាក់​ដំណើរការ​យុទ្ធនាការ​នេះ​ដែល​នឹង​អាចឱ្យ​មានការ​យល់ដឹង​កាន់តែ​ប្រសើរ​អំពី​ថា តើ​ការចែករំលែក​រូបភាព​ ឬ​វីដេអូ​រំលោភបំពាន​ផ្លូវភេទ​កុមារ​តាម​អនឡាញ​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​កុមារ​ដែល​ត្រូវបាន​បង្ហាញ​ក្នុង​មាតិកា​នោះ​កម្រិតណា និង​ថា ​តើ​មនុស្សពេញវ័យ អាចធ្វើ​អ្វី​បាន​ដើម្បី​ទប់ស្កាត់​ការចែកចាយ​រូបភាព​រំលោភបំពាន​កុមារ​ទាំងនេះ​។

អង្គការ APLE អំពាវនាវ​ជាបន្ទាន់​ទៅកាន់​សាធារណជន​ឱ្យ​ចូលរួម​គាំទ្រ​ដល់​ការបង្ការ​ការរំលោភបំពាន​ផ្លូវភេទ​កុមារ​តាម​អនឡាញ​តាមរយៈ​ការចែករំលែក​វីដេអូ​យុទ្ធនាការ​នេះ និង​រាយការណ៍​អំពី​បទល្មើស​។

លោក សំលៀង សីលា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែមិថុនា​ថា ចាប់ពី​ដើមឆ្នាំ​ ២០២១ រហូតមកដល់​ពេលនេះ​មាន​ជាង​ ៥០ ​ករណី​ត្រូវបាន​រាយការណ៍​តាមរយៈ​ទូរស័ព្ទ​បន្ទាន់​ពាក់ព័ន្ធ​នឹង​ការសង្ស័យ​លើ​ការប្រព្រឹត្ត​អំពើ​កេងប្រវ័ញ្ច​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​នៅ​ក្នុងនោះ​មាន​ការផ្សព្វផ្សាយ និង​ផលិត​រូបភាព​អាសអាភាស និង​ការគំរាមកំហែង​ខាង​ផ្លូវភេទ​។

លោក​ថ្លែងថា​៖ «​យុទ្ធនាការ​នេះ​គឺ​សំដៅ​ចង់​អប់រំ​ណែនាំ​អ្នក​ដែល​ប្រើ​បណ្តាញ​ហ្វេសប៊ុក​ទាំងអស់ ជា​សាធារណជន​ហ្នឹង​ឱ្យដឹងថា​រូបភាព​ទាំងអស់​ហ្នឹង​មិនគួរ​ចែកចាយ​ទេ​ហើយ​បើ​គាត់​ឃើញ​មាន​ការចែកចាយ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ឬ​កម្មវិធី​អនឡាញ​ផ្សេងទៀត​គាត់​អាច​រាយការណ៍​តាមរយៈ​ហ្វេសប៊ុក ឬក៏​តាមរយៈ​អង្គការ​ Aple ​ឬក៏​ទៅ​សមត្ថកិច្ច​ផ្ទាល់​»​។

លោក សូវិ សុទ្ធី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែមិថុនា​ថា​ថ្មីៗ​នេះ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​គាំទ្រ​ដល់​ក្រុមហ៊ុន FACEBOOK និង​អង្គការ APLE ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រព័ន្ធ​រាយការណ៍​ប្រកបដោយ​ភាព​សម្ងាត់ លើ​ករណី​រំលោភបំពាន​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា​។

លោក​ថ្លែងថា ក្រសួង​របស់លោក​បាន​ជួយ​ពង្រីក​ការផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​ពី​ប្រព័ន្ធ​រាយការណ៍ និង​ផលប្រយោជន៍​នៃ​ការរាយការណ៍​បន្ថែមទៀត​ដល់​សាធារណជន​គោលដៅ​កាន់តែច្រើន​។ ក្រសួង​ក៏បាន​លើក​ទឹកចិត្ត​ដល់​ប្រតិបត្តិករ​ទូរគមនាគមន៍ ក្រុមហ៊ុន​ថ្នាល​ឌីជីថល និង​អ្នកបង្កើត​មាតិកា​ព័ត៌មាន​ផ្សេងៗ​ទៀត​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​គិតគូរ​ពី​សុវត្ថិភាព​កុមារ​លើ​បណ្តាញ​អ៊ីនធឺណិត និង​ដាក់​បញ្ចូល​អន្តរាគមន៍​នានា​ទៅក្នុង​គោលនយោបាយ​របស់​ក្រុមហ៊ុន​ខ្លួន​។

កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ ក្រសួង​ប្រៃសណីយ៍ បាន​ផ្តួចផ្តើម​រៀបចំ​យុទ្ធនាការ​ដែលមាន​ឈ្មោះថា «​យុទ្ធនាការ​គិតគូរ​កូន​» ​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​ហានិភ័យ​នៃ​ប្រព័ន្ធ​អនឡាញ​ចំពោះ​កុមារ​ដោយ​ផ្តល់ព័ត៌មាន និង គន្លឹះ​សំខាន់ៗ ដល់​កុមារ​មាតា-បិតា អាណាព្យាបាល និង​អ្នកពាក់ព័ន្ធ​អំពី​ហានិភ័យ​វិធីសាស្ត្រ​ការពារ និង​ដោះស្រាយ​បញ្ហា​នានា​ដែល​អាច​កើតមានឡើង​ពេល​កុមារ​ប្រើប្រាស់​ប្រព័ន្ធ​​អ៊ីនធឺណិត​។

លោក​ សុទ្ធី ថ្លែងថា យុទ្ធនាការ​នេះ​ត្រូវបាន​ចាប់ផ្តើម​ស្របពេល​ដែលមាន​កុមារ​ច្រើនឡើង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​នេះ ហើយ​បញ្ហា​នៃ​ការរំលោភបំពាន​ជាច្រើន​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​ជាពិសេស​ក្នុងអំឡុងពេល រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​តែង​បាន​គាំទ្រ និង​ជំរុញ​ដល់​ប្រតិបត្តិករ​ទូរគមនាគមន៍ អ្នកបង្កើត​មាតិកា និង​ក្រុមហ៊ុន​ថ្នាល​ឌីជីថល​ផ្សេងទៀត​ឱ្យ​ចូលរួមបាន​កាន់តែច្រើន​ក្នុង​កិច្ចការពារ​កុមារ​លើ​ប្រព័ន្ធ​អនឡាញ​ដើម្បី​ធានាថា កុមារ​កម្ពុជា​មានឱកាស​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ប្រកបដោយ​សុវត្ថិភាព​»​។

អ្នកនាង Malina Enlund ប្រធាន​ផ្នែក​គោលនយោបាយ​សុវត្ថិភាព​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន Facebook បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ការបង្ការ​ និង​ការលុបបំបាត់​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​ផ្លូវភេទ​កុមារ​តាម​អនឡាញ​តម្រូវឱ្យមាន​វិធីសាស្ត្រ​ឆ្លង​ឧស្សាហកម្ម​មួយ​។

អ្នកនាង​ថា​៖ «​ក្រុមហ៊ុន ​Facebook ប្តេជ្ញាចិត្ត​ចំពោះ​ការធ្វើ​ការងារ​របស់​យើង​ដើម្បី​ការងារ​កុមារ​ទាំង​នៅក្នុង និង​ក្រៅ​កម្មវិធី​បណ្តាញ​សង្គម​នានា (Apps) ​របស់​យើង​។ យើង​កំពុង​ជ្រើស​យក​វិធីសាស្ត្រ​ផ្អែកលើ​ការស្រាវជ្រាវ​ ដើម្បី​បង្កើត​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែល​រារាំង​ដល់​ការចែករំលែក​សម្ភារ​កេងប្រវ័ញ្ច​កុមារ​»៕